កីឡាជាតិ
ជាតិ
ឃីម ឌី​ម៉ា​៖ ទទួល​ភ្លើង​គប់​ពី​ព្រះមហាក្សត្រ ជា​មោទកភាព​សម្រាប់​គុន​ខ្មែរ​
23, May 2018 , 7:59 am        
រូបភាព
ដោយ:
​កីឡាករ​គុន​ខ្មែរ ឃីម ឌី​ម៉ា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ត្រូវបាន​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ជ្រើសរើស​ឲ្យ​រូបគេ​ទទួល​ភ្លើង​គប់​ពី​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ដើម្បី​ដង្ហែ​យកទៅ​ដុត​បំភ្លឺ​គប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ជា​កន្លែង​ប្រារព្ធ​ពិធី​បើក​កីឡា​ជាតិ​លើក​ទី​២​។ ឌី​ម៉ា បានចាត់ទុក​ការទទួល​ភ្លើង​គប់​នេះ​ថា ជា​មហា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​រូបគេ​និង​គ្រួសារ រួមទាំង​កីឡា​គុន​ខ្មែរ​ទាំងមូល​។



​អ្នកលេង​គុន​ខ្មែរ ឃីម ឌី​ម៉ា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ទទួល​មហា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នៅ​ឆ្នាំនេះ​។ ពោលគឺ​រូបគេ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ជ្រើសរើស​ឲ្យ​ទទួល​ភ្លើង​គប់​ដោយផ្ទាល់​ពី​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម សីហមុនី នៅ​កើយ​ខាងមុខ​ព្រះទីនាំង​ទេវាវិន្និច្ឆ័យ​ព្រះបរមរាជវាំង​។

​អតីត​កីឡាករ និង​កីឡាករ​ល្បីៗ​នាពេល​បច្ចុប្បន្ន​ជាច្រើនរូប​ទៀត នឹង​ទទួល​ភ្លើង​គប់​ពី​កីឡាករ ឃីម ឌី​ម៉ា ជា​បន្តបន្ទាប់​រត់​ដង្ហែ​ទៅកាន់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ឲ្យ​កីឡាក​រិ​នី ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​អាស៊ី​ប្រគល់ជូន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ទីនោះ​។ បន្ទាប់មក​សម្តេច ស៊ុន សែន នឹង​យក​ភ្លើង​គប់​នោះ​ទៅ​អុជ​កាំជ្រួច​ដែល​រៀបចំ​ដោយ​អ្នកជំនាញ រួចហើយ​កាំជ្រួច​នោះ​នឹងរ​ត់ទៅ​ដុត​បំភ្លឺ​គប់​បើក​កីឡា​ជាតិ​លើក​ទី​២​តែម្តង​។ នេះ​បើ​យោងតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។​

​កីឡាករ ឃីម ឌី​ម៉ា បានចាត់ទុក​ការទទួល​ភ្លើង​គប់​ពី​ព្រះមហាក្សត្រ​នេះ​ថា មិន​ត្រឹមតែ​បានផ្តល់​មហា​កិត្តិយស​សម្រាប់​រូបគេ និង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​វា​មោទកភាព​ដ៏​ធំធេង​សម្រាប់​កីឡា​គុន​ខ្មែរ​ទាំងមូល​។ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​មែនទែន ដែល​ថ្នាក់ដឹកនាំ​បានផ្តល់​មហា​កិត្តិយស​ឲ្យ​ខ្ញុំ​ទទួល​ភ្លើង​គប់​ពី​ព្រះមហាក្សត្រ វា​ជា​មោទកភាព​សម្រាប់​កីឡាករ​គុន​ខ្មែរ​ទាំងមូល​។ លើសពីនេះ​វា​មហា​កិត្តិយស​សម្រាប់​ខ្ញុំ​និង​គ្រួសារ និង​កងរាជអាវុធហត្ថ​ទាំងមូល​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​របស់​កីឡាករ ឃីម ឌី​ម៉ា ដោយ​រូបគេ​បាន​បន្ថែមថា តាំងពី​តូច​មកដល់​បច្ចុប្បន្ន​រូ​ប​គេ​មិនដែល​បាន​ជួប​ព្រះមហាក្សត្រ ដោយផ្ទាល់​នោះទេ ដូច្នេះ​លើក​នេះ​រូបគេ​បានសម្រេច​បំណង​ដែល​ធ្លាប់​ប៉ង​តាំងពី​កុមា​រហើយ​។

​ការជ្រើសរើស​កីឡាករ​គុន​ខ្មែរ ឃីម ឌី​ម៉ា ឲ្យ​ទទួល​ភ្លើង​គប់​ពី​ព្រះមហាក្សត្រ​នេះ ត្រូវបាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​អះអាង​ប្រហាក់ប្រហែលគ្នា​ថា ដោយសារ ឌី​ម៉ា ជា​មេដាយមាស​កីឡា​ស៊ី​ហ្គេម​លើ​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ ដែល​ថ្នាក់ដឹកនាំ​កំណត់​ឲ្យ​ជ្រើសរើស​នៅ​ឆ្នាំនេះ​។

«​តាម​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន លោក​បាន​ឲ្យ​យើង​យក​ប្រភេទ​កីឡា​ជា​អត្តសញ្ញាណ​ជាតិ និង​ព្រលឹង​ជាតិខ្មែរ គឺ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​ទើប​ឈ្នះ​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ​ក្នុង​កីឡា​ស៊ី​ហ្គេម​រាប់សិប​ឆ្នាំ​កន្លងមកនេះ​។ ឌី​ម៉ា ជា​កីឡាករ​ទើប​ដណ្តើមបាន​មេដាយមាស​ដំបូង ហើយ​ជា​កីឡាករ​គុន​ខ្មែរ​ទៀត ដូច្នេះ​រូបគេ​ជា​កីឡាករ​ដែល​សាក​សម និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ទទួល​ភ្លើង​គប់​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន​។

​លោក​បាន​បន្ថែមថា ការរៀប​ចំរត់​ភ្លើង​គប់​ដោយមាន​អង្គ​ព្រះមហាក្សត្រ ប្រទាន​ភ្លើង​គប់​នេះ គឺ​ដើម្បី​ឲ្យ​ត្រូវ​តាម​លំនាំ​នៃ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែល​យក​ភ្លើង​គប់​ពី​ព្រះអាទិទេព​។ បើតាម​ប្រវត្តិ​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​បុរាណ​កាលពី​៤​ទៅ​៥​ពាន់​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ គេ​តែងតែ​សុំ​ភ្លើង​គប់​ពី​ព្រះអាទិទេព គឺ​អង្គ​ព្រះអាទិត្យ តាមរយៈ​ការធ្វើ​ចំណាំងផ្លាត​ជាមួយ​ស្លឹង​អ៊ូ​លីវ​ងាប់​ស្ងួត ដើម្បី​បង្កើត​ចំហេះ​។

​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២៥ ឧសភា នា​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​ការចូលរួម​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា រួមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​។ កីឡា​ជាតិ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៨៕ 


Tag:
 ឃីម ឌី​ម៉ា​
  កីឡា​ជាតិ​លើក​ទី​២
  វ៉ា​ត់ ចំរើន​
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com