អន្តរជាតិ
អ៊ីរ៉ង់​ចង់​ឲ្យ​អឺរ៉ុប​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ដើម្បី​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ
21, May 2018 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif ចាប់ដៃជាមួយស្នងការទទួលបន្ទុកថាមពលអឺរ៉ុបលោក Miguel Arias Canete (រូបភាព AFP)
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif ចាប់ដៃជាមួយស្នងការទទួលបន្ទុកថាមពលអឺរ៉ុបលោក Miguel Arias Canete (រូបភាព AFP)
​ក្រោយ​ការចាកចេញ​របស់​អាមេរិក អឺរ៉ុប​បានចេញ​មុខ​ប្រកាស​ភ្លាម​ថា ខ្លួន​នឹង​ទ្រទ្រង់​មិន​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដួលរលំ​ឡើយ និង​បន្ត​រក្សា​ប្រយោជន៍​សេដ្ឋកិច្ច​ឲ្យ​អ៊ីរ៉ង់​ទៀត បើ​អ៊ីរ៉ង់​មិន​ដើរចេញ​តាម​អាមេរិក​ទេនោះ​។ អ៊ីរ៉ង់ ដែល​នៅ​ចាំមើល​សកម្មភាព​រប​ស់​អឺរ៉ុប​សិន​នោះ បាន​សាទរ​ការប្រឹងប្រែង​រប​ស់​ប្លុក​ប្រទេស​ទាំង​២៨ នេះ​កន្លងមក​។ ប៉ុន្តែ​ក្រុង​តេ​ហេ​រ៉ង់​ចង់​ឲ្យ​ក្រុង​ព្រុ​ច​សែ​ល​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ឲ្យ​បាន​ច្រើន ជា​ជាការ​គាំទ្រ​ផ្នែក​នយោបាយ​។​



​សម្រាប់​អ៊ីរ៉ង់ ការគាំទ្រ​ផ្នែក​នយោបាយ​របស់​អឺរ៉ុប​មិនទាន់​គ្រប់គ្រាន់ តែ​អឺរ៉ុប​ត្រូវ​ចាត់វិធានការ​ជាក់ស្ដែង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អ៊ីរ៉ង់​។ នេះ​ជា​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif នៅក្រោយ​ជំនួប​ជាមួយ​ប្រមុខ​ថាមពល​អឺរ៉ុប Miguel Arias Canete នៅ​ថ្ងៃទី​២០ ខែឧសភា ក្នុង​រដ្ឋធានី​តេ​ហេ​រ៉ង់​។ លោក Canete ធ្វើ​ទស្សនកិច្ច​ដើម្បី​បង្ហាញ​ផែនការ​របស់​អឺរ៉ុប​ដើម្បី​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ បន្ទាប់ពី​អាមេរិក​បាន​ដកខ្លួន​។​

​យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្ស​រដ្ឋ​អ៊ីរ៉ង់ IRIB លោក Zarif បានលើកឡើង​ពី​កើនឡើង​នៃ​ក្ដី​រំពឹងទុក​របស់​សាធារណមតិ​អ៊ឺ​រ៉ង់​លើ​សហភាព​អឺរ៉ុប ក្រោយ​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ហើយ​ការគាំទ្រ​នយោបាយ​របស់​អឺរ៉ុប​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នេះ គឺ​មិនទាន់​ល្អ​គាប់ចិត្ត​ឡើយ​។ នេះ​ក៏​ព្រោះតែ​ស្ថានការណ៍​ជាក់ស្ដែង​មិន​ដូច​ការប្ដេជ្ញាចិត្ត​របស់​ប្រទេស​អឺរ៉ុប​ទេ ទោះជា​ប្រទេស​ទាំងនោះ​មាន​ជំហរ​រឹងមាំ​ក៏ដោយ​។​

​ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន​កំពុង​ព្រួយបារម្ភ​ពី​ការរកស៊ី​របស់​ពួកគេ​នៅ​អ៊ីរ៉ង់ ដ្បិត​អាមេរិក​បាន​គំរាម​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ដែល​នឹង​បង្កបញ្ហា​ដល់​ការវិនិយោគ​របស់ខ្លួន​ផង​។ ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​ដា​ណឹ​ម៉ាក Maersk Tankers ក្រុមហ៊ុន​ធានារ៉ាប់រង​អាល្លឺម៉ង់ Allianz ក្រុមហ៊ុន​ផលិត​ដែក​អ៊ីតាលី Danieli និង​ក្រុមហ៊ុន​ប្រេង​បារាំង Total សុទ្ធតែ​ប្រកាស​លទ្ធភាព​ដកខ្លួន​ចេញពី​អ៊ីរ៉ង់ បើ​មិនអាច​ទទួលបាន​ការលើក​លែង​ទណ្ឌកម្ម​របស់​អាមេរិក​ទេនោះ​។​

​ប្រមុខ​ការទូត​អ៊ីរ៉ង់​ចាត់ទុកថា ការប្រកាស​របស់​ក្រុមហ៊ុន​អឺរ៉ុប មិន​ស្រប​នឹង​ការប្ដេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប​ឡើយ​។ ដើម្បី​បង្ហាញ​ការគាំទ្រ​ពិតប្រាកដ លោក Zarif បាន​ប្រាប់​ឲ្យ​សហភាព​អឺរ៉ុប​ត្រូវតែ​ចាត់វិធានការ​ជាក់ស្ដែង​បន្ថែមទៀត​ដើម្បី​បង្កើន​ការវិនិយោគ​នៅ​អ៊ីរ៉ង់​។ ចំណែកឯ​លោក Canete ក៏​និយាយ​ដែរ​ថា អឺរ៉ុប​ទទួលស្គាល់​តម្រូវ​ការ​របស់​អ៊ីរ៉ង់ និង​ថា ការប្រកាស​ប​របស់​ក្រុមហ៊ុន​អឺរ៉ុប​ខ្លះ​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្មុគស្មាញ​។​

​ភ្លាមៗ​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ដើរចេញ អ៊ីរ៉ង់​ចង់​ធ្វើតាម​អាមេរិក​ភ្លាម​ដែរ​ទៅហើយ តែ​ប្រទេស​អឺរ៉ុប​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​បន្ត​អនុវត្តតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​បន្តទៀត ជា​ថ្នូរ​នឹង​ការទទួលបាន​សម្បទាន​សេដ្ឋកិច្ច​ដូចដើម​ដែរ​។ ទន្ទឹមនឹង​ការ​ចាំមើល​ចំណាត់ការ​របស់​អឺរ៉ុប និង​ហត្ថលេខី​ផ្សេងទៀត ក្រុង​តេ​ហេ​រ៉ង់​បាន​ព្រមាន​ទុក​មុន​ថា ខ្លួន​នឹង​ត្រឡប់​ទៅ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូ​ម​ដោយ​គ្មាន​កំណត់​មិន​ខាន បើ​ប្រយោជន៍​របស់ខ្លួន​មិនត្រូវ​បាន​ធានា​នោះ​៕


Tag:
 អ៊ីរ៉ង់​
  អឺរ៉ុប​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com