ជាតិ
បោះឆ្នោត
មេទ័ពបីរូបឈរឈ្មោះតំណាងរាស្ត្រ, តំណែងក្នុងយោធានឹងត្រូវជំនួស ពីឆ្វេងទៅស្តាំ៖ លោក ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភា
× ក្នុងចំណោមបេក្ខជនពេញសិទ្ធិ១២៥រូបរបស់គណបក្សប្រជាជនកម្ពុជា ដែលឈរឈ្មោះជាតំណាងរាស្ត្រសម្រាប់នីតិកាលទី៦នេះ មានបេក្ខជន៣រូបជាមេទ័ពជាន់ខ្ពស់។
មេទ័ពទាំង៣រូបនោះ រួមមាន នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ច្បាប់ តម្រូវឲ្យមេទ័ពទាំង៣រូប ព្យួរតំណែងសិន មុននឹងទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។ លោក បន្តថា តំណែងរបស់ពួកគាត់ នឹងត្រូវជំនួសដោយអ្នកផ្សេង។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិ់ មិនទាន់អាចបញ្ជាក់បាននោះទេថា អ្នកណាខ្លះ នឹងត្រូវកាន់តំណែងកំពូលរបស់មេទ័ពទាំង៣រូបនោះ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«ពេលពួកគាត់ទៅ គេយកអ្នកផ្សេងមកជំនួស [តំណែងរបស់ពួកគាត់] ហើយ។
សំឡេងរបស់លោក ឈុំ សុជាតិ
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់សារព័ត័ថ្មីៗបន្ថែមពីលើអ្នកនាំពាក្យក្រសួងការពារជាតិថា អ្នកណាក៏ដោយ ឲ្យតែជាមន្ត្រីរាជការ យោធា និងនគរបាល ត្រូវតែព្យួរឈ្មោះឬតំណែង មុននឹងទៅឈរជាបេក្ខជនតំណាងរាស្ត្រ ព្រោះច្បាប់បានកំណត់មកបែបនេះ។ អ្នកនាំពាក្យគណបក្សកាន់អំណាច បញ្ជាក់បែបនេះថា៖«មិនមែនអង្គភាពមួយ មានតែមនុស្សម្នាក់ឯណា។ បើកាលណាជាប់ឆ្នោត ហើយពួកគាត់ទៅធ្វើជាតំណាងរាស្ត្រ ការងារកន្លែងពួកគាត់ គឺថាប្រធានអង្គភាព ដាក់អ្នកផ្សេងជំនួយហើយ។ វាជារឿងធម្មតាទេ»។
យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បញ្ជាក់ថា គ.ជ.ប. មិនទាន់ទទួលបានលិខិតព្យួរតំណែងរបស់មេទ័ពទាំងនោះ នៅឡើយទេ។ បើតាមលោក ហង្ស ពុទ្ធា ដំណាក់កាលនេះ ពួកគាត់ គ្រាន់តែមានកិច្ចសន្យាប៉ុណ្ណោះថា ពួកគាត់ នឹងដាក់លិខិតព្យួរតំណែងទៅកាន់គ.ជ.ប. ឲ្យបានមុន៧ថ្ងៃ នៃការឈានមកដល់នូវការឃោសនាបោះឆ្នោត។ ការឃោសនា នឹងចាប់ផ្តើមពីថ្ងៃ៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនាំពាក្យគ.ជ.ប. ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«កិច្ចសន្យាហ្នឹង ពួកគាត់ត្រូវធ្វើលិខិតសុំឈប់ពិសេស [ឬលិខិតសុំព្យួរតំណែង] ឲ្យទាន់មុនការឃោសនា៧ថ្ងៃ។ បើធ្វើមិនទាន់ទេ គ.ជ.ប. នឹងលុបឈ្មោះរបស់ពួកគាត់ចោល»។
មាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យ៉ាងដូច្នេះថា៖«ប្រសិនបើមន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាប់ឆ្នោត សាមីខ្លួន ត្រូវដាក់ពាក្យទៅកាន់សាមីក្រសួង ឬសាមីអង្គភាព ដើម្បីសុំទៅបម្រើការងារក្រៅក្របខ័ណ្ឌដើម ក្នុងរយៈពេលអាណត្តិរបស់ខ្លួន។ […..] ពេលចប់អាណត្តិជាតំណាងរាស្ត្រ សាមីខ្លួន អាចសុំត្រឡប់មកបម្រើការងារនៅក្រសួង ឬអង្គភាពដើមវិញ ប៉ុន្តែមុខងារអាស្រ័យដោយសាមីក្រសួង ឬសាមីអង្គភាព ជាអ្នកសម្រេច»។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឈរលេខរៀងទី១ នៅខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ គន់ គីម ឈរនៅខេត្តឧត្តរមានជ័យ ហើយនាយឧត្តមសេនីយ៍ មាស សុភា ឈរនៅខេត្តព្រះវិហារ។ នេះបើយោងតាម បញ្ជីបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបាន គ.ជ.ប. ប្រកាសទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២0១៨។ អាសនៈរដ្ឋសភា សម្រាប់ខេត្តឧត្តរមានជ័យ មានតែ១ប៉ុណ្ណោះ ហើយនៅខេត្តព្រះវិហារ ក៏មានតែ១ដែរ។
ក្រៅពីគណបក្សប្រជាជនកម្ពុជា នៅមានគណបក្ស១៩ទៀត បានដាក់ពាក្យទៅកាន់គ.ជ.ប. ដើម្បីចូលរួមប្រកួតយកអាសនៈរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២0១៨៕
Tag:
បោះឆ្នោត
ប៉ុល សារឿន
គន់ គីម
មាស សុភា
ហង្ស ពុទ្ធា
គជប
© រក្សាសិទ្ធិដោយ thmeythmey.com