កីឡាអន្តរជាតិ
អន្តរជាតិ
Abramovich ខកលើកពាន FA Cup ដោយសារអង់គ្លេសមិនទាន់បន្តទិដ្ឋាការឲ្យ
× ទិដ្ឋាការរបស់លោក Roman Abrahimovic បានផុតសុពលភាពតាំងពីចុងខែមេសាមកម្ល៉េះ។ ករណីបែបនេះ ហើយ បានជាធ្វើឲ្យម្ចាស់ក្លិប Chelsea អវត្តមាន ខណៈក្រុមរបស់ខ្លួនលើកពាន FA Cup កាលពីថ្ងៃសៅរ៍ ទី១៩ ខែមេសា។
មិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់ លោក Roman Abrahimovic ក្នុងការចេញចូលអង់គ្លេស។ មហាសេដ្ឋីរុស្ស៊ីរូបនេះ ភ្លេចមើលទិដ្ឋាការរបស់ខ្លួនដែលផុតកំណត់តាំងពីពាក់កណ្តាលខែមេសា ហើយក៏មិនមានសេវាកម្មឆាប់រហ័សសម្រាប់លោកដើម្បីឲ្យទាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នោះដែរ។
យោងតាម BBC ប្រភពជិតស្និទ្ធរបស់អ្នកជំនួញវ័យ ៥១ឆ្នាំរូបនេះ បានអះអាងថា គាត់កំពុងដំណើរការបន្តទិដ្ឋាការរបស់ខ្លួនហើយ ប៉ុន្តែគ្រាន់តែត្រូវបានពន្យារយៈពេលយូរខុសពីធម្មតាប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីសន្តិសុខរបស់ចក្រភពអង់គ្លេសលោក Ben Wallace មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ខណៈមតិជាច្រើន បានភ្ជាប់វាទៅនឹងទំនាស់ការទូតរវាងអង់គ្លេស និងរុស្ស៊ី។
ភាពយឺតយ៉ាវក្នុងការបន្តទិដ្ឋាការរបស់ Abramovich ខុសពីសព្វមួយដងនេះ កើតឡើងចំពេលអង់គ្លេស និងរុស្ស៊ីកំពុងសង្គ្រឺតធ្មេញដាក់គ្នាលើបញ្ហាការទូត បន្ទាប់ពីចារកម្មជនជាតិរុស្ស៊ីដែលធ្វើការឲ្យអង់គ្លេសម្នាក់ឈ្មោះ Sergei Skripal ត្រូវបានបំពុលកាលពីខែមីនាកន្លងទៅ។
ក្រុងឡុងដ៏ចោទក្រុងមូស្គូថា នៅពីក្រោយករណីបំពុលនេះ ព្រោះសារធាតុគីមីពុលនេះមានប្រភពពីរុស្ស៊ី តែរុស្ស៊ីបានបដិសេធដាច់ខាត និងទាមទាររកភស្តុតាងផងដែរ។ ប៉ុន្តែអង់គ្លេសមិនបានបង្ហាញភស្តុតាងជាក់លាក់ឡើយ។ រដ្ឋាភិបាលអង់គ្លេសក៏បានបណ្ដេញមន្ត្រីទូតរុស្ស៊ី២៣នាក់ចេញពីប្រទេស ឯរុស្ស៊ីក៏បញ្ជាឲ្យអ្នកការទូតអង់គ្លេសចេញពីទឹកដីខ្លួនដែរ។
លោក Abramovich ដែលជាសេដ្ឋីប្រេង និងឧស្ម័ន និងត្រូវបានគេស្គាល់តាំងពីទសវត្សរ៍ឆ្នាំ ៩០មកនោះ បានក្លាយជាម្ចាស់ហ៊ុនធំជាងគេរបស់ក្លិប Chelsea ចាប់ពីឆ្នាំ ២០០៣មក។
បើយោងតាម Sunday Times បុរសជនជាតិរុស្ស៊ីរូបនេះមានទ្រព្យសម្បត្តិរហូតដល់ ៩.៣ពាន់លានផោន (១២.៤៧ពាន់លានដុល្លារ) ឈរនៅចំណាត់ថ្នាក់ទី ១៣ នៅចក្រភពអង់គ្លេស និងចំណាត់ថ្នាក់ទី១១នៅរុស្ស៊ី៕
Tag:
បាល់ទាត់
Roman Abramovich
FA Cup
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com