កីឡាជាតិ
ជាតិ
ព្រះមហាក្សត្រ នឹង​ប្រទាន​ភ្លើង​គប់​បើក​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ​
18, May 2018 , 9:39 pm        
រូបភាព
ដោយ:
​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នឹង​ប្រទាន​ភ្លើង​គប់​ដល់​កីឡាករ ដើម្បី​ដង្ហែ​មក​ដុត​បំភ្លឺ​គប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែលជា​ទីតាំង​ប្រារព្ធ​ពិធី​បើក​កីឡា​ជាតិ​លើក​ទី​២ នា​ថ្ងៃទី​២៥ ឧសភា​។ នេះ​បើ​យោងតាម​លិខិត​របស់​ក្រសួងព្រះបរមរាជវាំង​ចុះ​ថ្ងៃទី​១០ ឧសភា ឆ្នាំ​២០១៨​។​



​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​សព្វព្រះរាជហឫទ័យ​ប្រទាន​ភ្លើង​គប់​ដល់​កីឡាករ ដើម្បី​ដង្ហែ​មក​ដុត​បំភ្លឺ​គប់​បើក​កីឡា​ជាតិ​លើក​ទី​២ តប​តាម​ការស្នើ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ពិធី​បើក​កីឡា​ជាតិ​ឆ្នាំនេះ​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុនរ៉ានី ហ៊ុនសែន​។

​លិខិត​ដែល​ប្រថាប់ត្រា​ដោយ​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំបាទ​មាន​កិត្តិយស សូម​គោរព​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បាន​ជ្រាបថា ព្រះករុណា​ជា​អម្ចាស់​លើ​ត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​នឹង​ព្រះរាជទាន​ភ្លើង​គប់​នៅ​កើយ​ខាងមុខ​ព្រះទីនាំង​ទេវាវិន្និច្ឆ័យ​ព្រះបរមរាជវាំង​ដល់​កីឡាករ ដើម្បី​ដង្ហែ​យកទៅ​ដុត​បំភ្លឺ​គប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែលជា​ទីតាំង​ប្រារព្ធ​ពិធី​បើក​កីឡា​ជាតិ​លើក​ទី​២»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៧ ឧសភា កន្លងទៅ បាន​ថ្វាយ​សំណើរ​ទៅ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បី​សុំ​ឲ្យ​ព្រះអង្គ ព្រះរាជ​ប្រទាន​ភ្លើង​គប់​ដល់​កីឡាករ ដើម្បី​ដង្ហែ​យកទៅ​ដុត​បំភ្លឺ​គប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ជា​កន្លែង​ប្រារព្ធ​ពិធី​បើក​កីឡា​ជាតិ​លើក​ទី​២​។​

​ក្នុង​លិខិត​នោះដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានទូល​ថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ ទាក់ទង​នឹង​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៨ ធ្វើឡើង​ក្រោម​ប្រធានបទ​«​កីឡា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​»​។​

​ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ ធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​រៀបចំ​ការប្រកួត និង​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម ដែល​បាន​បណ្តុះបណ្តាល​រួច ដើម្បី​ទទួលបាន​ចំណេះដឹង និង​បទពិសោធ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ​កីឡា​មាន​លក្ខណៈ​ជា​ហ្គេម ក៏ដូចជា​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​កីឡាការិនី​តាម​ប្រភេទ​កីឡា​នីមួយៗ មុន​ឈានទៅ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣៕ 


Tag:
 ព្រះមហាក្សត្រ នរោត្តម សីហមុនី​
  កីឡា​ជាតិ​លើក​ទី​២
© រក្សាសិទ្ធិដោយ thmeythmey.com