ជាតិ
២៥ខេត្ត/រាជធានី
លោក ចម ប្រសិទ្ធ​៖ អាស៊ីត​ស្យ៉ា​នី​ត​ដែល​ប្រើ​លាង​សម្អាត​រ៉ែ​មាស ជា​ប្រភព​នាំ​ឲ្យ​អ្នកក្រ​ចេះ​ពុល​ស្លាប់​
19, May 2018 , 12:56 pm        
រូបភាព
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម​
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម​
ដោយ: ថ្មីៗ
រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានផ្តល់​របាយការណ៍​សន្និដ្ឋាន​បន្ថែមទៀត ទាក់ទង​នឹង​ករណី​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​នាក់​នៅ​ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ​។ ក្រៅពី​ករណី​ពុល​ស្រា​ដោយសារ​សារធាតុ​មេ​តា​ណុល លោក ចម ប្រសិទ្ធ បាន​អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា អាស៊ីត​ស្យ៉ា​នី​ត (hydrocyanic acid) ដែល​ប្រើប្រាស់​ដើម្បី​លាង​សម្អាត​រ៉ែ​មាស​នៅ​មណ្ឌលគិរី ជា​ប្រភព​ដែល​នាំ​ឲ្យ​ទឹក​ព្រែក​ទេរ មាន​សារធាតុពុល​។​

 
​មនុស្ស​១៣​នាក់​ស្លាប់ និង​ប្រមាណ​៣០០​នាក់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ជា​បន្តបន្ទាប់ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​៤ ខែឧសភា មក​។ អាជ្ញាធរ​បានផ្តល់​ការសន្និដ្ឋាន​បឋម​ថា បណ្តាលមកពី​ការពុល​ទឹក និង​ពុល​ស្រា​។ ក្រោយមក មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បានបញ្ជាក់​ពី​ការរកឃើញ​សារធាតុ​មេ​តា​ណុល​ក្នុង​ស្រា ស ។ បន្ថែម​ពីលើ​ការសន្និដ្ឋាន​ដំបូង ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ដឹកនាំ​ស្ថាប័ន​ជំនាញ រួមមាន​វិទ្យាស្ថាន​ដា មន្ទីរពិសោធន៍ និង​អគ្គនាយកដ្ឋាន​ទឹកស្អាត ចុះ​ស្រាវជ្រាវ​មើល​ប្រភពទឹក​។​

សូមស្តាប់ប្រសាសន៍លោក ចម ប្រសិទ្ធ៖
 

ទាក់ទង​នឹង​ការរកឃើញ​អាស៊ីត​ស្យ៉ា​នី​ត លោក ចម ប្រសិទ្ធ បាន​គូសបញ្ជាក់ថា វា​មាន​ប្រភព​នៅ​ខេត្តមណ្ឌលគិរី ដែល​បង្កឡើង​ដោយ​ក្រុម​រុករក​រ៉ែ​មាស ទាំង​មាន​អាជ្ញា​បណ្ណ និង​គ្មាន​អាជ្ញា​បណ្ណ ដោយ​ពួកគេ​ប្រើប្រាស់​ប្រើប្រាស់​ដើម្បី​លាង​សម្អាត​មាស​។ 
 
​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើកឡើងថា ក្រុម​រុករក​រ៉ែ​មាស​ទាំងនោះ នៅពេល​ប្រើប្រាស់​សារធាតុ​ស្យ៉ា​នី​ត មិនមាន​ប្រព័ន្ធ​ការពារ​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សារធាតុពុល​នេះ​ហូរ​ចូល​ទឹក​ព្រែក​ទេរ ហើយ​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ទឹក​នៅ​ខាងក្រោម នៅជាប់​ព្រំប្រទល់​ខេត្តមណ្ឌលគិរី បណ្ដាល​ឲ្យ​ពុល​ស្លាប់ និង​ត្រូវ​សង្គ្រោះបន្ទាន់​៕
 

Tag:
 ពុលនៅក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com