ជាតិ
ចិនផ្តល់រថយន្តគ្លីនិកចល័ត ២០គ្រឿង ដល់មន្ទីរសុខាភិបាលកម្ពុជា រូបភាព បានពីអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្រសួងសុខាភិបាល បានផ្ដល់រថយន្តគ្លីនិកចល័ត ២០គ្រឿង ទៅដល់មន្ទីរសុខាភិបាល១១ខេត្ត ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ការចែកជូននេះធ្វើឡើង បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់រថយន្តគ្លីនិកចល័ត និងសម្ភារបរិក្ខារពេទ្យដែលត្រូវបំពាក់ក្នុងរថយន្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកស្រី យក់ សម្បត្តិ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងនឹងផ្ដល់រថយន្តគ្លីនិកចល័ត ទៅដល់មន្ទីសុខាភិបាលគ្រប់បណ្ដាខេត្តទៀត ក្រោយពីទទួលបានជំនួយពីរដ្ឋាភិបាលចិន។ «រថយន្តគ្លីនិកចល័ត២០គ្រឿងនេះ គឺជាជំហានដំបូងក្នុងការចែកជូនដល់មន្ទីរសុខាភិបាល ១១ខេត្តសិន និងជំហានបន្ទាប់ ក្រសួងសុខាភិបាលនឹងចែកជូន២៥ខេត្ត-ក្រុង នៅពេលរដ្ឋាភិបាលចិន ប្រគល់ឲ្យក្រសួង ២០គ្រឿងបន្ទាប់ទៀត»។ នេះជាការបញ្ជាក់របស់អ្នកស្រី យក់ សម្បត្តិ។
នៅក្នុងរថយន្តគ្លីនិតចល័តទាំងនោះ មានបំពាក់នូវគ្រឿង សម្ភារបរិក្ខារពេទ្យ ដូចជា ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម, វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ និងឧបករណ៍មួយចំនួនទៀត ព្រមទាំងគ្រឿងបន្លាស់សរុប ៥% នៃសម្ភារបរិក្ខារពេទ្យទាំងអស់៕
Tag:
ចិន
មន្ទីរសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com