ជាតិ
បោះឆ្នោត
នយោបាយជាតិ
«ដេកផ្ទះឈ្នះឯង» អាចធ្វើឲ្យអតីត CNRP អស់សិទ្ធិនយោបាយ៥ឆ្នាំបន្ថែមទៀត
× ក្រសួងមហាផ្ទៃ ព្រមានប្តឹងទៅតុលាការកំពូល ដើម្បីស្នើឲ្យបិទសិទ្ធិថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំបន្ថែមទៀត។ មូលហេតុដែលនាំឲ្យមានពាក្យបណ្តឹងបែបនេះ ត្រូវបានអ្នកនាំពាក្យក្រសួងពន្យល់ថា មកពីអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង បន្តធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេស តាមរយៈការជំរុញឲ្យបរទេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងអំពាវនាវពលរដ្ឋ មិនឲ្យទៅបោះឆ្នោត ជាដើម។
អតីតគណបក្សសង្គ្រោះជាតិ ដែលមានមេដឹកនាំ១១៨នាក់ អស់សិទ្ធិនយោបាយ៥ឆ្នាំក្រោមអំណាចសាលដីការតុលាការកំពូល ទៅហើយនោះ ប្រឈមនឹងពាក្យបណ្តឹងថ្មីមួយទៀតពីក្រសួងមហាផ្ទៃ ដែលអាចធ្វើឲ្យអតីតមេដឹកនាំទាំងនោះ រួមទាំងអ្នកពាក់ព័ន្ធសរុបជាង១០០នាក់ បាត់បង់សិទ្ធិធ្វើនយោបាយ៥ឆ្នាំបន្ថែមទៀត។
លើសពីនេះ ក្រសួងមហាផ្ទៃ ក៏អាចនឹងស្នើឲ្យតុលាការ បង្កកទ្រព្យសម្បតិ្តរបស់ក្រុមអ្នកប្រឆាំងផងដែរ។ ក្រសួងមហាផ្ទៃ មានគម្រោងចាត់វិធានការបែបនេះ គឺដើម្បីឆ្លើយតបនឹងក្រុមប្រឆាំង ដែលទៅពឹងពាក់ប្រទេសមហាអំណាចឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជា ដែលផ្ញើនៅក្រៅប្រទេស។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះថា សកម្មភាពនៅក្រៅប្រទេសរបស់ក្រុមគណបក្សប្រឆាំង ដែលមានលោក សម រង្ស៊ី ជាបង្គោល គឺជាសកម្មភាព ដែលផ្គើននឹងសាលដីការបស់តុលាការកំពូល។ លោក អះអាងថា ពួកគេ ត្រូវបានតុលាការកំពូល បិទសិទ្ធិហើយ ដូច្នេះមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។
លោក ខៀវ សុភ័គ បន្តថា ការដែលក្រុមអ្នកប្រឆាំង អំពាវនាវមិនឲ្យប្រជាលរដ្ឋ ទៅបោះឆ្នោត ក៏ជាមូលហេតុចម្បង ដែលជំរុញឲ្យក្រសួងមហាផ្ទៃ ចាប់ផ្តើមចាត់វិធានការដែរ។ លោក និយាយថា ការអំពាវនាវរបស់របស់ពួកគេ គឺអាចធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលពាក់ផ្កាយបួនរូបនេះ បានព្រមានធ្ងន់យ៉ាងដូច្នេះថា៖«ប្រសិនបើសកម្មភាពរបស់ពួកគាត់ កាន់តែធ្ងន់ធ្ងរ យើងនឹងស្នើឲ្យតុលាការ ពន្យារពេលបិទសិទ្ធិពួកគាត់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំទៀត។ ហើយពួកគាត់ ក៏អាចនឹងត្រូវបានបង្កកទ្រព្យសម្បត្តិដែរ។ ពួកគាត់ត្រូវចាំថា ពួកគាត់ក៏មានទ្រព្យសម្បតិ្ត ដូចជា ផ្ទះសម្បែង ដីធ្លី នៅក្នុងប្រទេសដែរ។ និយាយជាភាសាសាមញ្ញ គឺថា មានមួយ យើងអប់រំមួយ មានពីរ យើងអប់រំពីរ»។
បច្ចុប្បន្ននេះ គេសង្កេតឃើញប្រជាពលរដ្ឋ ដែលគាំទ្ររដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាច បានបង្ហាញបំណងរបស់ពួកគេថា នឹងទៅចូលរួបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ប៉ុន្តែ ប្រជាពលរដ្ឋ ដែលនៅមានសមានចិត្តជាមួយអតីតគណបក្សប្រឆាំង បានបង្ហាញថាពួកគេនឹងមិនចូលរួមឡើយ។
លោក សម រង្ស៊ី និងក្រុមប្រឆាំងនៅក្រៅប្រទេស ជាអ្នកអំពាវនាវ មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ លោក សម រង្ស៊ី បានចាត់ទុកការបោះឆ្នោត ដែលគ្មានគណបក្សប្រឆាំង ថាជាការបោះឆ្នោតលេងសើច និងមិនអាចយកការបាន។ ជាសារទាក់ទាញ មេដឹកនាំរូបនេះ បានសរសេរថា៖ «ដេកផ្ទះឈ្នះឯង»។
ថ្មីៗនេះ ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក បានធ្វើសេចក្តីស្នើច្បាប់មួយស្តីពី «ការដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ដែលបានបំផ្លាញប្រជាប្រធិបតេយ្យ។ សេចក្តីស្នើច្បាប់នោះ មានបំណងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជា ដែលផ្ញើនៅសហរដ្ឋអាមេរិក និងហាមឃាត់មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក។
ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក ធ្វើសេចក្តីស្នើច្បាប់បែបនេះ គឺដើម្បីបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា កែប្រែឥរិយាបថ ដោយយល់ព្រមដោះលែងលោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សប្រឆាំង ធ្វើសកម្មភាពនយោបាយឡើងវិញ ហើយបានចូលរួមក្នុងការបោះឆ្នោតជាមួយគេឯង។ ក្រៅពីសហរដ្ឋអាមេរិក សហគមន៍អន្តរជាតិផ្សេងទៀត ដូចជាសហភាពអឺរ៉ុបជាដើម ក៏បានដាក់សម្ពាធនិងព្រមានរដ្ឋាភិបាលកម្ពុជាដែរ។
យ៉ាងណាក៏ដោយ សម្ពាធនិងទណ្ឌកម្មរបស់សហគមន៍អន្តរជាតិខាងលើ ហាក់គ្មានឥទ្ធិពលមលលើរដ្ឋាភិបាលកម្ពុជានោះទេ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជា ថែមទាំងប្រាប់ត្រឡប់ទៅវិញ កុំឲ្យប្រទេសមហាអំណាចខាងលើ លូកដៃចូលផ្ទៃក្នុងរបស់កម្ពុជា៕
Tag:
បោះឆ្នោត
មហាផ្ទៃ
ខៀវ សុភ័គ
CNRP
បិទសិទ្ធិនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com