ជាតិ
អត្ថបទពាណិជ្ជកម្ម
និស្សិត AUPP ទទួល​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ដៃគូ​នៅ​សហរដ្ឋអាមេរិក ជា​លើកដំបូង​
19, May 2018 , 1:45 pm        
រូបភាព
ដោយ:
 
​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានរៀបចំ​ពិធី​ប្រគល់​សញ្ញាបត្រ មកពី​សហរដ្ឋអាមេរិក ដល់​និ​សិ​ត្ស​ជ័យលាភី​របស់ខ្លួន ជា​លើកដំបូង​។ សញ្ញាបត្រ​មកពី​សហរ​ដ្ឋ​អាមេរិក​នេះ  ជា​សញ្ញាបត្រ​បន្ថែម លើ​សញ្ញាបត្រ​របស់ AUPP ដែល​បានប្រគល់​ដល់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និ​សិ​ត្ស​ជ័យលាភី​ជំនា​ន់ទី​២​នេះ ដែល​រៀបចំ​ធ្វើ​នៅក្នុង​សាកលវិទ្យាល័យ AUPP ដែល​ទើប​សង់​រួច​លើ​ផ្ទៃដី​៧​ហិកតា កាលពី​ថ្ងៃទី​១៨ ខែឧសភា​នេះ​។
 
​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អប់រំ រវាង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ជាមួយ សាកលវិទ្យាល័យ​ធំៗ​ពីរ​របស់​អាមេរិក គឺ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (The University of Arizona-UA) និង​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍ (Fort Hays State University-FHSU) បាន​បង្កើត​កម្មវិធីសិក្សា​ដ៏​ពិសេស សម្រាប់​និស្សិត ឲ្យ​ទទួលបាន​សញ្ញាបត្រ​ពីរ (Dual Degree Program)​។ នេះ គឺជា​ឱកាសល្អ​សម្រាប់​និស្សិត​ខ្មែរ​ទាំងអស់ ដោយ​មិនចាំបាច់​ត្រូវ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ឡើយ ហើយក៏​មិនចាំបាច់​ចំណាយ​ថវិកា​ដ៏​សន្ធឹកសន្ធាប់​ទៀត​នោះដែរ​។ ​



គួរ​រំលឹក​ផងដែរ​ថា ក្នុងចំណោម​និស្សិត​ជ័យលាភី​ទាំងអស់ និស្សិត​ជ័យលាភី​ភាគច្រើន នឹង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត ហើយ​ភាគច្រើន​ពួកគេ​ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​។ និស្សិត​ជ័យលាភី​ប្រមាណ ២៥ ភាគរយ នឹង​ប្រកប​របរ​អាជីវកម្ម​ផ្ទាល់ខ្លួន ខណៈ​និស្សិត​ជ័យលាភី​ផ្សេងទៀត បានទទួល​ឱកាស​ការងារ តាម​ជំនាញ​វិជ្ជាជីវៈ   រៀងៗ​ខ្លួន​។​


 
​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ ដូច្នេះ​ថា​៖«​សាកលវិទ្យាល័យ AUPP បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ឱកាស​សម្រាប់​និស្សិត ក្នុងការ​ទទួលបាន​ស​ញ្ញាប​ត្រ​មកពី​សាកលវិទ្យាល័យ​អាមេរិក​»​។ ឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន បាន​បន្ត​ដោយ​សង្ឃឹម​ជឿជាក់​ថ សាកលវិទ្យាល័យ AUPP នឹង​ក្លាយជា​សាកលវិទ្យាល័យ​គំរូ សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ផ្សេងៗ​នៅ​កម្ពុជា និង​ក្នុង​តំបន់​។ 



លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP ក៏បាន​ចូលរួម​អបអរសាទរ និង​កោតសរសើរ ដល់​និស្សិត​ជ័យលាភី​ទាំងអស់ ដែល​ទទួលបាន​ជោគជ័យ ក្នុងការ​សិក្សា​នេះដែរ បន្ទាប់ពី​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​អស់​រយៈពេល​បួន​ឆ្នាំកន្លងមក​នោះ​។ ជាពិសេស​នោះ គឺ​ពួកគេ​ទទួលបាន​សញ្ញាបត្រ​ពី AUPP និង​ពី​សាកលវិទ្យាល័យ​ដៃគូ របស់​AUPP ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com