អន្តរជាតិ
មី​យ៉ាន់​ម៉ា សន្យា​ជួយ​រក​យុត្តិធម៌​ឲ្យ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា បើ​ពួកគេ​ពិតជា​រង​ការបំពាន​មែន​
20, May 2018 , 2:46 pm        
រូបភាព
ដោយ:
​ស្ថិតក្រោម​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ពី​បណ្តា​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បានចេញ​ប្រកាស​បើកទទួល​បណ្តឹង​ពី​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដើម្បី​វែកញែក​រក​យុត្តិធម៌​សម្រាប់​ពួកគេ ប្រសិនបើ​ពិតជា​មាន​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​ទៅលើ​ពួកគេ​មែន ។ ក្រុង​ណៃ​ពិដោរ ក៏​សុំ​ចិត្ត​មជ្ឈដ្ឋាន​ជុំវិញ​កុំ​ទាញ​ករណី​បំពាន​សិទ្ធិមនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​បុគ្គល ដោយ​វាយតម្លៃ​ជារួម​ទៅលើ​ស្ថាប័ន ។


 
​រដ្ឋមន្ត្រី​សុខុមាលភាព​សង្គម​មី​យ៉ាន់​ម៉ា​លោក Win Myat Aye នៅ​ថ្ងៃ​១៧ ឧសភា បានចេញ​ប្រកាស​គោលនយោបាយ​ថ្មី​ចុងក្រោយ​មួយ​របស់​រដ្ឋាភិបាល​ក្នុងការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនភៀសខ្លួន ដែល​រត់គេច​ពី​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស ដោយសារតែ​ការបំពាន​សិទ្ធិមនុស្ស​ក្រោមរូបភាព​ណាមួយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ជន​ណាក៏ដោយ​ដែលមាន​បំណង​ដាក់​បណ្តឹង​អាចធ្វើ​បាន​ពី​កន្លែង​ដែល​ពួកគេ​រស់នៅ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវតែ​ចូលរួម​ក្នុង​សវន​ការ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​រដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់រង​លើ​ការចំណាយ​សម្រាប់​ការបង្ហាញ​ខ្លួន​នៅ​តុលាការ​។ លោក អះអាងថា ការណ៍​ដែល​រដ្ឋាភិបាល​ធ្វើបែបនេះ​ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​ប្រកបដោយ​តម្លាភាព​។ 
 
​លោក​រដ្ឋមន្ត្រី ក៏បាន​រំលេច​ពី​ករណី​ជនភៀសខ្លួន ដែល​កំពុងតែ​រស់នៅ​ប្រទេសជិតខាង ដែល​អះអាងថា ពួកគេ​រង​ការបំពាន​សិទ្ធិមនុស្ស​យ៉ាង​ដូច្នេះ​ថា​៖«​យើង បានប្រកាស​ផងដែរ​ថា ជន​ទាំងឡាយ​ដែល​បាន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស ឥលូវ​ក៏មាន​សិទ្ធិ​ក្នុង​ក​ដាក់​បណ្តឹង​ដូចគ្នា ហើយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នឹង​ជួយ​សម្រួល​ដូចគ្នា​ដែរ​»​។​
 
​បើ​ក្រឡេកមើល​ពី​ការវិវត្ត​នៃ​បញ្ហា​សិទ្ធិមនុស្ស​ចុងក្រោយ​នេះ​របស់​មី​យ៉ាន់​ម៉ា នេះ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​ពោលគឺ ចំណាត់ការ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ធ្វើឡើង​ក្រោយពី​សហគមន៍​អន្តរជាតិ​ដែលមាន​អង្គការសិទ្ធិមនុស្ស និង​ជាពិសេស​អង្គការសហប្រជាជាតិ​បានដាក់​សម្ពាធ​តាមរយៈ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ពួកគេ​ចោទថា​បាន​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ និង​ថែមទាំង​ទទូច​ឲ្យ​មាន​ការបើក​ស៊ើបអង្កេត​តម្លាភាព​ផងដែរ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ក្រោយ​នៃ​ការវាយប្រហារ​គ្នា​នៅ​ចុង​ឆ្នាំមុន​នៅក្នុង​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​មិនតិច​ជាជាង​កន្លះ​លាន​នាក់​ឡើយ បាន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​។ បើតាម​របាយការណ៍រ​បស់​អង្គការសិទ្ធិមនុស្ស​ដែល​ស្រង់​ពី​សម្ភាសន៍​ជាមួយនឹង​ជនភៀសខ្លួន ពួកគេ​បាន​រង​ការ​គំរាម​សម្លាប់ រំលោភ​និង​ថែមទាំង​រង​ការដុត​បំផ្លាញ​ផ្ទះសម្បែង​ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​។​
 
​កន្លងមក​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក៏បាន​ច្រានចោល​ការចោទប្រកាន់​ដោយ​អះអាងថា វា​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ​។ សូម្បីតែ​លោក​រដ្ឋមន្ត្រី​សុខា​មាល​ភាព​សង្គម​មី​យ៉ាន់​ម៉ា​ក៏បាន​ទទូច​ឲ្យ​មជ្ឈដ្ឋាន​ជុំវិញ កុំ​យក​បញ្ហា​នៃ​ការបំពាន​សិទ្ធិមនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​បុគ្គល​ដោយ​រាប់បញ្ចូល​ទាំង​យោធា​មួយចំនួន​ផង ទៅ​វាយប្រហារ​ទៅលើ​ស្ថាប័ន​ទាំងមូល​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com