ជាតិ
កម្ពុជា​-​វៀតណាម រួមគ្នា​ពង្រឹង​កិច្ចប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ឲ្យ​កើនឡើង​ទ្វេ​
20, May 2018 , 12:27 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​-​វៀតណាម នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេដង ទៅលើ​វិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក្រោយ​កិច្ចប្រជុំ​លើក​ទី​១៦ របស់​គណៈកម្មការ​ចម្រុះ នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​១៧ ខែឧសភា​។​

 
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សម​ភាគី​វៀតណាម លោក ផាម ប៊ិ​ញ​មិញ បាន​អះអាង​ដូចគ្នា​ពី​កិច្ចសហប្រតិបត្តិការ​កើន​ទ្វេ​លើ​វិស័យ​ស្នូលៗ ដែល​ត្រូវបាន​លើក​យកទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​។ ភាគី​ទាំង​ពីរបាន​មើលឃើញ​ពី​ផល​វិជ្ជមាន​លើ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​ក្នុង​វិស័យ​អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ ការអភិវឌ្ឍន៍​ធនធានមនុស្ស កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ បរិស្ថាន ធនធានទឹក​និង​វា​រី​-​ឧតុនិយមវិទ្យា រ៉ែ​និង​ថាមពល សេដ្ឋកិច្ច ផែនការ ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន វប្បធម៌ កីឡា​និង​ទេសចរណ៍ សុខាភិបាល បញ្ហា​ព្រំដែន សន្តិសុខ ក៏ដូចជា​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋ​កិច្ច​។​ល​។​
 
​តាម​សេចក្ដីប្រកាស​ព័ត៌មាន នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា ភាគី​ទាំងពីរ ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​ពាណិជ្ជកម្ម​ខុសច្បាប់​ឆ្លង​ព្រំដែន ដូចជា ព្រៃឈើ សត្វព្រៃ កៅស៊ូ​ធម្មជាតិ និង​ផលិតផល​ផ្សេងទៀត តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន ជួបប្រជុំ​ជា​ទៀងទាត់​រវាង​មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរខេត្ត​តាម​ព្រំដែន​។​
 
​ក្នុង​កិច្ចប្រជុំ​សហប្រធាន​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៦ នោះ​ផងដែរ ប្រមុខ​ការបរទេសរ​បស់​ប្រទេសជិតខាង​ទាំងពីរ យល់ព្រម​ពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម​ថាមពល​អគ្គិសនី ដោយ​ធ្វើការ​រួមគ្នា​ក្នុងការ​ស្រាវជ្រាវ ការវិនិយោគ និង​ការអភិវឌ្ឍន៍​ខ្សែបណ្តាញ​បែងចែក​ថាមពល​អគ្គិសនី ជាពិសេស​សម្របសម្រួល​ការចែក​ចាយ​ថាមពល​អគ្គិសនី​របស់​កម្ពុជា ទៅកាន់​វៀតណាម​។​
​សម្រាប់​វិស័យសេដ្ឋកិច្ច និង​វិនិយោគ ភាគី​ទាំង​ពីរបាន​ស្វាគមន៍​ការលូតលាស់​ជា​វិជ្ជមាន នៃ​ទំហំ​ពាណិជ្ជកម្ម​រួមគ្នា លើ​ការប្រឹងប្រែង​រួមគ្នា​ក្នុង​ការធ្វើ​ឲ្យ​សម្រេច​ទំហំ​ពាណិជ្ជកម្ម ដែលមាន​ទឹកប្រាក់​៥​ពាន់​លាន​ដុល្លារ ដូច​ការរំពឹងទុក​នៃ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំងពីរ​។ 
 
​ភាគី​ទាំងពីរ​ក៏បាន​ស្វាគមន៍​កំណត់ហេតុ​របស់​ប្រធាន​គណៈកម្មការ​ចម្រុះ​ខ័​ណ្ឌ​សីមា និង​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ដែល​បាន​ចុះហត្ថលេខា​កាលពី​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ​។ ភាគី​ទាំង​ពីរបាន​យល់​ព្រមធ្វើ​សេចក្តីព្រាង​ឯកសារ​ផ្លូវច្បាប់​ចំនួន​២ ដើម្បី​ទទួលស្គាល់​ការបញ្ចប់​ការកំណត់​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក និង​ការបោះបង្គោល​ព្រំដែន​បាន​ប្រមាណ ៨៤​ភាគរយ ហើយ​និង​ឯកភាព​ទៅលើ​ទំហំ​ការងារ​ផែនការ​សម្របសម្រួល និង​ផែនទី​ចង្អុល​ផ្លូវ​អនុវត្ត​រហូតដល់​ឯកសារ​ផ្លូវច្បាប់​ទាំងនោះ​ត្រូវបាន​ចុះហត្ថលេខា​រួចរាល់​៕

Tag:
 កម្ពុជា​-​វៀតណាម​
 ​លទ្ធផល​កិច្ចប្រជុំ
© រក្សាសិទ្ធិដោយ thmeythmey.com