ជាតិ
សង្គមអន្តរជាតិ
ខួប៤ឆ្នាំរដ្ឋប្រហារ៖របបសឹកថៃគ្រោងចេញវីដេអូនិងសៀវភៅបង្អួតពីសមិទ្ធផលខ្លួនខំកសាងយ៉ាងលំបាក
× នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខួបបួនឆ្នាំនៃការគ្រប់គ្រងប្រទេសថៃដោយរបបសឹកដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា នឹងមកដល់ហើយ។ ដើម្បីប្រារព្ធខួបនេះផងដែរ របបសឹកថៃ ក៏បានត្រៀមចេញផ្សាយខ្សែវីដេអូ និងសៀវភៅ ដែលនិយាយពីការខិតខំប្រឹងប្រែងបង្រួបបង្រួម និងដឹកនាំប្រទេសកន្លងមក។
ឧបនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ Marshal Prajin Juntong នៅថ្ងៃ១០ ឧសភា បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងតែផលិតខ្សែវីដេអូ និង សៀវភៅស្តីពីសមិទ្ធផលនៃការដឹកនាំរាជាណាចក្រថៃក្រោមរបបសឹកនារយៈពេលបួនឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។
តាមប្រភពព័ត៌មានដដែលនោះ លោកឧបនាយករដ្ឋមន្ត្រី ដែលជាអគ្គមេបញ្ជាការកងទ័ពអាកាសរូបនេះ បានលើកឡើងថា វីដេអូនិងសៀវភៅដែលត្រូវចេញផ្សាយនោះ នឹងបង្ហាញពីការងារដែលបំពេញដោយរដ្ឋមន្ត្រីទាំង២០រូបក្នុងរបបសឹក, ស្ថានភាពប្រទេសជាតិមុនពេលមានរដ្ឋប្រហារខែឧសភា ឆ្នាំ២០១៤ ក៏ដូចជា បង្ហាញពីសកម្មភាពរដ្ឋាភិបាលក្នុងការនាំប្រទេសឲ្យចាកចេញពីវិបត្តិ ។
តាមលោកឧបនាយករដ្ឋមន្ត្រី ផែនការនៃការចេញផ្សាយនោះ មានគ្របដណ្តប់ទាំងវិស័យការងារផ្ទៃក្នុងប្រទេស និងក្រៅប្រទេស។ ជាពិសេសនោះ វាបានបង្ហាញពីការខិតខំពិតប្រាកដរបស់រដ្ឋាភិបាលរបបសឹកថៃ ដែលមានលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ជាប្រមុខក្នុងការកសាងសន្តិភាព និងមូលដ្ឋានរបស់ប្រទេស និងរួមទាំងការបញ្ចប់ជាមួយនឹងរដ្ឋធម្មនុញ្ញថ្មី និងការៀបចំការបោះឆ្នោតទៀតផង ។
គួររម្លឹកផងដែរ ត្រឡប់ទៅឆ្នាំ២០១៤ រាជាណាចក្រថៃបានប្រឈមភាពតានតឹង និង វិបត្តិនយោបាយដែលពេលនោះមានលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ជានាយករដ្ឋមន្ត្រី។ ដោយសារតែ មិនអាចមើលឃើញប្រទេសស្ថិតនៅក្នុងស្ថានភាពបែបនេះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា នៅថ្ងៃ២២ ឧសភា ឆ្នាំ២០១៤ បានដឹកនាំរដ្ឋប្រហារគ្មានការបង្ហូរឈាមមួយដើម្បីទម្លាក់លោកស្រី យីងឡាក់ពីតំណែង ។
ក្រោយមក លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ក៏ត្រូវបានព្រះមហាក្សត្រថៃ តែងតាំងឲ្យធ្វើជានាយករដ្ឋមន្ត្រីថៃដឹកនាំរដ្ឋាភិបាលយោធា ។ នាអាណត្តិដឹកនាំនេះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ក៏បានកំណត់ផែនការ ដែលជាមាគ៌ាដឹកនាំប្រទេស ដោយលោកបានសន្យាស្តារ និងធានាពីនិរន្តរភាពនៃស្ថិរភាពនយោបាយ តាមរយៈការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងរៀបចំការបោះឆ្នោតផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com