ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ កម្ពុជា មិនមែនជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណា​ឡើយ​
22, May 2018 , 9:46 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាថ្មី​ថា កម្ពុជា មិនមែនជា​ប្រទេស​ដែល​ស្ថិតនៅក្នុង​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ​ឡើយ​។ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​ស្របពេល​មជ្ឈដ្ឋាន​ទូទៅ​កំពុង​រង់ចាំ​មើល​ស្ថានការណ៍​នយោបាយ នៃ​ការបោះឆ្នោត​មកដល់​នាពេលខាងមុខ​។​

 
​សម្ដេច ហ៊ុន សែន បាន​និយាយថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​ធម្មតា ដោយ​គ្មាន​ការប្រែប្រួល​អ្វី​ឡើយ បើទោះជា​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ពោល​គឺមាន​គណបក្ស​ដ​ទៃ ចូលរួម​ការបោះឆ្នោត​នេះ​។ ក្នុងន័យនេះ ប្រមុខ​រដ្ឋាភិបាល ចង់​សំដៅថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យ និង​មិនមែនជា​ចំណាប់ខ្មាំង​អ្នកណា​ឡើយ​។​
 
​ថ្លែង​ចំពោះមុខ​និស្សិត​ជាង​៣​ពាន់​នាក់ នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយថា​៖«​យើង​បន្ត​ជាមួយគ្នា​នូវ សុខសន្តិភាព និង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​យើង តាមរយៈ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​នេះ ហើយ​កម្ពុជា​មិនមែនជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ ឬ​មនុ​ស្សណា​ម្នាក់ ឬ​បក្សនយោបាយ​នោះទេ ដំណើរការ​បោះឆ្នោត នឹងត្រូវ​ដំណើរការ​ដោយ​គ្មាន​ការពន្យា​ពេល​»​។​
 
​ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នេះ គឺជា​ឆ្លើយតប​ទៅ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ កុំទៅ​ចូលរួម​បោះឆ្នោត និង​ទាមទារ​ឲ្យ​សហគម​អន្តរជាតិ ដាក់​សម្ពាធ​មកលើ​រដ្ឋា​ភិ​បាល​កម្ពុជា ជុំវិញ​ការបោះឆ្នោត ដែល​គ្មាន​គណបក្ស​ខ្លួន​ចូលរួម​។​
 
​កន្លងមក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាសថា បើ​ទោះ​អន្តរជាតិ​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ក្តី ប៉ុន្តែ​កម្ពុជា ក៏​គ្មាន​ការរៀបចំ​ការបោះឆ្នោត​ម្ដងទៀត ដើម្បី​ផ្គាប់ចិត្ត​បរទេស​ដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២២ ឧសភា​នេះ មាន​គណបក្សនយោបាយ​ចំនួន​១៦​ហើយ ដែល​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ​៕

Tag:
 ​ហ៊ុន សែន​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com