អន្តរជាតិ
ណា​ជីប អះអាងថា​លោក​មិនបាន​លួច​លុយ​រដ្ឋ ហើយ​បក្ស​លោក​ចាញ់ឆ្នោត​ព្រោះ​ការបោះឆ្នោត​មិន​យុត្តិធម៌
21, May 2018 , 10:59 pm        
រូបភាព
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ អះអាង​ប្រាប់​អ្នកគាំទ្រ​ខ្លួន​កាលពី​ចុង​សប្តាហ៍​កន្លងមក​ថា ការបោះឆ្នោត​ថ្ងៃ ៩ ខែឧសភា កន្លង​មកវា​មិនមាន​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​ឡើយ ហើយ​វា​មិនមែនជា​កំហុស​របស់លោក​ឡើយ​ដែល​លោក​ចាញ់ឆ្នោត​។ លោក​ក៏បាន​ប្រកាស​ជាថ្មី​លោក​ស្អាតស្អំ​មិនបាន​លួច​លុយ​រដ្ឋ​ឡើយ ហើយ​លោក​ក៏​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន​ដែល​ធ្វើ​ដាក់​លោក​ប្រៀបដូចជា​ចោរប្លន់​នោះ​។



ក្រោយ​ចាញ់ឆ្នោត​មួយ​សប្តាហ៍ លោក ណា​ជីប រ៉ា​ហ្សា​ក់ អតីត​ប្រធាន​បក្ស​កាន់អំណាច UMNO ត្រឡប់​ទៅកាន់​មណ្ឌល​របស់ខ្លួន​នៅ​ក្រុង Pekan នៅ​ថ្ងៃអាទិត្យ​ទី ២១ ខែឧសភា​។ នៅ​ទីនោះ​លោក​បាន​ចំណាយ​ពេលវេលា​លើស​កន្លះ​ម៉ោង​ដើម្បី​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ចាញ់ឆ្នោត​កន្លងមក​។​

បើតាម​ការចុះផ្សាយ​រប​ស់ទូ​រទស្ស​សិង្ហ​បុរី Channel News Asia លោក ណា​ជីប បាន​ព្យាយាម​ពន្យល់​ប្រជាជន​ដែល​ស្រលាញ់​លោក​ស្មោះស្ម័គ្រ​នៅ​ក្រុង Pekan ថា បក្ស​កាន់អំណាច​ចាញ់ឆ្នោត​ដោយសារ​ការបោះឆ្នោត​កន្ល​ង​មក​មិនមាន​យុត្តិធម៌​។

១.​បក្ស​ចាញ់ឆ្នោត​មិនមែន​ដោយសារ​លោក​ផ្ទាល់ តែ​ព្រោះ​ការបោះឆ្នោត​មិន​យុត្តិធម៌​?

​គណបក្ស UMNO ចាញ់ឆ្នោត​ជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ដែរ​កន្លងមក​ព្រោះ​បក្ស​នេះ​បាន​កាន់អំណាច​ជាង ៦០ ឆ្នាំ​មកហើយ​រាប់​ចាប់ពី​ម៉ាឡេស៊ី​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ឆ្នាំ ១៩៥៧​។ ម្យ៉ាងទៀត លោក ណា​ជីប ជា​មេដឹកនាំ​បក្ស​ដំបូង​បំផុត​ដែល​ធ្វើ​ឲ្យ​បក្ស​ចាញ់ឆ្នោត​ផងដែរ​។​

យ៉ាងណាក៏ដោយ បើតាម​ការពន្យល់​រប​ស់លោក ណា​ជីប ផ្ទាល់  វា​មិនមែនជា​កំហុស​លោក​ឡើយ​ដែល​គណបក្សកាន់អំណាច​ចាញ់ឆ្នោត​។ ផ្ទុយទៅវិញ​លោក​បានដាក់​កំហុស​លើ​ការបោះឆ្នោត​ដែល​មិនមាន​យុត្តិធម៌ ហើយ​លោក​ចោទថា គណបក្សប្រឆាំង​មិន​ផ្តោត​សំខាន់​លើ​ការតស៊ូ​មតិ​នយោបាយ​តែ​ប្រើ​ល្បែង​នយោបាយ​ស្មោគគ្រោក​ដើម្បី​វាយប្រហារ និង​យកឈ្នះ​លើ​បក្ស​របស់លោក​។

​អតីត​នាយករដ្ឋមន្ត្រី​វ័យ ៦៤ ឆ្នាំ រូបនេះ​បាន​ថ្លែង​ដូច្នេះ​៖ «​វា​មិនមែនជា​ការប្រកួតប្រជែង​គំនិត​ឡើយ​។ វា​ជាការ​ប្រកួតប្រជែង​ព័ត៌មាន​ក្លែងក្លាយ​។ វា​មានការ​ឃោសនា​ពាក់ព័ន្ធ​ការវាយប្រហារ​រឿង​បុគ្គល ប្រមាថ​គ្នា ការ​ស្អប់ខ្ពើម និង​ពាក្យសន្យា​ផ្អែមល្ហែម​ដែល​ភាគច្រើន​មិនអាច​សម្រេចបាន​នោះ​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ពួកគេ​ធ្វើ​ឲ្យ​យើង​ចាញ់ឆ្នោត​»​។​

​ក្រៅពី​រៀបរាប់​ពី​ការបោះឆ្នោត​មិន​ត្រឹមត្រូវ លោក ណា​ជីប បាន​ឆ្លៀត​ពន្យល់ថា បក្សប្រឆាំង​ដែលមាន​លោក មហា​ធៀ មហាម៉ាត់ បាន​ព្យាយាម​ចោទប្រកាន់ថា ភរិយា​លោក​មាន​ឥទ្ធិពល​ក្នុងការ​សម្រេចចិត្ត​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំបាក់​ប្រជាប្រិយភាព​លោក និង​បក្ស​ផង​។

«​គេ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ខ្ញុំ​ចាញ់ឆ្នោត​។ គេ​វាយប្រហារ​ខ្ញុំ និង​ភរិយា​ខ្ញុំ​ដោយ​និយាយថា ខ្ញុំ​នេះ​ត្រូវ​រត់ទៅរក​ភរិយា​ខ្ញុំ​មុននឹង​សម្រេចចិត្ត​អ្វីមួយ​។ នេះ​ជាការ​ប្រមាថ​មួយ​។ យើង​សម្រេចចិត្ត​នៅក្នុង​គណៈរដ្ឋមន្ត្រី​មិនមែន​នៅផ្ទះ​ខ្ញុំ​ទេ​។ ភរិយា​ខ្ញុំ​ដឹង​រឿង​ច្រើនណាស់​ប៉ុន្តែ​មិនមែន​មានន័យថា នាង​ជា​អ្នកសម្រេចចិត្ត​ចុងក្រោយ​ឡើយ​»​។​

យ៉ាងណាក៏ដោយ បើទោះជា​លោក ណា​ជីប អះអាងថា ខ្លួន​គ្មាន​កំហុស​ក្នុងពេល​បក្ស​ចាញ់ឆ្នោត​ក្តី កន្លងមក​សមាជិក​ប​ក្ស​កាន់អំណាច​ខ្លះ​បាន​ចង្អុល​ដាក់​លោក ណា​ជីប រួចទៅហើយ​ជុំវិញ​មូលហេតុ​ដែល​បក្ស​ចាញ់ឆ្នោត​នោះ​។ មេក្រុម​យុវជន​លោក Khairy Jamaluddin បក្ស​អះអាងថា ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​គ្មាន​អ្នកណា​ទទួលស្គាល់ថា បក្ស​កំពុងមាន​បញ្ហា​ឡើយ ហើយ​គ្រប់គ្នា​មិនមាន​ហ៊ាន​និយាយ​ការពិត​ទេ​ព្រោះ​គេ​ចង់​ការពារ​លោក ណា​ជីប​។

ចំណែក​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់លោក ណា​ជីប ថា​បក្ស​កាន់អំណាច​ចាញ់ឆ្នោត​ដោយសារ​ការបោះឆ្នោត​មិន​យុត្តិធម៌ វា​ហាក់ដូចជា​ចាក​ឆ្ងាយ​ពី​ការពិត​បន្តិច​។ គេ​នៅចាំ​ថា គណបក្សកាន់អំណាច​ខ្លួនឯង​ទេ​ដែល​រៀបចំ​ជើង​ព្រួល​ដើម្បី​ឲ្យ​ខ្លួន​ឈ្នះឆ្នោត​ជាថ្មី និង​រក្សា​អំណាច​បាន​ទៀត​នោះ​។ ចំណាត់ការ​របស់លោក ណា​ជីប នោះ​មានការ​កំណត់​ផែនទី​មណ្ឌលបោះឆ្នោត​ជាថ្មី​, ការរៀបចំ​ការបោះឆ្នោត​ចំ​ថ្ងៃ​ធ្វើការ និង​ប្រើប្រាស់​ឥទ្ធិពល​លើ​គណៈកម្មការ​បោះឆ្នោត​ឲ្យ​បដិសេធ​ការចុះបញ្ជី​បក្សប្រឆាំង និង​បេក្ខជន​បក្សប្រឆាំង​ថែមទៀត​។​

 ២.​ណា​ជីប​៖ «​ខ្ញុំ​មិនបាន​លួច​លុយ​រដ្ឋ​ឡើយ ខ្ញុំ​ព្រម​ចេញពី​តំណែង​ស្រួលបួល តែ​គេ​ធ្វើ​ដាក់​ខ្ញុំ​បែបនេះ​»

​ក្រៅពី​ការពន្យល់​ពី​ខ្លួន​ជា​ជនរងគ្រោះ​នយោបាយ លោក ណា​ជីប បាន​ប្រាប់​អ្នកគាំទ្រ​បន្ថែមថា លោក មិនមែនជា​អ្ន​នយោបាយ​ដែល​លួច​លុយ​រាស្ត្រ​ដូច​គេ​ចោទប្រកាន់​ឡើយ​។
តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Star Online លោក ណា​ជីប បាន​និយាយ​ដូច្នេះ​៖ «​ខ្ញុំ​មិនមែនជា​មនុស្ស​ដែល​លួច​លុយ​ដែលជា​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ប្រជាជន​នៅ​ក្រុង Pekan ដឹង​ច្បាស់​ថា​ខ្ញុំ​មិនដែល​លួច​។ រយៈពេល ៤២ ឆ្នាំ​មកហើយ​ខ្ញុំ​បាន​បម្រើប្រជាជន​នៅ​ទី​នះ​»​។​

តាមពិតទៅ​លោក ណា​ជីប រ៉ា​ហ្សា​ក់ ស្ថិតក្រោម​ការស៊ើបអង្កេត​កម្រិត​ខ្ពស់​មួយ​ដោយសារ​លោក​ជាប់​ពាក់ព័ន្ធ​ករណី​ពុករលួយ​មូលនិធិ​រដ្ឋ 1MDB​។ ការស៊ើបអង្កេត​នេះ​ចាប់ផ្តើម​ឡើងវិញ​ក្រោយ​លោក មហា​ធៀ ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី ៧ របស់​ម៉ាឡេស៊ី ហើយ​លោក​សន្យា​យកលុយ​រដ្ឋ​ដែល​បាត់​នោះ​ត្រឡប់មកវិញ​ផងដែរ​។

​បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​ដែល​បាន​ស្រាវជ្រាវ​ក្នុងករណីនេះ​បាន​អះអាងថា មន្ត្រី​ក្នុង​មូលនិធិ​នេះ​បាន​កិបកេង​លុយ​ប្រហែល ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​មួយផ្នែក​នៃ​លុយ​នោះ​មាននៅ​ក្នុង​គ​ណី​ធនាគារ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ផង​។ ក្នុង​ឆ្នាំ ២០១៣ លុយ​មាន​ទំហំ ៦៨១ លាន​ដុល្លារ នៃ​មូលនិធិ​នេះ ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក​។ ប៉ុន្តែ​លោក​បាន​បដិសេធ និង​អះអាងថា វា​ជា​លុយ​អំណោយ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ឲ្យ​ប៉ុណ្ណោះ​។​

​ក្រោយ​មាន​បទបញ្ជា​ឲ្យ​ផ្តើម​ការស៊ើបអង្កេត​ឡើ​វិញ ស្ថាប័ន​ស៊ើបអង្កេត និង​មន្ត្រី​អនុវត្ត​ច្បាប់​ចាប់ផ្តើម​ចុះ​ឆែកឆេរ​ទីតាំង​សំខាន់ៗ​ដើម្បី​រុករក​ភស្តុតាង​និង​ឯកសារ​ពាក់ព័ន្ធ​នឹង​លោក ណា​ជីប ផង​។ ទីតាំង​ជាច្រើន​កន្លែង​រួមទាំង​ផ្ទះ និង​ខុន​ដូ​របស់លោក​ផ្ទាល់ និង​របស់​ក្រុមគ្រួសារ​លោក​ផង​ត្រូវបាន​ប៉ូលិស​ចូល​ឆែកឆេរ​ទាំងអស់​។ ក្រៅពី​ឆែកឆេរ កាបូប​យួរដៃ​រាប់រយ​បូករួម​ជាមួយ​គ្រឿងអលង្កា​រ និង​ស្បែកជើង​ដែលជា​របស់​ក្រុមគ្រួសារ​លោក ណា​ជីប នោះ​ត្រូវបាន​ប៉ូលិស​រឹបអូស​ផងដែរ​។

ការចូល​ឆែកឆេរ និង​រឹបអូស​យក​ទ្រព្យសម្បតិ្ត​នេះ​ធ្វើ​ឲ្យ​លោក ណា​ជីប ខឹងសម្បារ​ខ្លាំង​ដែរ ហើយ​លោក​រិះគន់ថា អាជ្ញាធរ​គួរ​ធ្វើ​សកម្មភាព​ឲ្យ​សមរម្យ​ចំពោះ​លោក​ក្នុងនាម​ជា​អតីត​មេដឹកនាំ​។​

«​ខ្ញុំ​ព្រម​ចុះ​ចេញពី​តំណែង​ដោយ​ស្រួលបួល តែ​នេះ​ជា​អ្វីដែល​គេ​ធ្វើ​ដាក់​ខ្ញុំ​។ សូម្បីតែ​ផ្ទះ​កូន​ខ្ញុំ​ក៏​ត្រូវគេ​ចូលទៅ​ឆែកឆេរ​ដែរ​។ ស្បែកជើង​កូនក្មេង​ត្រូវគេ​រឹបអូស ហើយ​អំ​ណាយ​ដែល​បាន​ថ្ងៃ​ការកូន​ខ្ញុំ​ក៏​ត្រូវគេ​រឹបអូស​ដូចគ្នា​។ តើ​វា​មាន​ទាក់ទង​អ្វី​រវាង​មូលនិធិ 1MDB និង​ស្បែកជើង​កូនក្មេង​នោះ ហើយ​វា​មាន​ទាក់ទង​អ្វី​គ្នា​ជាមួយ​អំណោយ​ថ្ងៃ​ការ​នោះ​?» លោក ណា​ជីប បាន​ថ្លែងប្រាប់​ប្រជាជន​ជា​អ្នកគាំទ្រ​លោក ដូច្នេះ​។ 

ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការស៊ើបអង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​អតីត​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នេះ ប្រធាន​សាខា​បក្ស UMNO នៅ​ក្រុង Pekan លោក Zakri Kassim បាន​ថ្លែងប្រាប់​ទូរទស្សន៍​សិង្ហ​បុរី​ថា​លោក​មិន​ពេញចិត្ត​សោះ​ដែល​គេ​ធ្វើ​ដាក់​លោក ណា​ជីប ប្រៀប​ដូច​លោក​នោះ​ជា​ចោរប្លន់​។

សមាជិក​បក្ស UMNO ខាងលើ​ថ្លែង​បែបនេះ​៖ «​លោក ណា​ជីប ត្រូវគេ​ចាត់ទុក​ដូចជា​ចោរប្លន់ ប៉ុន្តែ​គ្មាន​ភស្តុតាង​ណាមួយ​ដែល​គេ​រកឃើញថា លោក​ធ្វើ​ខុស​ឡើយ​។  ប៉ុន្តែ​បក្ស UMNO នឹង​រះ​ត្រដែត​ឡើង​ជាថ្មីទៀត​មិន​ខាន​»៕


Tag:
 ណា​ជីប រ៉ា​ហ្សា​ក់​
  ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com