ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន នាំគ្នា​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​សំរាម ក្រោយ​បោះជំរំ​នៅ​កោះ​ស្រឡៅ​
20, May 2018 , 9:00 am        
រូបភាព
​កោះកុង​៖ បញ្ហា​សំរាម ពិសេស​សំរាម​ប្លា​ស្ទិ​ក​ដែល​អណ្ដែត​នៅលើ​ទឹក ក្នុង​សហគមន៍​កោះ​ស្រឡៅ បាន​ក្លាយជា​ប្រធានបទ​មួយ​ដ៏​ទាក់ទាញ សម្រាប់​យុវជន​ដែល​ចូល​ដែល​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​កោង​កាង​។ រថយន្តក្រុង ដែល​ពួកគេ​ជិះ​ត្រឡប់មក​ភ្នំពេញ​វិញ ក៏បាន​ក្លាយជា​វេទិកា ជជែក​វែកញែក ពី​ការបំពុល​បរិស្ថាន​ដោយ​សំរាម​ប្លា​ស្ទិ​ក​នេះដែរ​។ ក្នុងការ​ពិភាក្សា​នេះ យុវជន​ខ្លះ​ថា គេ​មិនអាច​បន្ទោស​តែ​ប្រជាជន ឬ​បន្ទោស​តែ​អាជ្ញាធរ​បាន​នោះឡើយ ជុំវិញ​បញ្ហា​សំរាម​នេះ ប៉ុន្តែ​គេ​ត្រូវ​សិក្សា​ពី​កម្រិត​ចំណេះដឹង​ប្រជាពលរដ្ឋ និង​ការបញ្ជ្រាប​ចំណេះដឹង​បរិស្ថាន​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ទៅកាន់​សហគមន៍​។ យុវជន​ខ្លះ​ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម ត្រូវមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​។​



​កញ្ញា មឿ​ន សុខ​ហ័ង បានលើកឡើង​ការយល់ឃើញ​របស់ខ្លួន​មុនគេ ដោយ​អួត​សរសើរ ទេសភាព​ស្រស់ត្រកាល​នៃ​ព្រៃកោងកាង​កោះ​ស្រឡៅ ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​សិន មុននឹង​និយាយ​ដល់​បញ្ហា​សំរាម​។ ចប់​ពីនេះ កញ្ញា មឿ​ន សុខ​ហ័ង បាន​ប្រែ​ទឹកមុខ និង​បន្តថា នាង​ស្រងាកចិត្ត​បន្តិច នៅពេល​បានឃើញ​សំរាម​ជាច្រើន​នៅ​កោះ​ស្រឡៅ​។​



​យុវតី​រូបនេះ បន្ត​ទាំង​មិន​យល់ ពី​មូល​ហេតុដែល​នាំ​ឲ្យ សំរាម​ប្លា​ស្ទិ​ក​យ៉ាងច្រើន​ចោល​គ្មាន​សណ្ដាប់ធ្នាប់ ដូច្នេះ​ដែរ​។ នាង ថែមទាំង​បាន​ចោទសួរ​ទៀតថា តើ​ប្រជាជន មិន​យល់ដឹង​ពី​ការ​ចោល​សំរាម ឬ​អាជ្ញាធរ​នៅ​ទីនោះ មិនបាន​បញ្ជ្រាប​ចំណេះដឹង​ទៅ​ប្រជាជន​? ទោះជា​គ្មាន​ចម្លើយ នឹង​សំណួរ​នេះ​ក្តី តែ​កញ្ញា សុខ​ហ័ង បាន​ចែករំលែក​ទៅកាន់​យុវជន​ដែល​រួម​ដំណើរ​នៅក្នុង​រថយន្ត​ជាមួយគ្នា​ដូច្នេះ​៖«​ភាព​ស្អាត​ផ្ដើមចេញពី​ខ្លួន​យើង​។ សម្រាប់​ខ្ញុំ​បើ​មិនមាន​ធុងសំរាម ខ្ញុំ​សុខចិត្ត​ដាក់​សំរាម​ក្នុង​កាបូប​ទៅផ្ទះ​វិញ​»​។​
 
​យុវជន​ម្នាក់ទៀត គឺ​លោក ញ៉ា ឆាត ក៏​មិនសូវ​សប្បាយ​ចិត្តនឹង​បញ្ហា​សំរាម នៅលើ​កោះ​ស្រឡៅ​នេះដែរ​។ លោក ញ៉ា ឆាត ដែល​ប​ថា​ខ្លួន​ធ្លាប់​ធ្វើការ​ជាមួយ​ជនបរទេស​ច្រើន​នោះ សង្កេតឃើញថា ជនបរទេស​ភាគច្រើន គេ​កម្រ​ប្រើ​ប្លា​ស្ទិ​ក​ដាក់​ចំណីអាហារ​ណាស់ គឺ​គេ​តែងមាន​កូនចាន​តូច​១ ឬ​២ ស្លាបព្រា និង​ចង្កឹះ តាម​កាបូប ទុក​សម្រាប់​ដាក់​ចំណីអាហារ​។ យុវជន​រូបនេះ យល់ថា នេះ​ជា​វិធី​ល្អ​មួយ​ក្នុង​ការបន្ថយ​សំរាម​ប្លា​ស្ទិ​ក ដូច្នេះហើយ រូបគេ​បាន​សំណូមពរ​ថា បើ​មានដំណើ​កម្សាន្ត​លើក​ក្រោយៗ បើ​អាច អ្នក​អ្នកចូលរួម និង​អ្នករៀបចំ គួរ​មាន​ចាន​មួយ ស្លាបព្រា​មួយ រៀងៗ​ខ្លួន​តែម្តង​។ លោក ញ៉ា ឆាត បញ្ជាក់​ដូច្នេះ​ថា​៖« ការធ្វើ​បែបនេះ គឺជា​វិធី​មួយ​ដ៏​ល្អ ក្នុងការ​ចូលរួម​កាត់​បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​បាន​មួយផ្នែក​ដែរ​»​។​



«​នៅ​តំបន់​កោះ​ស្រឡៅ ពិត​ជាមាន​សំរាម​ច្រើន​មែន​»​។ នេះ​ជាការ​លើកឡើង របស់លោក វ័ន   ចាន់​លូត តំណាង​ក្រុមយុវជន​កង់​ខ្មែរ​ដែល​រៀបចំ​កម្មវិធី​បោះជំរំ​កោង​កាង​នេះ​។ សម្រាប់ ចាន់​លូត គេ​មិនអាច​បន្ទោស​តែ​ប្រជាជន ឬ​អាជ្ញាធរ​ម្ខាងៗ​នោះឡើយ ប៉ុន្តែ​គេ​ត្រូវ​សិក្សា​ពី​កម្រិត​ចំណេះដឹង​អ្នក​នៅ​ទីនោះ និង​អាជ្ញាធរ​ពាក់ព័ន្ធ ថា​បាន​បញ្ជ្រាប​ចំណេះដឹង ដល់​ប្រជាជន​កម្រិតណា​ជាមុន​។ 



​លោក ចាត់​លូត ក៏​ឆ្លៀត​លើក​ពី​គម្រោង​ទិញ​ធុងសំរាម​ប្រមាណ​១០​ធុង  ដាក់​នៅលើ​កោះ​ស្រឡៅ គ្រោង​រៀបចំ​លូ​ស៊ីម៉ងត៍ ធ្វើជា​ឡ​ដុត​សំរាម​នៅ​ទីនោះ ចុះទៅ​ពន្យល់​ពី​ការគ្រប់គ្រង​សំរាម និង​ផលប៉ះពាល់​របស់​វា​ដល់​សហគមន៍ និង​ការដើរ​ដើរ​សំអាត​បរិស្ថាន នៅក្នុង​សហគមន៍​កោះ​ស្រឡៅ​ផង​ប៉ុន្តែ​កម្មវិធី​ត្រូវបាន​កែប្រែ​។ លោក ចាន់​លូត បញ្ជាក់​៖«​នេះ​គម្រោង​របស់​យើង តែ​យើង​ខកខាន​ទៅវិញ ព្រោះ​យើង​មិនបាន​ស្នាក់​នៅលើ​កោះ​។ រឿង​សំរាម​នេះ​ខ្ញុំ​មើលឃើញថា​វា​ច្រើន​មែនទែន នៅតាម​ប្រឡាយ និង​មាត់ទឹក​។ ដូច្នេះ​យុវជន​យើង​គ្មាន​លទ្ធភាព​ប្រមូល​អស់​ទេ ទាល់តែ​អាជ្ញាធរ​នៅ​ទីនោះ យក​ត្រាក់ទ័រ​មក​កាយ​ទើបបាន​»៕




Tag:
 យុវជន​
 ​បរិស្ថាន​
 ​សំរាម​
 ​កោង​កាង​
 ​កោះ​ស្រឡៅ​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com