ជាតិ
អត្ថបទពាណិជ្ជកម្ម
អាជ្ញាធរខេត្តព្រះសីហនុ រួមដៃជាមួយក្រសួងបរិស្ថាន ចាត់វិធានការក្តៅលើបញ្ហាសំរាម
× ក្រុងព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ និងប្រតិភូក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីការគ្រប់គ្រងកាកសំណល់រឹង រាវនៅទីប្រជុំជន កាលពីរសៀលថ្ងៃទី១០ ខែឧសភា នៅសាលាខេត្តព្រះសីហនុ ដើម្បីពិនិត្យបញ្ហាប្រឈមនានា និងពិភាក្សាក្នុងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាមក្នុងក្រុង ស្របពេលដែលខេត្តមួយនេះ កំពុងមានសន្ទុះនៃការរីកចម្រើនខ្លាំង។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងដើម្បីប្រមូលបញ្ហាប្រឈម ដែលកំពុងតែកើតមាន ទាក់ទិននឹងបញ្ហាសំរាម សំណល់រឹង រាវ ក៏ដូចជាដើម្បីស្វែងរកដំណោះស្រាយឲ្យកាន់តែប្រសើរឡើង ក្នុងការគ្រប់គ្រងកាកសំណល់រឹង រាវ នៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ។ ជាពិសេសកាកសំណល់ ទឹកកខ្វក់ដែលហូរចូលសមុទ្រ ដែលនៅជាបញ្ហាប្រឈមខ្លាំងដែលត្រូវដោះស្រាយនោះ។
ស្របពេលដែលខេត្តព្រះសីហនុកំពុងមានសន្ទុះអភិវឌ្ឍលឿននោះ កាកសំណល់រឹង រាវក៏មានកំណើនកើនឡើងផងដែរ។ នេះជាបញ្ហាមួយដែលរដ្ឋបាលខេត្តព្រះសហីនុ កំពុងយកចិត្តទុកដាក់ និងគិតគូរដោះស្រាយជូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីធ្វើឲ្យខេត្តនេះ ក្លាយជាតំបន់ទេសចរណ៍ប្រកបដោយសោភ័ណភាព បរិស្ថានល្អ និងដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តនេះផងដែរ។ ជាក់ស្ដែង រដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្ត និងបន្តអនុវត្តន៍វិធានការ និងដំណោះស្រាយនានា ទាក់ទិនទៅនឹងបញ្ហាកាកសំណល់រឹង រាវក្នុងខេត្ត។ មន្ត្រីជំនាញពាក់ព័ន្ធ បានចុះកាយសំរាម នៅតាមអូរ និងប្រឡាយនានា ក៏ដូចជាការសម្អាតសំរាមតាមតំបន់នានា ក្នុងក្រុងព្រះសីហនុផងដែរ។
ទីភ្នាក់ងារព័ត៌មានកម្ពុជាAKP បានស្រង់សម្តីលោក ហេង ប៉េងហាក់ តំណាងក្រុមហ៊ុនប្រមូលសំរាម KSWM ដោយលោកលើកឡើងថា សំរាមនៅក្រុងព្រះសីហនុ មានការកើនឡើងពី១៧០តោន ក្នុងមួយថ្ងៃ នៅឆ្នាំ២០១៧ រហូតដល់៣០០តោន ក្នុងមួយថ្ងៃក្នុងឆ្នាំ២០១៨នេះ ហើយពីមួយខែទៅមួយខែ សំរាមបានកើនឡើងជាលំដាប់។ លោក ហេង ប៉េងហាក់ ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ គឺផ្លូវចូលទៅទីលានចាក់សំរាម រអិល ដែលនាំឲ្យពិបាក ដឹកជញ្ជូនសំរាមនៅរដូវវស្សា ហើយលោកបានស្នើសុំឲ្យអ្នកពាក់ព័ន្ធជួយសម្រួលបញ្ហាផ្លូវរអិលនេះផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com