ជាតិ
លោក ហ៊ុន ម៉ានី អំពាវនាវដល់ពលរដ្ឋឲ្យប្រយ័ត្នអំពីការវាយលុកបែបថ្មីលើទំព័រហ្វេសប៊ុក ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី
× ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ានី ត្រូវបានក្រុម hackers វាយលុកតាំងពីថ្ងៃម្សិលមិញ ដោយទាញទម្លាក់ចំនួន like និង follower យ៉ាងគំហុក។ ទោះយ៉ាងណាក៏ដោយ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអះអាងថា លោកនៅតែអាចគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោក ហើយក្រុមការងាររបស់លោកក៏កំពុងតាមដាន និងទប់ទល់នឹងការវាយលុករបស់ក្រុម hackers នេះដែរ។
«ការវាយប្រហារលើទំព័រហ្វេសប៊ុករបស់ខ្ញុំនៅពេលនេះ ប្លែកជាងមុន។ ពួកគេមិនបានដូរ password និង admin របស់ខ្ញុំទេ។ ខ្ញុំអាចចូលក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបាន។ ប៉ុន្តែពួកគេបានទាញទម្លាក់ចំនួន like និង follower តាំងពី១៦ម៉ឺន មកដល់ពេលនេះគឺនៅត្រឹម៥៤០០០ likes»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី២២ខែឧសភានេះ ដោយបន្តថា ក្រុម hacker បានទាញទម្លាក់ចំនួន Likes ហើយនិងបានរារាំងមិនឲ្យសាធារណជន Follow ទំព័រហ្វេសប៊ុករបស់លោកបានទៀតផង។
លោក ហ៊ុន ម៉ានី ចង់បង្ហាញពិសោធន៍ ឬករណីនេះទៅប្រជាពលរដ្ឋអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ ដើម្បីពួកគេមានការប្រុងប្រយ័ត្ន។ ទន្ទឹមគ្នានេះ បើតាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដដែល ក្រុមការងាររបស់លោកកំពុងតាមដាន និងសិក្សាអំពីសកម្មរបស់ក្រុម hackers។ លោកបានអធិប្បាយបន្ថែមប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«ខ្ញុំមិនទាន់អាចសន្និដ្ឋានថាក្រុម hackers មានប្រភពនៅទីណាទេ។ ប៉ុន្តែនេះការវាយលុកប្រភេទនេះ វាជាឧទាហរណ៍ថ្មីមួយទៀត ដែលខ្ញុំចង់ប្រាប់ទៅសាធារណជន ឲ្យប្រុងប្រយ័ត្ន។ ខ្ញុំជាអ្នកនយោបាយ វាមិនចម្លែកទេសម្រាប់ខ្ញុំ»។
នេះជាការវាយលុកសារជាថ្មីទៀតទៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតក្នុងខែកក្កដាខាងមុខនេះទៀតដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com