ទោះបីជាការចរចាជាមួយអាមេរិកជុំវិញការរំសាយនុយក្លេអ៊ែរនៅស្រពេចស្រពិលក្តី របបដឹកនាំកូរ៉េខាងជើងមានបំណងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនជំនួសឲ្យការកសាងអំណាចយោធាវិញ។ កូរ៉េខាងជើងពេញចិត្តគម្រូសេដ្ឋកិច្ចរបស់ចិន និងវៀតណាម ហើយរដ្ឋនុយក្លេអ៊ែរនេះក៏នឹងរៀនសូត្រតាមកំណែទម្រង់ប្រទេសទាំងពីរនេះដែរដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឲ្យរីកចម្រើនទៅមុខ។
កូរ៉េខាងជើងកំពុងបន្តដាក់គោលនយោបាយស្តារសេដ្ឋកិច្ចខ្លួនឲ្យរីកចម្រើនលូតលាស់ទៅមុខ ក្រោយពេលប្រកាសពីឆន្ទៈបោះបង់កម្មវិធីនុយក្លេអ៊ែរចោល។ បើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Asian Nikkei Review របបដឹកនាំលោក គីម ជុងអ៊ុន មានបំណងដកស្រង់បទពិសោធន៍កែទម្រង់សេដ្ឋកិច្ចចិននិងវៀតណាមដើម្បីមកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកផង។
តាមពិតទៅ ដោយធ្លាប់រៀនសូត្រនៅប្រទេសស្វីសផង លោក គីម ជុងអ៊ុន មិនដែលមានអារម្មណ៍ស្អប់ ប្រព័ន្ធសេដ្ឋកិច្ចមូលធននិយមឡើយ។ លោកប្រហែលជាចង់ឃើញអាគារខ្ពស់ៗ រួមទាំងផលិតផលលោកខាងលិចដូចជា បឺហ្គឺ McDonald’s នៅក្នុងប្រទេសខ្លួនផងដែរ។ ភាពជោគជ័យនៃការបើកចំហរសេដ្ឋកិច្ចរបស់មហាយក្សសេដ្ឋកិច្ចចិន និង ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សវៀតណាម ជារឿងដែលធ្វើឲ្យលោក ចាប់អារម្មណ៍ខ្លាំង។ កាលពីថ្មីៗនេះ លោកបានបញ្ជូនប្រតិភូជាន់ខ្ពស់មួយក្រុមទៅទស្សនកិច្ចនៅចិនផងដែរ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ដើមសប្តាហ៍នេះ ប្រតិភូកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅចិន ដើម្បីដកស្រង់បទពិសោធន៍ និងរៀនសូត្រពីភាពជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់មហាយក្សចិនដែរ។ ប្រតិភូនោះដឹកនាំដោយលោក Pak Thae Son អនុប្រធានគណៈកម្មការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើងបានជួបជាមួយប្រមុខរដ្ឋចិនលោក ស៊ី ជិនភីង និងទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា និងតំបន់សេដ្ឋកិច្ចសំខាន់ៗមួយចំនួនផង។
អ្វីដែលសំខាន់នោះ ប្រតិភូនេះបានជួបសំណេះសំណាលជាមួយលោក ស៊ី ហើយលោកស៊ី បានប្រកាសគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងដែលជ្រើសរើសយកការអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះ។
មហាយក្សចិនចាប់ផ្តើមកំណែទម្រង់សេដ្ឋកិច្ចតែរក្សាប្រព័ន្ធនយោបាយសង្គមនិយមនៅឆ្នាំ ១៩៧៨ ពេលដែលប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់លោក តេង ស៊ាវភីង។ ពេលនោះចិនបានបើកចំហរសេដ្ឋកិច្ចទទួលយកវិនិយោគបរទេស និងចាប់ដៃធ្វើពាណិជ្ជកម្មជាមួយប្រទេសនានាពាសពេញពិភពលោក ហើយការបើកចំហរនេះហើយបានធ្វើឲ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោកនោះ។
ដូច្នេះហើយ ការដកស្រង់ពិសោធន៍របស់ចិន ហើយយកមកអនុវត្តក្នុងគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុកប្រហែលជានឹងមានផលវិជ្ជមានច្រើនចំពោះកូរ៉េខាងជើង។ ម្យ៉ាងចិនដែលជាខ្នងបង្អែកនយោបាយ និងការទូតរួមទាំងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងជើងនេះក៏ប្រហែលជាពេញចិត្តខ្លាំងនឹងជួយគាំទ្រនិងប្រឹក្សាកូរ៉េខាងជើងឲ្យដើរលើផ្លូវដែលខ្លួនធ្លាប់ដើរដែរ។
ដោយឡែកកន្លងមកសហរដ្ឋអាមេរិកក៏ធ្លាប់ប្រកាសផងដែរថា បើសិនជាកូរ៉េខាងជើងនេះព្រមបោះបង់អាវុធនុយក្លេអ៊ែរទាំងស្រុង អាមេរិកនឹងជួយប្រមែរប្រមូលជំនួយឬវិនិយោគបរទេសដើម្បីគាំទ្រកូរ៉េខាងជើងអភិវឌ្ឍសេដ្ឋកិច្ចថែមទៀតផង។
-កំណែទម្រង់សេដ្ឋកិច្ចវៀតណាមក៏ជាគម្រូសេដ្ឋកិច្ចដែលកូរ៉េខាងជើងកំពុងពិចារណាដែរ
ក្រៅពីគម្រូសេដ្ឋកិច្ចចិន មេដឹកនាំកូរ៉េខាងជើងក៏ជាប់ចិត្តនឹងការកែទម្រង់សេដ្ឋកិច្ចរបស់វៀតណាមកន្លងមក។ កូរ៉េខាងជើងរំពឹងថា ខ្លួនអាចនឹងប្រើប្រាស់គម្រូនោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខ្លួនទៅថ្ងៃមុខផងដែរ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Maeil Business ក្នុងជំនួបប្រវត្តិសាស្ត្រថ្ងៃ ២៧ ខែមេសាកន្លងជាមួយប្រធានាធិបតី មូន ចេអ៊ីន លោក គីម ជុងអ៊ុន បានបង្ហើបថា លោកចង់ជ្រើសរើសការកែទម្រង់តាមវៀតណាម។
វៀតណាមចាប់ផ្តើមអនុវត្តគោលនយោបាយកែទម្រង់សេដ្ឋកិច្ច ដូយមឺយ (Doi Moi) នៅឆ្នាំ ១៩៨៦ ហើយតាមរយៈការកែទម្រង់នេះ វាបានត្រួសត្រាយផ្លូវឲ្យវៀតណាមអភិវឌ្ឍសេដ្ឋកិច្ចបានរហ័ស និងក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកឆ្នាំ ២០០៧ ផងដែរ។ ប៉ុន្តែកំណែទម្រង់នេះក៏ស្ថិតក្រោមឥទ្ធិពលនៃគោលនយោបាយកែទម្រង់សេដ្ឋកិច្ចរបស់ចិនដែរ។
-គីម ជុងអ៊ុន ស្នើឲ្យកងទ័ពគាំទ្រកំណែទម្រង់សេដ្ឋកិច្ចជាតិ
ដោយឡែក លោក គីម ជុងអ៊ុន ក៏បានទាមទារឲ្យកងទ័ពកូរ៉េខាងជើងទាំងអស់នាំគ្នាគាំទ្រដល់ដំណើរការកសាងសេដ្ឋកិច្ចជាតិនឹងចាប់ផ្តើមបោះជំហានទៅមុខ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA លោក គីម បានថ្លែងបែបនេះក្នុងពេលផ្តល់សុន្ទរថាទៅកាន់គណៈកម្មការយោធាមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង។ លោក គីម បានស្នើឲ្យយោធាការពារ និងធានាពីការអនុវត្តគោលនយោបាយដែលអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មការមជ្ឈិមបក្សកាលពីខែមេសាកន្លងមក ដោយមានគោលដៅធានាការកសាងសេដ្ឋកិច្ចសង្គមនិយម។
ក្រៅពីស្នើឲ្យយោធាគាំទ្រការកែទម្រង់សេដ្ឋកិច្ច មេដឹកនាំកំពូលរូបនេះបានឆ្លៀតកោតសរសើរដល់យោធាកូរ៉េខាងជើងទាំងអស់ដែលបានប្រឹងប្រែងគោរពកាតព្វកិច្ចការពារជាតិ និងបន្តធ្វើជាកម្លាំងស្នូលនៃចលនាបដិវត្តន៍ និង ការកសាងសេដ្ឋកិច្ចបែបសង្គមនិយម៕