អន្តរជាតិ
សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ និង​មិន​ទទួលស្គាល់​របប​ដឹកនាំ ម៉ា​ឌូ​រ៉ូ ប៉ុន្តែ​ក្រុម​យោធា​នៅ​គាំទ្រ​
22, May 2018 , 11:51 am        
រូបភាព
 ការជាប់ឆ្នោត​ជាថ្មីទៀត​កាលពី​ចុង​សប្តាហ៍​របស់លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ប្រហែលជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​អភិជន​មួយ​ក្តាប់​តូច​ដែល​គ្រប់គ្រង​រដ្ឋ​អាមេរិក​ឡាទីន​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ ប៉ុន្តែ​វា​ជា​ដំណឹង​អកុសល​សម្រាប់​ប្រជាជន​ដែល​កំពុង​រស់នៅ​លំបាក​វេទនា​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​។ ដំណឹង​អាក្រក់​ក៏ ព្រោះថា ស្ថានភាព​នឹង​កាន់តែ​ដុនដាប​ទាំង​សេដ្ឋកិច្ច និង​នយោបាយ ដោយសារ​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​លទ្ធផល និង​បង្កើន​សម្ពាធ​ការទូត និង​សេដ្ឋកិច្ច​។ ប៉ុន្តែ​ទោះ​វិបត្តិ​ធ្ងន់ធ្ងរ​ក្តី ការផ្លាស់ប្តូរ​របប​ទំ​នង​មិន​កើតឡើង​ងាយ​ឡើយ ដ្បិត​យោធា​នៅ​ជ្រោមជ្រែង​លោក ម៉ា​ឌូ​រ៉ូ​នៅឡើយ​។



​លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ អតីត​អ្នក​បើកឡាន​ក្លាយជា​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នឹង​បន្ត​កាន់តំណែង​ប្រាំមួយ​ឆ្នាំ​ទៀត​ដើម្បី​ដឹកនាំ​ប្រទេស​ដែល​កំពុង​ផុងខ្លួន​ជ្រៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​ប្រឈមមុខ​គ្រោះមហន្តរាយ​មនុស្សជាតិ​។ គ្មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា ប្រទេស​នេះ​នឹង​អាច​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​វិញ​ឡើយ​ចាប់​ពីនេះ​ទៅមុខ ដរាបណា​គ្មាន​ការផ្លាស់ប្តូរ​របប​ដឹកនាំ​ចាស់​ទេនោះ​។

១.​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​លទ្ធផល ហើយ​ត្រៀម​លត់​វេ​ណេ​ស៊ុយ​អេ​ឡា​ដោយ​ទណ្ឌកម្ម​
​គណៈកម្មការ​បោះឆ្នោត​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​បញ្ជាក់ថា អ្នក​ទៅ​បោះឆ្នោត​មាន​ប្រហែល ៤៦,១​ភាគរយ​ប៉ុណ្ណោះ​ដែល​វា​បង្ហាញ​ឲ្យ​ឃើញថា ប្រជាជន​មិន​ចាប់អារម្មណ៍​នឹង​ការបោះឆ្នោត​ឡើយ​។ ក្រៅពី​ភាគរយ​អ្នក​ទៅ​បោះឆ្នោត​មាន​កម្រិត​ទាប​ហួស​ស្មាន ការបោះឆ្នោត​នេះ​ទៀតសោត​សម្បូរ​ដោយ​បញ្ហា​មិន​ប្រក្រតី និង​ការទិញ​សន្លឹកឆ្នោត​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​លោក ម៉ា​ឌូ​រ៉ូផង​។ ម្យ៉ាង​ការបោះឆ្នោត​នេះ​រៀបចំ​ដោយ​​ក្រុមប្រឆាំង​ពហិកាចូលរួមផងដែរ​។

​ហេតុផល​នេះហើយ សហគមន៍​អន្តរជាតិ​បានចាត់ទុក​ការបោះឆ្នោត​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​រឿង​មិន​ស្របច្បាប់​ឡើយ​។ រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា ខ្លួន​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​វេ​ណេ​ស៊ុយ​អេ​ឡា​ជាដាច់ខាត ហើយ​វា​នឹង​មានការ​រឹតបន្តឹង​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស​ផងដែរ​។​

​កន្លងមក​អាមេរិក​បាន​គំរាម​ប្រើប្រាស់​កម្លាំង​ប្រឆាំង​របប​ដឹកនាំ​លោក ម៉ា​ឌូ​រ៉ូ ផងដែរ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​មនុស្សជាតិ​កើតឡើង​កាន់តែខ្លាំង​នៅក្នុង​រដ្ឋ​សម្បូរហូរហៀរ​ដោយ​ប្រេង​នេះ​។ វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា​កើតឡើង​ក្រោយ​ការស្លាប់​របស់លោក ហ៊ូ​ហ្គោ ឆា​វេស​ឆ្នាំ ២០១៣ ហើយ​អំពើពុករលួយ ការគ្រប់គ្រង​នយោបាយ​មិន​ត្រឹមត្រូវ ហើយ​គោលនយោបាយ​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង​និង​ឧស្ម័ន ធ្វើ​ឲ្យ​ប្រទេស​នេះ​ប្រឈម​នឹង​វិបត្តិ​។ ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​យ៉ាងគំហុក​ចាប់ពី​ឆ្នាំ ២០១៥​នោះ​ធ្វើ​ឲ្យ​វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ថែមទៀត ដោយសា​រវេ​ណេ​ស៊ុយ​អេ​ឡា​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ការនាំ​ប្រេង​ចេញ​នោះ​។

 បើតាម​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ ២០១៧ របស់​សាកលវិទ្យាល័យ​វេ​ណេ​ស៊ុយ​អេ​ឡា​ចំនួន​បួន ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​មាន​ប្រហែល​ជាង ៨០​ភាគរយ​ដែល​ក្រីក្រ ហើយ​ប្រជាជន​ទាំងនេះ​ប្រឈម​កង្វះ​ស្បៀងអាហារ​បរិភោគ ហើយ​រស់នៅ​លំបាកលំបិន​ជាទីបំផុត​។  ចំណែក​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ថា អត្រា​អតិផរណា​កើន​ឡើងដល់​ច្រើនជាង ជាង​១៣០០០ ភាគរយ​ឯណោះ​ក្នុង​ឆ្នាំ ២០១៨​នេះ ហើយ​ផលិតផល​ក្នុងស្រុក​សរុប​នឹង​ថយចុះ​បន្ថែមទៀត​ដែរ​ក្នុងឆ្នាំនេះ​។​

​ដោយសារ​ស្ថានភាព​នយោបាយ​កាន់តែ​ដុនដាប ក្រោយ​ការ​ឈ្នះឆ្នោត​ជាថ្មី​របស់លោក ម៉ា​ឌូ​រ៉ូ វេ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​ឯកោ​ទៅលើ​ឆាក​អន្តរជាតិ ហើយ​អ្វីដែល​សំខាន់​ប្រទេស​នេះ​នឹង​ប្រឈមមុខ​ជាមួយ​ទណ្ឌកម្ម​ជាច្រើន​ផ្សេងទៀត​ពី​ប្រទេស​ផ្សេងទៀត​ដែរ​ក្រៅពី​អាមេរិក​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រទេស ១៤ ជា​សមាជិក​ក្រុម​លី​ម៉ា (Lima Group)​ដែល​បង្កើតឡើង​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា​នោះ បានប្រកាស​ហើយ​ថា​ខ្លួន​មិន​គាំទ្រ​ការបោះឆ្នោត​ប្រធានាធិបតី​មិន​ស្របច្បាប់​ប​ឡើយ​។ គេ​ឃើញ​អា​ហ្ស​ង់​ទីន​, ប្រេ​ស៊ី​ល និង​កាណាដា បាន កោះហៅ​បេសកជន​ការទូត​របស់ខ្លួន​ត្រឡប់មក​ប្រទេស​វិញ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរ​។​

​ក្រោយពី​សមាជិក​ក្រុម​នេះ គេ​ឃើញ​សមាជិក​ក្រុម​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន ២០ (G20) បានប្រកាស​នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទី​នៅ​សប្តាហ៍​នេះ​ថា ពួកគេ​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ប្រឆាំង​របប​ដឹកនាំ​លោក ម៉ា​ឌូ​រ៉ូ ថែមទៀត​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​របប​ដឹកនាំ​នេះ​ប្តូរ​ឥរិយាបថ​របស់ខ្លួន​ផងដែរ​។​

​ដូច្នេះហើយ ក្រោយ​ការបោះឆ្នោត​នេះ ស្ថានភាព​ជារួម​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​មិនមាន​អ្វី​ល្អប្រសើរ​ឡើយ​។ វេ​ណេ​ស៊ុយ​អេ​ឡា​កាន់​ដុនដាប​ដោយសារ​ភាព​ឯកោ​លើ​ឆាក​អន្តរជាតិ និង​រង​សម្ពាធ​ដោយសារ​ទណ្ឌកម្មសេដ្ឋកិច្ច និង​គំនៀប​ការទូត​ផង​។  ទោះជា​តម្លៃ​ប្រេង​ឆៅ​ហាក់​ងើបក្បាលឡើង​វិញ​ក្តី កង្វះ​ទុនវិនិយោគ​ពី​ក្រៅ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​នោះ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ជិត​រលំ​នោះ​ពិបាក​ងើបឡើង​វិញ​ណាស់​។ 

២.​វេ​ណេ​ស៊ុយ​អេ​ឡា​បន្ទោស​ចក្រពត្តិនិយម​ពេល​ខ្លួន​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​
​ដូច​បាន​រៀបរាប់​ខាងដើម​ស្រាប់ វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា​កើតឡើង​ដោយសារ​បញ្ហា​ផ្ទៃក្នុង​សុទ្ធសាធ​។ សេដ្ឋកិច្ច​ពឹង​លើ​ប្រេង និង​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ដឹកនាំ និង​បង្កើត​គោលនយោបាយ​សេដ្ឋកិច្ច​នោះ​ជា​ឬ​សគល់​នៃ​វិបត្តិ​នេះ​។

​ប៉ុន្តែ​សម្រាប់​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ដែលជា​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​របស់​បក្ស​រួបរួម​សង្គមនិយម (PSUV) ដែល​បង្កើត​ដោយ​លោក ហ៊ូ​ហ្គោ ឆា​វេស យល់ឃើញថា វិបត្តិ​ដែល​កើតឡើង​បច្ចុប្បន្ន​មិនមែន​ដោយសារ​ថ្នាក់ដឹកនាំ និង​បក្ស​ឡើយ តែដោយសារ​ការ​លូកលាន់​ពី​សំណាក់​ប្រទេស​ចក្រពត្តិ​ដូចជា​អាមេរិក​ជាដើម​វិញ​។

​លោក ម៉ា​ឌូ​រ៉ូ  ក្រោយ​ជាប់ឆ្នោត​ជាថ្មី​បានប្រកាសថា លោក​នឹង​បន្ត​ការពារ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ពី​ការគំរាមកំហែង និង​ប្រយុទ្ធ​ប្រឆាំងនឹង​ប្រទេស​ចក្រពត្តិ​សហរដ្ឋអាមេរិក​ផងដែរ​។ កន្លងមក​ពេលដែល​លោក ត្រាំ គំរាម​ប្រើប្រាស់​កម្លាំង​ប្រឆាំង​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ លោក ម៉ា​ឌូ​រ៉េ បាន​ប្រើប្រាស់​លេស​រៀបចំ​សមយុទ្ធ​យោធា​នៅ​ទូទាំងប្រទេស​ថែមទៀត​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​អាមេរិក​។  

៣.​ការប្តូរ​របប​ដឹកនាំ​? ជា​រឿង​វែងឆ្ងាយ​ព្រោះ​លោក ម៉ា​ឌូ​រ៉ូ នៅមាន​យោធា​គាំទ្រ​
​ក្រោយ​វិបត្តិ​កាន់តែ​រីក​ធំ ហើយ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​ច្រើនឡើងៗ​ចាប់ផ្តើម​ស្អប់​មេដឹកនាំ​ខ្លួន នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ គេ​គិតដល់​សេណា​រី​យ៉ូ​ដែលមាន​ការទម្លាក់​មេដឹកនាំ​រូបនេះ​ពី​តំណែង​។ ការទម្លាក់​លោក ម៉ា​ឌូ​រ៉ូ និង​មានការ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ជា​រឿង​វិជ្ជមាន​សម្រាប់​វេ​ណេ​ស៊ុយ​អេ​ឡា ប៉ុន្តែ​ដោយ​របៀប​ណា​នោះ​នៅ​ជា​រឿង​ដែល​គេ​កំពុង​ចោទសួរ​។​

​មកដល់​បច្ចុប្បន្ន ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ប្រហែល ៧៥ ភាគរយ​មិន​ពេញចិត្ត​លោក ម៉ា​ឌូ​រ៉ូ ទេ ប៉ុន្តែ​ក្តី​រំពឹងថា​ប្រជាជន​នឹង​ងើប​តវ៉ា​ទ្រង់ទ្រាយ​ធំ​ដើម្បី​បណ្តេញ​មេដឹកនាំ​នោះ​ជា​រឿង​ពិបាក​កើតឡើង​ណាស់​។​លោក ម៉ា​ឌូ​រ៉ូ នៅ​ទទួលបាន​ការគាំទ្រ​ពេញទំហឹង​ពី​ក្រុម​យោធា ហើយ​ណាមួយ​បក្សប្រឆាំង​នៅ​បែកខ្ញែក​គ្នា​ខ្លាំង​ផង​ជុំវិញ​ការបង្កើត​សម្ព័ន្ធ​រួមមួយ​ដើម្បី​ប្រឆាំង​របប​ដឹកនាំ​បច្ចុប្បន្ន​។

​យ៉ាងណាមិញ បើ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​កាន់​ដុនដាប​ខ្លាំង​ដោយសារ​សម្ពាធ​បរទេស ហើយ​ប៉ះពាល់​ខ្លាំង​ដល់​បណ្តា​ក្រុមមន្ត្រី​រដ្ឋាភិបាល និង​ក្រុម​យោធា​ដែល​នៅ​ជ្រោមជ្រែង​លោក ម៉ា​ឌូ​រ៉ូ ផង​នោះ ស្ថានភាព​ជារួម​នឹង​ប្រែប្រួល​។ រដ្ឋាភិបាល​បច្ចុប្បន្ន​អាច​នឹង​ដួលរលំ ឬក៏​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​យោធា​ដណ្តើម​អំណាច​ដែរ​៕


Tag:
 នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​
  វេ​ណេ​ស៊ុយ​អេ​ឡា​
© រក្សាសិទ្ធិដោយ thmeythmey.com