អវត្តមានកីឡាករបរទេសជាមួយក្រសួងការពារជាតិ បានក្លាយជាក្តីកង្វល់សម្រាប់គ្រូបង្វឹក ភា សុភ័ក្ត្រា ក្នុងការតទល់ជាមួយក្រុមចំណូលថ្មីវិសាខា សម្រាប់ជំនួបសប្តាហ៍ទី៦នៃលីគកំពូលកម្ពុជា នៅម៉ោង៣រសៀលថ្ងៃទី១៩ ឧសភានេះ។ ចំណែក លោក ហុក សុជីវ័ន្ត គ្រូបង្វឹកក្រុមវិសាខាបានអះអាងថា ក្រុមលោកបានត្រៀមខ្លួនយ៉ាងល្អទាំងទម្រង់ប្រយុទ្ធ និងកីឡាករ
។
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ហាក់បង្ហាញក្តីបារម្ភចំពោះការអវត្តមានកីឡាករបរទេសសម្រាប់ជំនួបតទល់ជាមួយក្រុមវិសាខា។ នាជំនួបសប្តាហ៍ទី៦នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានវេស្ទើនភ្នំពេញរសៀលនេះ ក្រសួងការពារជាតិនៅសល់កីឡាករបរទេសជនជាតិកូរ៉េខាងត្បូងតែពីររូបប៉ុណ្ណោះ គឺខ្សែប្រយុទ្ធ Na Hyo-sang និងខ្សែបម្រើ Song Chi-hun។
ការប្រើប្រាស់កីឡាករបរទេសតែពីររូបនៅលើទីលាននេះ បន្ទាប់ពីខ្សែការពារកូរ៉េខាងត្បូង Yoo Jae-ho មានជំងឺ និងខ្សែបម្រើជប៉ុន Yudai Ogawa ជាប់ពិន័យក្រោយទទួលបានកាតលឿនចំនួន៣ មិនអាចចូលរួមបាន។ ហើយកាលពីពេលថ្មីៗក្រុមនេះបានបញ្ចប់កិច្ចសន្យាជាមួយកីឡាករជប៉ុន Daiki Matsumoto ថែមទៀតផង។
គ្រូបង្វឹកកម្រិត A រូបនេះបានអះអាងថា លោកនឹងប្រើប្រាស់ធនធានកីឡាករកម្ពុជា ដើម្បីជំនួសតួនាទីកីឡាករបរទេសទាំងនេះ ក្នុងការតទល់ជាមួយវិសាខា ជាជំនួបដែលទ័ពទន្ទឹងរង់ចាំជាយូរមួយនេះ។ ទន្ទឹងរង់ចាំ ដោយសារកាលពីមុនបើករដូវកាលថ្មីក្លិបវិសាខាបានទាក់ទាញកីឡាករបរទេសជនជាតិកូរ៉េខាងជើងចំនួន៤រូបពីក្រុមក្រសួងការពារជាតិ។ ត្រង់ចំណុចនេះហើយ ដែលគ្រូទ័ព ចាត់ទុកវិសាខាជាក្រុមមានបទពិសោធខ្ពស់ មិនខ្ចីដូចគេថា ជាក្រុមចំណូលថ្មី។
ទោះបីមិនមានវត្តមានកីឡាករបរទេសគ្រប់គ្រាន់ក៏ដោយ តែលោក ភា សុភ័ក្ត្រា បានអះអាងថា ក្រុមលោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការតទល់ជាមួយក្រុមចំណូលថ្មីមួយនេះ។ នៅពេលសួរថា តើកីឡាករកូរ៉េខាងជើងដែលចេញពីទ័ពទៅចូលរួមជាមួយវិសាខាអាចជាឧបសគ្គសម្រាប់ទ័ពដែរទេ? លោក សុភ័ក្ត្រា អះអាងថា មិនជាបញ្ហានោះទេ លោកមានវិធីសាស្ត្រការពាររួចហើយ ព្រោះលោកធ្លាប់រស់នៅជាមួយពួកគេ។
ជាមួយគ្នានេះ លោក ហុក សុជីវ័ន្ត គ្រូបង្វឹកក្រុមវិសាខា ក៏អះអាងពីត្រៀមខ្លួនបានល្អមិនខុសពីគ្រូទ័ពឡើយ។ ហើយលោកបានអះអាងថា ក្រុមលោកមិនបញ្ហារឿងកីឡាករដូចទ័ពនោះទេ ពោលគឺកូនក្រុមលោកនៅពេញជើងទាំងអស់។ «យើងបានត្រៀមរួចរាល់សម្រាប់ការប្រកួតតតាំងជាមួយក្រសួងការពារជាតនៅរសៀលនេះ ព្រោះលីគយើងបានសម្រាកពីរសប្តាហ៍ ធ្វើឲ្យយើងមានពេលគ្រប់គ្រាន់ក្នុងការពង្រឹងសមត្ថភាព»។ នេះជាការលើកឡើងរបស់លោក ហុក សុជីវ័ន្ត។
តែតាមរយៈបទពិសោធន៍លេងក្នុងក្របខណ្ឌកំពូលកម្ពុជារបស់ទ័ព បានក្លាយជាក្តីកង្វល់ផងដែរសម្រាប់វិសាខា។ លោក សុជីវ័ន្ត បានលើកឡើងយ៉ាងដូច្នេះថា៖«បើនិយាយពីការប្រៀបធៀប គឺកីឡាកររបស់ក្រសួងការពារជាតិគេលេងជាមួយគ្នាយូរមកហើយ ដូច្នេះគ្រូបង្វឹកស្រួលក្នុងការរៀបចំ និងដាក់កីឡាករឲ្យលេង។ ប៉ុន្តែសម្រាប់យើង វាជាឆ្នាំដំបូង ដូច្នេះយើងមិនអាចប្រើរយៈពេលខ្លី ដើម្បីរៀបចំកីឡាករឲ្យល្អនោះទេ ហើយយើងក៏មិនអាចឲ្យកីឡាករយល់ចិត្តគ្នាភ្លាមៗនោះដែរ»។
ក្រុមវិសាខានឹងបើកទ្វារកីឡដ្ឋានវេស្ទើនភ្នំពេញស្វាគមន៍ក្រុមក្រសួងការពារជាតិ សម្រាប់ជំនួបសប្តាហ៍ទី៦នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅម៉ោង៣រសៀលថ្ងៃទី១៩ ឧសភានេះ ខណៈក្រុមអាស៊ីអឺរ៉ុបស្វាគមន៍ក្រុមអង្គរថាយហ្គឺរនៅកីឡដ្ឋានអាស៊ីអឺរ៉ុប៕