កីឡាជាតិ
ជាតិ
ទោះ​មាន​បញ្ហា​របួស តែ​ប៉ាល់ ជីវ័ន ព្យាយាម​រហូត​ដណ្តើមបាន​មេដាយមាស​នៅ​ម៉ុង​ហ្គោ​លី​
20, May 2018 , 9:00 pm        
រូបភាព
កីឡាករ ប៉ាល់ ជីវ័ន ម្ចាស់មេដាយមាសអាស៊ីផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ
កីឡាករ ប៉ាល់ ជីវ័ន ម្ចាស់មេដាយមាសអាស៊ីផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ
ដោយ:
«​ទុក​ការឈឺ​មួយ​ឡែក​»​ជា​ពាក្យ​ដែល​កីឡាករ ប៉ាល់ ជីវ័ន បាន​រក្សាទុក​ក្នុង​ចិត្ត ដើម្បី​ធ្វើជា​ចលករ​ជំរុញ​កម្លាំងចិត្ត​រាល់​ការប្រកួត​ម្តងៗ​នៅក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​លើក​ទី​៩​នៅ​ម៉ុង​ហ្គោ​លី​។ ពាក្យ​នេះ បានរួម​ចំណែក​យ៉ាងច្រើន ជួយ​ឲ្យ​រូបគេ ដែល​ញាំញី​ដោយ​របួស​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​។ លោក ឈួន ចាន់ថន ប្រធាន​ប្រតិភូ​បាន​អះអាងថា ជីវ័ន ត្រូវបាន​គ្រូបង្វឹក និង​កីឡាករ​ម៉ាស្សា និង​ប្រើ​ទឹកកក​ស្អំ ដើម្បី​បំបាត់​ការឈឺចាប់ ក្រោយ​ការប្រកួត​ម្តងៗ​។​


 
 ​កីឡាករ​ជម្រើសជាតិ​តេ​ក្វាន់​ដូ ITF ប៉ាល់ ជីវ័ន បាន​អះអាងថា ភាពជោគជ័យ​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី មានការ​រួមចំណែក​យ៉ាងច្រើន​ពី លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។ «​ទុក​ការឈឺ​មួយ​ឡែក​» ដែលជា​សម្តី​ផ្តាំផ្ញើ​របស់​ប្រធាន​សហព័ន្ធ ត្រូវបាន ប៉ាល់ ជីវ័ន ចងចាំ​ក្នុង​ចិត្ត​ទុក​ធ្វើជា​ចលករ​លើក​កម្លាំង សម្រាប់​ការប្រកួត​ម្តងៗ​របស់គេ​។ ជីវ័ន បានចាត់ទុក​ពាក្យសម្តី​នេះ​ថា ជាថ្នាំ​ប៉ូវ ដែល​នាំ​ឲ្យ​រូបគេ​ឈ្នះ​មេដាយមាស ទាំង​ខ្លួន​កំពុង​ញាំញី​ដោយ​របួស​ចង្កេះ និង​ឆ្អឹងខ្នង​។ 
 
«​ត្រូវតែ​តស៊ូ ទោះបី​យើង​ឈឺ​យ៉ាងណា ត្រូវ​ទុក​មួយ​ឡែក ហើយ​តាំងចិត្ត​ថា យើង​អាច​ធ្វើបាន យើង​អត់​មាន​ជំងឺ នេះហើយ​ជា​កត្តា​ជំរុញ​ទឹក​ចិត្តមុនពេល​ខ្ញុំ​ឡើង​យន្តហោះ​ចេញពី​កម្ពុជា​»​។ នេះ​ជាការ​រៀបរាប់​របស់​កីឡាករ ប៉ាល់ ជីវ័ន ពីស​ម្តី​របស់លោក កែវ រ៉េមី ដែល​បាន​ផ្តាំផ្ញើ​ពេល លោក ជូន​ដំណើរ​រូបគេ​ឡើង​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
 
​ជាមួយគ្នានេះ​លោក ឈួន ចាន់ថន ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​បាន​រៀបរាប់​ពី​ទុក្ខលំបាក​យ៉ាង​ដូច្នេះ​ថា​៖«​កីឡាករ ប៉ាល់ ជីវ័ន បាន​សម្តែង​គួរ​ជាទី​មោទកភាព​បំផុត ព្រោះ​ពេល​រូបគេ​ឡើង​ប្រកួត គឺ​ឡើង​ទាំង​មាន​របួស​ចង្កេះ ដែល​ឈឺ​តាំងពី​ស្រុក​ខ្មែរ​។ នៅពេល​គាត់​ឡើង​ប្រកួត​ឈ្នះ​ហ្គេម​រួចហើយ មក​កន្លែង​វិញ គឺ​យើង​ចាប់ផ្តើម​ឲ្យ​គាត់​ដេក​សម្រាក​ស្អំ​ទឹកកក ម៉ាស្សា​ឲ្យ​គាត់ យើង​ធ្វើបែបនេះ​គ្រប់ការ​ប្រកួត​»​។ 
 
​កីឡាករ ប៉ាល់ ជីវ័ន បាន​យកឈ្នះ​កីឡាករ​រុស្ស៊ី​នា​ជំនួប​វគ្គ​ជម្រុះ បន្ទាប់មក​រូបគេ​បាន​យកឈ្នះ​កីឡាករ​កូរ៉េ​ខាងជើង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ជីវ័ន ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​កូរ៉េខាងជើង​ដែលជា​ម្ចាស់​ក្បាច់គុន​។ នៅក្នុង​វគ្គ​នេះ កីឡាករ​ទាំង​ពីរបាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា​ក្នុងការ​ប្រកួត​ដំបូង ហើយ​អាជ្ញាកណ្តាល​បានសម្រេច​បន្ថែម​មួយ​ក្បាច់​ទៀត​។ កីឡាករ ប៉ាល់ ជីវ័ន បាន​យកឈ្នះ​ម្ចាស់​ក្បាច់គុន​កូរ៉េខាងជើង ដើម្បី​ឈ្នះ​មេដាយមាស​សម្តែង​មេគុន​កម្រិត​ខ្សែក្រវាត់​៣​ដាន់​តែម្តង​។​
 
​សម្រាប់​ការប្រកួត​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​២៤​រូប​ចូលរួម​។ ជា​លទ្ធផល​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៨ រួមទាំង​ពាន​ចំណាត់ថ្នាក់​លេខ​២​កម្រិត​យុវជន​, ពាន​លេខ​៣​កម្រិត​ពេញវ័យ និង​ពាន​យុវជន​ឆ្នើម​របស់​កីឡាករ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម​។ ប្រតិភូ​កីឡា​កម្ពុជា​បាន​មកដល់​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៥ ឧសភា​។ ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF កម្ពុជា នឹង​ជួប​សំណេះសំណាល​ជាមួយ​សម្តេច ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​២២ ឧសភា​៕   
 
 
  
 

Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
  ប៉ាល់ ជី​វ័​ន្ត
© រក្សាសិទ្ធិដោយ thmeythmey.com