អន្តរជាតិ
ម៉ា​ឌូ​រ៉ូ ប្រកាស​ឈ្នះឆ្នោត​ទៀត ខណៈ​បក្សប្រឆាំង​ធ្វើពហិកា ហើយ​អ្នកបោះឆ្នោត​មាន​ត្រឹម​ជាង ៤០​ភាគរយ​
21, May 2018 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
 ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បានប្រកាស​ជ័យជម្នះ​ជាថ្មី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃអាទិត្យ​ទី ២០ ខែឧសភា​។ គណបក្សប្រឆាំង​បានប្រកាស​បដិសេធ​លទ្ធផល​បោះឆ្នោត ដោយ​លើកឡើង​ពី​ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត​ទាប​បំផុត ភាពមិនប្រក្រតី និង​ការទិញ​សន្លឹកឆ្នោត​ដែល​កើតឡើង​ក្នុងពេល​បោះឆ្នោត​នេះ​។



​អតីត​អ្នក​បើកឡាន​វ័យ ៥៥​ឆ្នាំ និង​ជា​អ្នក​ស្នង​តំណែង​លោក ហ៊ូ​ហ្គោ ឆា​វេស លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រ​ធា​ធិបតី​ជាថ្មី ហើយ​លោក​នឹង​បន្ត​កាន់អំណាច​ក្នុង​អាណត្តិ​ប្រាំមួយ​ឆ្នាំ​ទៀត​ដែរ​។ លោកប្រាប់អ្នកគាំទ្រ​នៅរដ្ឋធានីការ៉ាកាសថា បក្សប្រឆាំងមើលស្រាល​លោក​ ដោយគេមិនគិតថា លោកឈ្នះឆ្នោតជាថ្មីឡើយ។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​វេ​ណេ​ស៊ុយ​អេ​ឡា បានប្រកាសថា លោក ម៉ា​ឌូ​រ៉ូ ទទួលបាន​សំឡេងគាំទ្រ​រហូតដល់ ៥,៨ លាន​សំឡេង ខណៈដែល​បេក្ខជន​ជា​គូប្រជែង​លោក Henri Falcon នោះបាន​ត្រឹម ១,៨ លាន​សំឡេង​ប៉ុណ្ណោះ​។ ជា​អតីត​អភិបាលក្រុង លោក Falcon សុខចិត្ត​ចូល​ប្រកួត​ដោយ​ដើរ​ផ្លូវ​ផ្សេង​ពី​បក្សប្រឆាំង​ដែល​នាំគ្នា​ធ្វើពហិកា​ចូលរួម​នោះ​។   

​បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​គណៈកម្មការ​បោះឆ្នោត អ្នក​ទៅ​បោះឆ្នោត​សរុប​មាន​ត្រឹម ៤៦,១ ភាគរយ​ប៉ុណ្ណោះ ដែល​វា​ខុស​ឆ្ងាយ​ពី​ឆ្នាំ ២០១៣ ដែលមាន​អ្នក​ទៅ​ចុះឈ្មោះ​សរុប​ដល់​ទៅ ៨០​ភាគរយ​ឯណោះ​។ យ៉ាងណាមិញ​ខាង​បក្សប្រឆាំង​បាន​អះអាងថា ចំនួន​នេះ​ត្រូវគេ​បំប៉ោង​ប៉ុណ្ណោះ ហើយ​អ្នក​ទៅ​បោះឆ្នោត​ពិតប្រាកដ​មាន​ប្រហែល​ជិត ៣០​ភាគរយ​ប៉ុណ្ណោះ​។​

​លោក ម៉ា​ឌូ​រ៉ូ បាន​ស្វាគមន៍​ការចូលរួម​របស់លោក Falcon ក្នុងការ​ប្រជែង​តំណែង​នេះ​ព្រោះ​វា​បានផ្តល់​ភាពស្របច្បាប់​ខ្លះ​ដល់​ការបោះឆ្នោត និង​ការ​រើស​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​ដែល​គេ​កំពុង​ថ្កោលទោស​ទាំង​ក្នុង​និង​ក្រៅប្រទេស​នោះ​។

​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះ លោក Falcon បានប្រកាស​បដិសេធ​លទ្ធផល​បោះឆ្នោត​ដែរ ដោយ​លោក​បកស្រាយ​ថា ដំណើរការ​បោះឆ្នោត​ខ្វះ​ភាពស្របច្បាប់ សម្បូរ​ភាពមិនប្រក្រតី និង​ការទិញ​សន្លឹកឆ្នោត​ជាដើម​។​

​អ្នកនយោបាយ​រូបនេះ​បានលើកឡើង​ផងដែរ​ថា​នៅ​ថ្ងៃ​បោះឆ្នោត​រដ្ឋាភិបាល​លោក ម៉ា​ឌូរ៉ូ បាន​ប្រើប្រាស់​លុយ​ទិញ​សន្លឹកឆ្នោត ដោយ​ពង្រាយ​ក្រុម​អ្នកគាំទ្រ​ខ្លួន ១៣០០០​នាក់​ទៅជិត​មណ្ឌលបោះឆ្នោត​ទូទាំងប្រទេស​។ ក្រុម​នោះបាន​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាជន​ក្រីក្រ​ឲ្យ​បោះឆ្នោត​គាំទ្រ​លោក ម៉ូ​ឌូ​រ៉ូ ជា​ថ្នូរ​នឹង​ការទទួលបាន​ប្រយោជន៍​មួយចំនួន​។ ពួកគេ​តម្រូវ​ឲ្យ​ប្រជាជន​ស្កែ​ន​កាត​មាន​ឈ្មោះថា Fatherland​ដែល​រដ្ឋាភិបាល​ចេញ​ឲ្យ ក្រោយពេល​បោះឆ្នោត ហើយ​ប្រជាជន​ទាំងនោះ​នឹង​ទទួលបាន​កាដូរ​ពី​រដ្ឋាភិបាល​លោក ម៉ា​ឌូ​រ៉ូ ក្នុងនោះ​មាន​កញ្ចប់​ចំណីអាហារ និង​លុយ​ផងដែរ​។​

​តាមពិតទៅ​ក្រៅពី​ប្រើប្រាស់​លុយ​ទិញ​សំឡេងឆ្នោត លោក ម៉ា​ឌូរ៉ូ ទទួលបាន​សំឡេងឆ្នោត​ច្រើន​ដោយសារ​បក្សប្រឆាំង​ពហិកា​ចូលរួម​ប្រកួត ហើយ​មួយទៀត​គឺ​ការហាម​បេក្ខជន​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់​ចូលរួម​ក្នុងការ​ប្រជែង​តំណែង​ប្រធានាធិបតី​នេះ​ផងដែរ​។​

​ដោយឡែក​លោក ម៉ា​ឌូ​រ៉ូ ដែល​កាន់អំណាច​ចាប់ពី​ឆ្នាំ ២០១៣ ហើយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា​ខ្ទេចខ្ទាំ​ស្ទើរ​ដួលរលំ​នោះ បាន​ព្យាយាម​ពិពណ៌នា​ខ្លួនឯង​ថា​ជា​កូន​មេដឹកនាំ​សង្គមនិយម ហ៊ូ​ហ្គោ ឆា​វេស​។ លោក​ប្រកាសថា លោក​កំពុង​ច្បាំង​ចលនា​ចក្រពត្តិនិយម​ដែល​ប៉ុនប៉ង​កម្ទេច​របប​សង្គម​និយម​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា និង ដណ្តើម​កាន់កាប់​ប្រេង​ដែល​ប្រទេស​នេះ​មាន​ផង​។ ទោះ​មានការ​អះអាង​បែបនេះ​ក៏ដោយ ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា មើលឃើញ​ផ្ទុយ​ពីនេះ​។ ពួកគេ​រងទុក្ខវេទនា​កាន់តែខ្លាំង​ដោយសារ​គ្មាន​ការងារ​ធ្វើ និង​គ្មាន​ស្បៀងអាហារ​ហូប ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។

​ជ័យជម្នះ​របស់លោក ប្រហែលជា​នឹងត្រូវ​ទទួលបាន​ការស្វាគមន៍​ដោយ​ការបន្ថែម​ទណ្ឌកម្ម​ពី​សំណាក់​បណ្តា​ប្រទេស​លោកខាងលិច​ផងដែរ​។ រដ្ឋបាល​អាមេរិក​របស់លោក ត្រាំ បាន​គំរាម​រួចហើយ​ថា នឹង​ប្រើប្រាស់​វិធានការ​សេដ្ឋកិច្ច​ដើម្បី​ដាក់​គំនាប​លើ​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​ដែល​កើតឡើង​ក្នុងប្រទេស​នោះ​៕


Tag:
 ​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​
  វេ​ណេ​ស៊ុយ​អេ​ឡា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com