ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គ្មាន​វិទ្យាល័យ​ក្មេងៗ​នៅ​ភូមិ​កោះ​ស្រឡៅ​ប្រឈម​នឹង​ការបោះបង់​ការសិក្សា​
21, May 2018 , 9:00 am        
រូបភាព
​ក្មេងៗ​ដែល​រស់នៅ​ក្នុងភូមិ​កោះ​ស្រឡៅ​ខេត្តកោះកុង​ភាគច្រើន ត្រូវ​បង្ខំចិត្ត​បោះបង់ចោល​ការសិក្សា ត្រឹម​ថ្នាក់​អនុវិទ្យាល័យ ព្រោះ​មិនមាន​សាលា​ថ្នាក់​វិទ្យាល័យ​នៅលើ​កោះ​។ ការ​ចេញពី​ភូមិ​មក​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ទី​រួម​ខេត្តកោះកុង​ត្រូវ​ចំណាយ​ថវិកា​ច្រើន ដូច្នេះ​កូនអ្នកមាន​ជីវភាព​ក្រីក្រ ត្រូវ​បាត់​ឱកាស​ច្រើន​សម្រាប់​ការសិក្សា​។ នេះ​ជាការ​បញ្ជាក់​របស់​ម្ដាយ​ឪពុក​ក្មេង​មួយចំនួន​នៅលើ​កោះ​ស្រឡៅ​។​



​លោក ឌុ​ក ថត មាន​ស្រុកកំណើត​នៅ​ស្រុក​ស្អាង​ខេត្តកណ្ដាល លោក​បាន​ប្ដូរ​ទីលំនៅ​មក​រស់នៅ​ខេត្តកោះកុង​តាំងពី​ឆ្នាំ​១៩៩៣​។ មានរ​បរជា​អ្នកនេសាទ​ផង និង​ជា​កសិករ​ផង លោក ឌុ​ក ថត មានកូន​៨​នាក់​ខ្លះ​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៧ ខ្លះ​ត្រឹម​ថ្នាក់​ទី​៩​តែប៉ុណ្ណោះ​។ កូន​របស់លោក​មិនបាន​បន្ត​ការសិក្សា​ដល់​ថ្នាក់​វិទ្យាល័យ ព្រោះ​សាលា​វិទ្យាល័យ​មិនមាន​នៅលើ​កោះ​នេះ​។ កត្តា​ជីវភាព​ក៏​ជា​ហេតុផល​មួយ​ដែរ ដែល​ធ្វើឱ្យ​បុរស​វ័យ​៥៧​ឆ្នាំ​រូបនេះ មិនអាច​បញ្ជូន​កូន​ឱ្យទៅ​រៀន​ដល់​ថ្នាក់​វិទ្យាល័យ​នៅ​ទី​រួម​ខេត្ត​បាន​។ លោក ឌុ​ក ថត បញ្ជាក់​៖ «​កូន​ខ្ញុំ​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៧​ទេ ហើយ​អា​អូន​ក្រោយនេះ​បាន​ទី​៩​។ នៅលើ​កោះ​នេះ​មាន​ត្រឹម​ថ្នាក់​ទី​៩​បើ​ចង់​រៀន​ដល់​វិទ្យាល័យ ត្រូវ​ទៅ​រៀន​ដល់​ដងទង់ ឯ​ទី​រួម​ខេត្ត ដូច្នេះ​គ្រួសារ​ខ្វះ​លទ្ធភាព​ក៏​ឱ្យ​កូន​ឈប់​ត្រឹមហ្នឹង ហើយ​ក្មេង​ខ្លះ​វា​រៀន​មិនទាន់​គេ​ក៏​វា​ឈប់​ខ្លួនឯង​ដែរ​ទៅ​»​។
 


ជា​អាណាព្យាបាល​ម្នាក់ទៀត អ្នកស្រី សម្បត្តិ វ៉ាត បាន​ត្អូញត្អែរ​ពី​បញ្ហា​គ្មាន​សាលា​វិទ្យាល័យ​នៅលើ​កោះ ធ្វើឱ្យ​ម្ដាយ​ឪពុក​ដែល​ចង់ឱ្យ​កូន​បាន​រៀន​ខ្ពង់ខ្ពស់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន ព្រោះ​ត្រូវបញ្ជូន​កូន​ទៅ​រៀន​ឆ្ងាយ​ពី​ផ្ទះ​ចំណាយ​គ្រប់បែបយ៉ាង​។ មាន​មុខរបរ​លក់ដូ​រ​តិចតួច​នៅផ្ទះ និង​ជា​អ្នកនេសាទ​ផង​នោះ អ្នកស្រី វ៉ាត មានកូន​៤​នាក់​ក្នុងបន្ទុក និង​បាន​បញ្ជូន​កូន​២​នាក់​ទៅ​រៀន​បន្ត​នៅ​ទី​រួម​ខេត្ត និង​នៅ​ភ្នំពេញ ដោយ​ស្នាក់នៅ​ជាមួយ​ផ្ទះ​បងប្អូន​ដើម្បី​កាត់បន្ថយ​ការចំណាយ​។ អ្នក​ម្ដាយ​រូបនេះ​ធ្លាប់​បានឮ​តាមរយៈ​ក្មេងៗ​សិស្សសាលា​ថា នឹងមាន​ការសាងសង់​សាលា​ថ្នាក់​វិទ្យាល័យ​នៅលើ​កោះ តែ​អ្នកស្រី​មិនដឹងថា​ធ្វើ​ពេលណា ហើយ​ដំណឹង​នេះ​ពិត​ឬ​មិន​ពិត​យ៉ាងណា​នោះឡើយ​។ អ្នកស្រី​បញ្ជាក់​៖ « ជីវភាព​យើង​អ្នក​អត់​ចង់ឱ្យ​កូន​រៀន​ណាស់ តស៊ូ​ខ្លាំងណាស់ ទម្រាំ​បានកូន​រៀន​មួយៗ​មិន​ងាយ​ទេ​។ សាលា​នៅ​ឆ្ងាយ​ពិបាក​ឱ្យ​កូន​ទៅ​រៀន​ណាស់ ត្រូវ​ចំណាយ​ច្រើន ខ្ញុំ​អត់​ពេក ឱ្យ​កូន​ទៅ​នៅ​ជាមួយ​បងប្អូន ទើប​កូន​អាច​រៀន​បាន យើង​មិនបាច់​អស់ថ្លៃ​ជួល​ផ្ទះទឹក​ភ្លើង​»​។


​ចំណែក​លោក ទុយ វែង ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​កោះ​ស្រឡៅ បាន​ទទួលស្គាល់ថា ក្មេងៗ​សិស្សសាលា នៅក្នុង​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង ពិតជា​មិនសូវ​បាន​ទៅ​រៀន​បន្ត​ថ្នាក់​វិទ្យាល័យ​មែន ព្រោះ​សាលា​នៅ​ឆ្ងាយ​។ លោក​លើកឡើងថា ចំពោះ​ការសាងសង់​សាលា​មានការ​លំបាក​នៅត្រង់ រដ្ឋ​ត្រូវការ​គ្រូ​មក​បង្រៀន​ច្រើន តែបើ​សិស្ស​មិនសូវមាន​ឬ​មិន​គ្រប់​ចំនួន នោះ​រដ្ឋ​ក៏​មិនអាច​សាងសង់​សាលា​បានដែរ​។ លោក ទុយ វែង បញ្ជាក់​៖«​អា​រឿង​ធ្វើ​សាលា​នេះ រដ្ឋ​ត្រូវការ​រើស​គ្រូ​មក​ច្រើន ត្រូវការ​ចំណាយ​ច្រើន តែបើ​សិស្ស​មិនសូវមាន​ឬ​មិន​គ្រប់ រដ្ឋ​ក៏​មិនអាច​សាងសង់​សាលា​បានដែរ​»៕


Tag:
 កោះកុង​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com