អន្តរជាតិ
ជម្លោះសមុទ្រចិនខាងត្បូង៖ ឌូទើតេ ថា បើចែកប្រយោជន៍គ្នាបាន ចាំបាច់ធ្វើសង្គ្រាមជាមួយចិនធ្វើអ្វី ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព AFP)
× ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅតែប្រកាន់ជំហរមិនធ្វើសង្គ្រាមជាមួយចិនជុំវិញជម្លោះដែនទឹកសមុទ្រចិនខាងត្បូង ឬហៅតាមហ្វីលីពីនថា សមុទ្រហ្វីលីពីនខាងលិចឡើយ។ លោក ឌូទើតេ នៅតែនិយាយដដែលជាដដែលថា ហ្វីលីពីនគ្មានសង្ឃឹមឈ្នះចិនឡើយ ព្រោះប្រទេសលោកគ្មានលទ្ធភាពសូម្បីទិញកាំភ្លើងវែងផងនោះ។ ចំពោះលោក ឌូទើតេ ដំណោះស្រាយល្អសម្រាប់ហ្វីលីពីន គឺចែកធនធាននៅតំបន់ជម្លោះជាមួយចិន។
មួយរយៈបេលចុងក្រោយ ចិនបានបង្កើនសកម្មភាពយោធាខ្លាំងនៅតំបន់ប្រទាញប្រទង់ក្នុងសមុទ្រចិនខាងត្បូង ហើយចុងក្រោយនេះ ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនទៅចុះចតនៅប្រជុំកោះប៉ារ៉ាសែលទៅទៀត។ ហ្វីលីពីន ដែលជាភាគីជម្លោះមួយដែរនោះ មិននិយាយអ្វីទាំងអស់លើសកម្មភាពរបស់ចិន ហើយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ក៏មានជំហរមិនងាករេឡើយ គឺមិនធ្វើប្រយុទ្ធជាមួយចិនឡើយ។
ថ្លែងក្នុងកម្មវិធីមួយនៅទីក្រុងសេប៊ូកាលពីចុងសប្ដាហ៍មុន លោក ឌូទើតេ បានជ្រើសរើសយកសំណើរបស់ចិនដែលចង់បែងចែកផលប្រយោជន៍នៅតំបន់មានជម្លោះ។ លោកនិយាយថា ហ្វីលីពីន និងចិនមិនច្បាំងគ្នាឡើយ ហើយចិនក៏បានស្នើឲ្យមានការអភិវឌ្ឍរួម និងការរុករកធនធានរួមគ្នានៅសមុទ្រចិនខាងត្បូងផង។ លោកក៏បានបញ្ជាក់ថា ចិនបានសន្យាចែកចំណែកធំជាងឲ្យហ្វីលីពីន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Manila Bulletin ។
ប្រធានាធិបតីហ្វីលីពីន ដែលរក្សាជំហរទន់ភ្លន់ដាក់ចិនតាំងពីដើមមកនោះ ក៏ឆ្លៀតពន្យល់មូលហេតុដែលលោកមិនធ្វើសកម្មភាពប្រទូស្តរាយជាមួយចិនដើម្បីទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង។ ដោយទទួលស្គាល់ថា ចិនមានសម្ភារៈទំនើបៗ និងមូលដ្ឋានច្រើននៅតំបន់សមុទ្រនេះ លោក ឌូទើតេ លើកជាសំណួរថា បើសង្គ្រាមជាមួយចិនផ្ទុះឡើយ ហ្វីលីពីននឹងទៅជាយ៉ាងណា? ហេតុអ្វីលោកត្រូវលះបង់ជីវិតទាហាន និងប៉ូលិសក្នុងសង្គ្រាមដែលមិនអាចឈ្នះនោះ?
ចំពោះលោក ឌូទើតេ ដឹងខ្លួនមិនឈ្នះចិន ក៏ព្រោះតែហ្វីលីពីនមិនសមត្ថភាពអ្វីទៅតល់ជាមួយមហាយក្សមួយនេះឡើយ។ ពោល គឺហ្វីលីពីនគ្មានអាវុធទំនើបៗអ្វីទាំងអស់ ហើយគ្មានលទ្ធភាពទិញកាំភ្លើងខ្លួនឯងផង ខណៈកាំភ្លើងវែងនៅហ្វីលីពីនជាអំណោយបរទេសប៉ុណ្ណោះ។ ដូច្នេះឲ្យហ្វីលីពីនទៅច្បាំងជាមួយចិនយ៉ាងម៉េច។ មេដឹកនាំហ្វីលីពីនរូបនេះបន្ថែមថា សូម្បីអាមេរិកក៏មិនបានធានាឈរនៅជាមួយហ្វីលីពីនដែរ។
ដោយសារបញ្ហានេះ លោក ឌូទើតេ បានរិះគន់អាមេរិកចាស់ដៃកន្លងមក ព្រោះមិនចាត់វិធានការអ្វីដើម្បីទប់ស្កាត់ចិនតាំងពីដំបូង។ លោករិះគន់ថា អាមេរិកបារម្ភពីស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ក៏ព្រោះតែខ្លួនបាត់បង់ទឹកដីប៉ុណ្ណោះ។ លោក ឌូទើតេ បានសរសើរចិនដែលខុសពីអាមេរិក ព្រោះមហាអំណាចនេះបានផ្ដល់ជំនួយយ៉ាងច្រើនឲ្យហ្វីលីពីនកន្លងមក៕
Tag:
ចិន
ហ្វីលីពីន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com