ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ឆ្លើយតបនឹងកង្វល់រឿងក្រុមហ៊ុនវៀតណាមចង់ដាំបន្លែនៅកម្ពុជា
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ករណីវិនិយោគិនវៀតណាមចង់ដាំបន្លែនៅកម្ពុជា គឺគេគ្រាន់តែបង្ហាញបំណងបោះទុនលើវិស័យលើវិស័យកសិកម្ម ដោយមិនទាន់មានការអនុម័តចេញជាគម្រោងផ្លូវការនោះទេ។ ក្រសួងបន្តថា តែប្រសិនគម្រោងនេះដំណើរការមែននោះ ក្រុមហ៊ុននឹងសហការជាមួយកសិករដាំបន្លែសរីរាង្គ។
បន្ទាប់ពីមានមតិរិះគន់ និងការព្រួយបារម្ភចំពោះករណីថាក្រុមហ៊ុនវៀតណាមមានបំណងបោះទុនដាំបន្លែ ផ្លែឈើនៅកម្ពុជា ក្រសួងកសិកម្ម នៅថ្ងៃទី១៨ខែឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌មានដើម្បីបំភ្លឺពីបញ្ហានេះ។
«ករណីនេះ គឺអ្នកវិនិយោគវៀតណាម គ្រាន់តែបង្ហាញពីគោលបំណងនៃការបោះទុនវិនិយោគលើវិស័យកសិកម្មផ្នែកដំណាំស្បៀងសុវត្ថិភាពប៉ុណ្ណោះ»។ ក្រសួងកសិកម្មបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដូចនេះ។
តែមួយវិញទៀត ក្រសួងបានពន្យល់ថា ប្រសិនបើគម្រោងនេះដំណើរការ ក្រុមហ៊ុនវៀតណាមនឹងសហការជាមួយកសិករដាំបន្លែ ផ្លែឈើ សរីរាង្គ និងមានចុះកិច្ចសន្យាកសិកម្ម សម្រាប់ផ្គត់ផ្គង់សណ្ឋាគារនៅកម្ពុជា និងវៀតណាម។
ក្នុងពេលថ្មីៗនេះ សាធារណជនមួយចំនួន ព្រមទាំងអ្នកជំនាញពីអង្គការសង្គមស៊ីវិលផងដែរ បានបង្ហាញក្ដីកង្វល់ និងរិះគន់ក្រសួងកសិកម្ម បន្ទាប់ពីក្រសួងមួយនេះបានប្រកាសពីគោលបំណងរបស់ក្រុមហ៊ុនវៀតណាម FLC Group ចង់បោះទុនលើវិស័យកសិកម្មនៅកម្ពុជា។ មានមតិថាប្រទេសវៀតណាមជាប់ឈ្មោះមិនល្អចំពោះការផលិតបន្លែផ្លែឈើ ហើយការបោះទុននៅកម្ពុជា អាចធ្វើឲ្យបះពាល់ទាំងសុខភាពប្រជាជន និងធ្វើឲ្យខូចឈ្មោះកម្ពុជា បើបន្លែត្រូវបាននាំចេញ។
ទន្ទឹមនឹងនេះក៏មានការរិះគន់រដ្ឋាភិបាលថា កម្ពុជាជាប្រទេសកសិកម្ម មិនគួរឲ្យក្រុមហ៊ុនបរទេសចូលមកផលិតបន្លែផ្លែឈើនៅទីនេះឡើយ ហើយរដ្ឋាភិបាលគួរណាស់តែជួយជ្រោមជ្រែងកសិករ៕
Tag:
សេដ្ឋកិច្ច៖ បន្លែ
កសិកម្ម
ក្រុមហ៊ុនវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com