អន្តរជាតិ
ប៉ូលិសថៃ ព្យាយាមបំបែកបទល្មើសជួញដូរ«ជនជាតិរ៉ូហ៊ីងយ៉ា»ពីថៃទៅម៉ាឡេស៊ី រូបភាព AFP
× អាជ្ញារធរក្រុងបាងកក កំពុងតែបំបែកសំណុំរឿងបទល្មើសជួញដូរមនុស្សពាក់ព័ន្ធនឹងជនភៀសខ្លួនភាគតិចដ៏អភ័ព្វរបស់មីយ៉ាន់ម៉ាតាមព្រំដែនថៃ និងម៉ាឡេស៊ីដោយសម្ងាត់។ អាជ្ញាធរបានរកឃើញថា ក្រុមហ៊ុនខុសច្បាប់នោះ បានបង្កើតជាមធ្យោបាយដឹកជញ្ជូនសម្រាប់រ៉ូហ៊ីងយ៉ាហើយចុងក្រោយជួញដូរពួកគេទៅម៉ាឡេស៊ី ។
អនុប្រធានប៉ូលិសទេសចរណ៍ថៃលោកឧត្តមសេនីយ៍ Surachet Hakpan បានឲ្យដឹងថា តាមរយៈប្រតិបត្តិការរបស់ប៉ូលិសបានរកឃើញថា ឡានក្រុងជាច្រើនគ្រឿងបានលាក់ជនជាតិរ៉ូហ៊ីងយ៉ាដើម្បីជួញដូរខុសនៅខេត្តភាគខាងត្បូង ហើយនៅពេលពួកគេទៅដល់ទីនោះវានឹងមានភ្នាក់ងារចាំទទួលដើម្បីយកពួកគេទៅម៉ាឡេស៊ី។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃ២០ ឧសភា។
តាមប្រភពព័ត៌មានដដែលនោះលោកឧត្តមសេនីយ៍ខាងលើក៏បានអះអាងផងដែរថា ប៉ូលិសបានកំណត់មុខសញ្ញាបុរសបរទេសម្នាក់រួចហើយ ដែលប៉ូលិសសង្ស័យថា មេខ្យល់នៅក្នុងបទល្មើសរត់ពន្ធជនជាតិរ៉ូហ៊ីងយ៉ាខុសច្បាប់ទៅកាន់ភាគខាងត្បូងប្រទេសតាមរយៈឡានក្រុង។ ប៉ូលិសថៃក៏កំពុងតែតាមដានសកម្មភាពរបស់គេ និងត្រៀមចេញដីកាចាប់ខ្លួនជនសង្ស័យនោះផងដែរ។
បើតាមការបញ្ជាក់របស់មន្ត្រីនគរបាលទេសចរណ៍ជាន់ខ្ពស់រូបនេះ យ៉ាងហោចណាស់មានឡានក្រុង ដែលស្ថិតក្រោមយីហោ« Rohinya Express » ចំនួន ៣០ គ្រឿងកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើសនេះ។
គួរជម្រាបផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលផ្ទុះចេញពីអស្ថិរភាពក្នុងស្រុកមីយ៉ាន់ម៉ា បានបង្កើតជាចលនាជួញដូរមនុស្សគ្រប់រូបភាពទាំងតាមរយៈមធ្យោបាយទឹកនិងមធ្យោបាយដីគោក។ ជនភៀសខ្លួនរាប់សែននាក់បានបន្តចាកចេញពីប្រទេសរបស់ពួកគេទៅកាន់ប្រទេសជិតខាងដោយខុសច្បាប់។
នៅឆ្នាំ២០១៥កន្លងទៅ ដោយសារតែមានការរិះគន់ខ្លាំងពីបណ្តាសហគមន៍អន្តរជាតិ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានដឹកជញ្ជូនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ពីប្រទេសថៃនិងម៉ាឡេស៊ីទៅប្រទេសខ្លួនវិញ។ ក៏ប៉ុន្តែសម្រាប់វិបត្តិជនភៀសខ្លួន ដែលផ្ទុះឡើងជាថ្មីនៅចុងឆ្នាំ២០១៧មក មីយ៉ាន់ម៉ាមិនទាន់មានដំណោះស្រាយត្រឹមត្រូវឡើយ ដែលហេតុផលនេះហើយបានជាវាមានចលនារត់ពន្ធមនុស្សខុសច្បាប់ជាថ្មីបែនេះ៕
Tag:
ថៃ
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com