ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម រង្ស៊ី​៖ បើ​អ្នក​ដេក​ផ្ទះ​ច្រើនជាង​អ្នក​ទៅ​បោះឆ្នោត គឺ​មានន័យថា​សង្គ្រោះ​ជាតិ​ឈ្នះ​
22, May 2018 , 12:59 pm        
រូបភាព
លោក សម រង្ស៊ី ថ្លែងនៅកាន់អ្នកគាំទ្រក្នុងទីក្រុងវែនឃួវើ ប្រទេសកាណាដា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨
លោក សម រង្ស៊ី ថ្លែងនៅកាន់អ្នកគាំទ្រក្នុងទីក្រុងវែនឃួវើ ប្រទេសកាណាដា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ការផ្លាស់ប្តូរ តាមរយៈ​ការបោះឆ្នោត មិនមែនជា​ជម្រើស​របស់លោក សម រង្ស៊ី និង​ក្រុមប្រឆាំង​ទៀតឡើយ សម្រាប់​នីតិកាល​ទី​៦​នេះ​។ ផ្ទុយទៅវិញ ក្រុមប្រឆាំង បាននាំគ្នា​អំពាវនាវ​ស្ទើរ​រាល់ថ្ងៃ ឲ្យ​ប្រជាពលរដ្ឋ បោះបង់​ការបោះឆ្នោត ដោយ​ពួកគេ​អះអាងថា ជា​ផ្លូវ​ដែល​អាច​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។



​លោក សម រង្ស៊ី ដែលជា​ជំហរ​ធំជាងគេ​ក្នុង​ក្រុមប្រឆាំង សន្ម​ត់​ថា អ្នកណា​មិន​ទៅ​បោះឆ្នោត គឺ​បង្ហាញ​ការគាំទ្រ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អ្នកណា​ទៅ​បោះឆ្នោត គឺ​បង្ហាញ​ការគាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។ យ៉ាងណាក៏ដោយ លោក មាន​ជំនឿ​យ៉ាងខ្លាំង​ថា ប្រជាពលរដ្ឋ​ភាគច្រើន ជាពិសេស​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ទៅ​បោះឆ្នោត តាម​ការអំពាវនាវរ​ប​ស់លោក​។

​ក្នុង​វេទិកាសាធារណៈ នៅ​ទីក្រុង​វែ​ន​ឃូ​វើ ប្រទេស​កាណាដា កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ លោក សម រង្ស៊ី បាន​ថ្លែងថា បើ​អ្នក​មិន​ទៅ​បោះឆ្នោត មាន​ចំនួន​ច្រើនជាង​អ្នក​ទៅ​បោះឆ្នោត គឺ​ស្មើនឹង​ជ័យជម្នះ បាន​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​។ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿថា ប្រជារាស្ត្រ​ខ្មែរ អត់​ទៅ​បោះឆ្នោត​ទេ​។ អត់​ទៅ​បោះឆ្នោត គឺ​ថ្កោលទោស​លោក ហ៊ុន សែន​។ មិន​ទៅ​បោះឆ្នោត គឺ​ប្រា​ប់លោក ហ៊ុន សែន ឲ្យ​ចុះចេញ [​ពី​តំណែង​]»​។

​បញ្ច្រាស់​ពី​លោក សម រង្ស៊ី និង​ក្រុមប្រឆាំង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រឹង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជាង​៣​ពាន់​នាក់​នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​ជាថ្មី​ថា ទោះ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ការបោះឆ្នោត នៅតែ​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក ដោយ​មិនមាន​ការប្រែប្រួល​អ្វី​ឡើយ​។

​នៅ​ចំពោះមុខ​និស្សិត សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា​៖«​កម្ពុជា​មិនមែនជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ ឬ​មនុ​ស្សណា​ម្នាក់ ឬ​បក្សនយោបាយ​នោះទេ​។ ដំណើរការ​បោះឆ្នោត នឹងត្រូវ​ដំណើរការ​ដោយ​គ្មាន​ការពន្យា​ពេល​»​។ កន្លងមក ប្រធាន​គណបក្សកាន់អំណាច បានចាត់ទុក​ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត ថា​ជា​ទង្វើ​ដែល​ខុស​នឹង​ច្បាប់ ហើយ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ 

​ចំណែកឯ លោក សុខ ឥសាន   អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រិះគន់​លោក សម រង្ស៊ី ថា បាន​រំលោភច្បាប់​ផ្ទួនៗ​។ លោក និយាយថា ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​អំពើ​ល្មើសច្បាប់ ដែល​អាច​នាំ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ ដូចជា​រឹបអូស​ទ្រព្យសម្បត្តិ ជាដើម​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម បែបនេះ​ថា​៖«​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ជនល្មើស​ច្បាប់ គឺ​សម​ស្របតាម​បទល្មើស មិនមែន​ដូច​អ្នកនយោបាយ និង​អ្នកវិភាគ​ខ្លះ និយាយ​យករួចខ្លួន​នោះទេ​»​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​ក្រុម​ណា ដែល​រារាំង​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត​នាពេលខាងមុខ​។ ទោះជា​មិន​បញ្ជាក់​ឲ្យ​ចំ​ក៏ដោយ ប៉ុន្តែ​បំណង​ដែល​ចង់​ឲ្យ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​នេះ ទំនងជា​មិនមាន​ក្រុម​ណា​ផ្សេង ក្រៅតែពី​ក្រុមប្រឆាំង​ឡើយ​។

​ក្រោយ​ទទួលបាន​សំណើ​ពី​គ​.​ជ​.​ប​. ក្រសួងមហាផ្ទៃ ក៏​ចាប់ផ្តើម​ព្រមាន​ទៅកាន់​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​ភ្លាមៗ ជុំវិញ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើពហិការ​មិន​ទៅ​បោះឆ្នោត​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បង្ហើប​ប្រាប់​សារព័ត៌មាន​ថ្មីៗ កន្លងមក​ថា ក្រសួងមហាផ្ទៃ អាច​នឹងដាក់​បណ្តឹង​ទៅ​តុលាការ ដើម្បី​សុំ​ឲ្យ​បិទ​សិទ្ធិ​នយោបាយ​របស់​ក្រុមប្រឆាំង​រយៈពេល​៥​ឆ្នាំ​ទៀត ហើយក៏​អាច​ស្នើ​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​គួររម្លឹកថា គណបក្សកាន់អំណាច រួមទាំង​គណបក្ស​១៩​ទៀត បានដាក់​ពាក្យ​នៅ​គ​.​ជ​.​ប​. ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕

អត្ថបទទាក់ទង




Tag:
 បោះឆ្នោត​
  សម រង្ស៊ី​
  ហ៊ុន សែន​
  សុខ ឥសាន​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com