អន្តរជាតិ
លោក មូ​ន ទៅ​ជួប​លោក ត្រាំ ដើម្បី​ធានា​ពី​ជោគជ័យ​ជំនួប​ត្រាំ​-​គីម​នៅ​សិង្ហ​បុរី​ខែក្រោយ​
21, May 2018 , 5:26 pm        
រូបភាព
​នៅ​ថ្ងៃទី​២១ ខែឧសភា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ធ្វើដំណើរ​ទៅ​ជួប​ជាមួយ​សម​ភាគី ដូ​ណា​ល់ ត្រាំ ដើម្បី​ជជែក​ពី​ជំនួប​កំពូល​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ មុន​ធ្វើដំណើរ​ទៅកាន់​អាមេរិក លោក មូ​ន និង​លោក ត្រាំ ក៏បាន​ពិភាក្សាគ្នា​តាម​ទូរ​សព្ទ និង​បាន​សន្យា​បន្ត​ការប្រឹងប្រែង​ដើម្បី​ធានាថា ជំនួប​នៅ​សិង្ហ​បុរី​នឹង​ទទួលជោគជ័យ​។ ជំនួប​លោក មូ​ន និង​លោក ត្រាំ ធ្វើឡើង​ចំពេល​ដែល​កូរ៉េខាងជើង​ហាក់​ប្ដូរ​ឥរិយាបថ​របស់ខ្លួន និង​គំរាម​លុបចោល​ជំនួប​នៅ​ខែក្រោយ​ផង​។​



​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជុំវិញ​ស្ថានការណ៍​ថ្មីៗ​នៅ​កូរ៉េខាងជើង និង​ជំនួប​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ខែមិថុនា​។ ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២០ ខែឧសភា លោក មូ​ន និង​លោក ត្រាំ បាន​សន្យា​បន្ត​ធ្វើការ​ជាមួយគ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​ឲ្យ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​លើកទីមួយ​ទទួលបាន​ជោគជ័យ​។​

​លោក មូ​ន នៅ​ថ្ងៃទី​២១ ខែឧសភា​នេះ ទៅ​ជួប​លោក ត្រាំ ដោយផ្ទាល់​នៅ​សេត​វិមាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែឧសភា​ដដែល​។ ជំនួប​លោក មូ​ន និង​លោក ត្រាំ ធ្វើឡើង​បី​សប្ដាហ៍​មុន​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក ត្រាំ និង​លោក គីម ដែលមាន​ការលុបបំបាត់​សាយ​នុយក្លេអ៊ែរ​ជា​របៀបវារៈ​សំខាន់​។

​ជំនួប​លើកដំបូង​រវាង​លោក ត្រាំ និង​លោក គីម ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី កំពុងស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់ បន្ទាប់ពី​កូរ៉េខាងជើង​គំរាម​លុបចោល​ជំនួប​នេះ​។ កូរ៉េខាងជើង​ដែល​បង្ហាញ​ជំហរ​ទន់ភ្លន់​នៅ​រយៈពេល​ចុងក្រោយ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់ខ្លួន​ភ្លាមៗ​កាលពី​សប្ដាហ៍​មុន ព្រោះ​មិន​ពេញចិត្ត​សមយុទ្ធ​ដែនអាកាស​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែល​ខ្លួន​ចាត់ទុកជា​សកម្មភាព​បង្ករឿង​។​

​មុន​ជំនួប​ដែល​គេ​ទន្ទឹងរង់ចាំ​មកដល់ អាមេរិក​បាន​សន្យា​ផ្ដល់​សម្បទាន​ជាច្រើន​ឲ្យ​កូរ៉េខាងជើង បើ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​សុខចិត្ត​លះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo ធ្លាប់​និយាយ​ជា​សាធារណៈ​ថា ក្នុងករណី​ក្រុង​ព្យុងយ៉ាង​រំសាយ​អាវុធ​នោះ ក្រុង​វ៉ាស៊ីនតោន​អាច​លើកលែង​ទណ្ឌកម្ម និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​អាមេរិក​ទៅ​វិនិយោគ​នៅ​កូរ៉េខាងជើង ព្រមទាំង​ជួយ​ឲ្យ​មាន​សេដ្ឋកិច្ច​រីកចម្រើន​ដូច​កូរ៉េខាងត្បូង​ផង​។​

​ដោយ​ឡែ​លោក ត្រាំ ក៏បានផ្ដល់​ការធានា​សុវត្ថិភាព​ដ៏​ធំ​មួយ​ឲ្យ​លោក គីម ដែរ​។ នោះ គឺ​លោក គីម នឹង​នៅ​បន្ត​ដឹកនាំ​កូរ៉េខាងជើង​ដដែល បន្ទាប់ពី​ព្រមព្រៀង​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​ចោល​ហើយ​នោះ​។ យ៉ាងណាមិញ ទន្ទឹមគ្នានេះ​ប្រធានាធិបតី​អាមេរិក​ក៏​ព្រមាន​ទុក​មុន​ថា ក្នុងករណី​ដែល​កូរ៉េខាងជើង​មិន​ព្រម​បោះបង់​អាវុធ កូរ៉េខាងជើង​នឹង​អាច​រង​ការវាយប្រហារ ហើយ​លោក គីម នឹងត្រូវ​ទម្លាក់​ពី​តំណែង​ផងដែរ​៕


Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  មូ​ន ចេ​អ៊ី​ន​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com