កីឡាជាតិ
ជាតិ
កម្ពុជា​ជា​ប្រទេស​គំរូ ដែល​ប្រធាន​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​ហៅ​ទៅ​ចែករំលែក​ពី​ការអភិវឌ្ឍន៍​កីឡា​ជនពិការ​
19, May 2018 , 10:00 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ត្រូវបាន​ប្រធាន​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី ជ្រើសរើស​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ការអភិវឌ្ឍ​វិស័យ​កីឡា​ជនពិការ​ដល់​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី​។ ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​គំរូ​ក្នុង​ក្របខណ្ឌ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​យកចិត្តទុកដាក់​ខ្លាំងជាងគេ​ក្នុងការ​អភិវឌ្ឍ​កីឡា​ជនពិការ​។ បទ​បង្ហាញ​នេះ គ្រោងឡើង​ក្នុងអំឡុងពេល​កម្ពុជា​ចូលរួម Asian Para Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។

 
​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​ត្រូវ​ប្រធាន​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី ជ្រើសរើស​ដើម្បី​ចែករំលែក​បទពិសោធ​ពី​ការអភិវឌ្ឍ​វិស័យ​កីឡា​ជនពិការ​នៅ​កម្ពុជា​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ការផ្តល់​សិទ្ធិ​ដល់​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​លោក Majid Abdullah Murshed Rashed ប្រធាន​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១៣-១៥ ឧសភា កន្លងទៅ​។​
 
​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ជាមួយ​ប្រធាន​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី លោក យី វាសនា បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​លោក Majid ថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​រួច​ផុតពី​សង្គ្រាម មាន​សន្តិភាព និង​បានធ្វើ​ដំណើរ​ក្នុង​លក្ខខណ្ឌ​មួយ​ដ៏​ល្អប្រសើរ ហើយ​លោក​បានចាត់ទុក​កម្ពុជា​ជា​គំរូ​។ ដូច្នេះ​គាត់​បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ទៅធ្វើ​បទ​បង្ហាញ​ពី​ការវិវត្ត​ពី​កម្រិត​ខ្សោយ​ដល់​កម្រិត​ខ្លាំង​ដូច​រាល់ថ្ងៃ​របស់​កម្ពុជា ជូន​ដល់​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី​បានដឹង​»​។ 
 
​អគ្គលេខាធិការ​រូបនេះ បានចាត់ទុក​ការសម្រេច​របស់​ប្រធាន​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​ជា​កិត្តិយស និង​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្នុងការ​រៀបរាប់​ពី​ស្ថានភាព​លំបាក​ដែល​បាន​ជួបប្រទះ​នា​អតីតកាល និង​បច្ចុប្បន្ន​ក្នុងការ​ស្វែងរក​ការគាំទ្រ និង​ជួយឧបត្ថម្ភ​ពី​ស្ថាប័ន​អន្តរជាតិ​ផងដែរ​។​
 
​លោក Majid Abdullah Murshed Rashed ប្រធាន​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​បាន​អះអាងថា ការណ៍​ដែល​លោក​សម្រេច​ជ្រើសរើស​កម្ពុជា ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​មានការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​លើ​ការអភិវឌ្ឍ​វិស័យ​កីឡា​ជនពិការ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត​ក្នុង​ទ្វីបអាស៊ី​។ ម្យ៉ាងទៀត លោក​បានចាត់ទុក​កម្ពុ​ជា​ថា ជា​ប្រទេស​គំរូ ដែល​អាច​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​យកតម្រាប់​តាម​។​
 
«​កម្ពុជា​ជា​ប្រទេស​ធ្វើ​ការងារ​ពិតប្រាកដ មាន​ឆន្ទៈ​ខិតខំ​ប្រឹងប្រែង​ធ្វើការ មិន​ដូច​បណ្តា​ប្រទេសមួយ​ចំនួន​ដេក​មិន​ធ្វើការ ហើយ​ន​យាយ​ថា ខ្លួន​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ គ្មាន​ធនធាន​គ្រប់គ្រាន់ នេះ​ជា​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ​។ ខុសពី​កម្ពុជា ទោះបី​មាន​ការជួយជ្រោមជ្រែង​តិចតួច​ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ខិតខំ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​ការធ្វើការងារ នេះ​ជា​គំរូ​ដែល​ប្រទេស​ដទៃ​គួរ​យកតម្រាប់​តាម​»​។ នេះ​ជាការ​លើកឡើង​របស់លោក Majid Abdullah Murshed Rashed​។    
 
​ពាក់ព័ន្ធ​នឹង​កាលបរិច្ឆេទ​នៃ​ការធ្វើ​បទ​បង្ហាញ​នេះ មិនទាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​។ តែបើ​តាម​គម្រោង​គ្រោង​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុងអំឡុងពេល​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​(Asian Para Games)៕  
  

Tag:
 យី វាសនា​
  ប៉ា​រ៉ា​ឡាំ​ពិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com