ជាតិ
សេដ្ឋកិច្ច
RDB នឹងស្នើរដ្ឋាភិបាល រក្សាទុកកញ្ចប់ថវិកា ៥០លានដុល្លារ សម្រាប់វិស័យស្រូវអង្ករឆ្នាំនេះ
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ (RDB) នឹងសុំការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីប្រើប្រាស់កញ្ចប់ថវិកាពិសេស ៥០លានដុល្លារអាមេរិក សម្រាប់រដូវប្រមូលផលស្រូវឆ្នាំ២០១៨-២០១៩ បន្តទៀត ដរាបណារដ្ឋាភិបាលមិនមានការចាំបាច់អ្វីផ្សេង ដើម្បីប្រើប្រាស់មូលនិធិនេះទេ។ នេះបើតាមការឲ្យដឹងរបស់លោក កៅ ថាច អគ្គនាយក RDB ។
កញ្ចប់ថវិកាពិសេស ៥០លានដុល្លារ គឺជាថវិកាដែលរដ្ឋាភិបាលបានបញ្ចេញសម្រាប់បញ្ចៀសបញ្ហាកសិករខ្វះទីផ្សារលក់ស្រូវ ក្នុងរដូវប្រមូលផល២០១៧-២០១៨ កន្លងទៅ។ កញ្ចប់ថវិកានេះ ត្រូវបានប្រគល់ឲ្យ RDB ជាអ្នកចាត់ចែងផ្ដល់ឥណទានដល់បណ្ដារោងម៉ាស៊ីនកិនស្រូវ ដោយគិតអត្រាការប្រាក់ ៥ភាគរយក្នុងមួយឆ្នាំ និងយកស្តុកស្រូវជាវត្ថុធានា។ ហើយជាគោលការណ៍ RDB ត្រូវបង្វិលកញ្ចប់ថវិកាពិសេសទៅឲ្យរដ្ឋាភិបាលវិញ។
លោក កៅ ថាច បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការប្រើប្រាស់កញ្ចប់ថវិកាពិសេសនេះ RDB បានផ្ដល់កម្ចីសរុបជាង ៣០លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវជាង ៣០ កន្លងមក។ បើតាមលោក កៅ ថាច RDB បានប្រមូលទឹកប្រាក់ឥណទានទាំងនោះ ត្រឡប់មកវិញស្ទើទាំងអស់ហើយ។
ត្រង់ចំណុចនេះលោក កៅ ថាច បាននិយាយថា បើរដ្ឋាភិបាលមិនមានការចាំបាច់ដើម្បីប្រើប្រាស់ថវិកា ៥០លានដុល្លារនេះទៅលើផ្នែកអ្វីផ្សេងនោះទេ កញ្ចប់ថវិកានេះនឹងត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រមូលផលខាងមុខនេះ។
លោក កៅ ថាច ថ្លែងយ៉ាងដូច្នេះថា៖«បើអត់មានតម្រូវការចាំបាច់ប្រើប្រាស់មូលនិធិនេះទេ រដ្ឋាភិបាលច្បាស់ជាមិនទារយកទៅវិញទេ ព្រោះថវិកានេះសម្រាប់ជាយន្តការដោះស្រាយវិស័យស្រូវអង្ករ»៕
© រក្សាសិទ្ធិដោយ thmeythmey.com