អន្តរជាតិ
វៀតណាមប្រាប់ចិនឲ្យបញ្ឈប់លំហាត់យោធានៅសមុទ្រចិនខាងត្បូងជាបន្ទាន់ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបភាព Foreign Press Center)
× ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី២១ ខែឧសភា បានរិះគន់លំហាត់ចុះចត និងហោះឡើងរបស់យន្តហោះយោធាចិននៅប្រជុំកោះប៉ារ៉ាសែលនៃសមុទ្រចិនខាងត្បូង ដែលមានវត្តមានយន្តហោះទម្លាក់គ្រាប់បែក H-6K ផងនោះ។ វៀតណាមចាត់ទុកសកម្មភាពរបស់យោធាចិនជាការរំលោភអធិបតេយ្យរបស់ខ្លួន បំពានកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងជាការដុតកម្ដៅស្ថានការណ៍តំបន់ដែលត្រូវតែបញ្ឈប់ជាបន្ទាន់។
វៀតណាមបានទាមទារឲ្យចិនបញ្ឈប់លំហាត់របស់យោធាខ្លួននៅតំបន់សមុទ្រចិនខាងត្បូងជាបន្ទាន់ ព្រោះវាបានបំពានបូរណភាពទឹកដីវៀតណាមយ៉ាងធ្ងន់ធ្ងរ។ ការទាមទាររបស់ក្រុងហាណូយធ្វើឡើងបន្ទាប់ពីយោធាចិនប្រកាសថា យន្តហោះចម្បាំងរបស់ខ្លួនជាច្រើនរាប់ទាំងយន្តហោះទម្លាក់គ្រាប់បែក H-6K ដែលបំពាក់គ្រាប់នុយក្លេអ៊ែរ បានធ្វើលំហាត់ចុះចត និងហោះឡើងនៅកោះមួយស្ថិតក្នុងបណ្ដុំកោះប៉ារ៉ាសែល ដែលចិនកំពុងកាន់កាប់ ហើយវៀតណាមជាអ្នកទាមទារធ្វើម្ចាស់កម្មសិទ្ធិ។
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២១ ខែឧសភា លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមនិយាយថា វៀតណាមទទូចឲ្យចិនបញ្ឈប់សកម្មភាពខាងលើ បញ្ឈប់យោធូបនីយកម្ម និងគោរពអធិបតេយ្យរបស់វៀតណាមលើប្រជុំកោះ Hoang Sa ឬប៉ារ៉ាសែលឲ្យបានគត់មត់។ លោកស្រី Hang បន្តថា សកម្មភាពរបស់ចិនបានបង្កើនទំនាស់ បង្កអស្ថិរភាព និងមានប្រយោជន៍អ្វីដល់ការរក្សាសន្តិភា ស្ថិរភាព និងកិច្ចសហប្រតិបត្តិការតំបន់ឡើយ។
«ការពង្រាយយន្តហោះទម្លាក់គ្រាប់បែកដើម្បីធ្វើសមយុទ្ធ ជាការបំពានកិច្ចព្រមព្រៀងទ្វេភាគីវៀតណាម-ចិនដើម្បីដោះស្រាយជម្លោះដែនសមុទ្រ រំលោភសេចក្ដីថ្លែងការណ៍ស្ដីពីក្រមប្រតិបត្តិភាគីនៃសមុទ្រចិនខាងត្បូង (DOC) និងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យដដែលមុនបន្តថា ចិនគួរគោរពតាមកិច្ចព្រមព្រៀងទាំងនេះឲ្យខ្ជាប់ខ្ជួនដើម្បីបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការរក្សាសន្តិភាពតំបន់។
នៅឯរដ្ឋធានីប៉េកាំងវិញ អ្នកនាំពាក្យក្រសួងការបរទេសចិនក៏បាននិយាយការពារសកម្មភាពរបស់យន្តហោះចម្បាំងចិននៅម្ដុំកោះប៉ារ៉ាសែលដូចគ្នា។ លោក Lu Kang ជាអ្នកនាំពាក្យនិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែឧសភា បានប្រាប់ឲ្យប្រទេសពាក់ព័ន្ធមិនគួរយល់លើសពីអ្វីដែលកើតឡើងឡើយ ដោយលោកចាត់ទុកវត្តមានយន្តហោះចម្បាំងនៅសមុទ្រចិនខាងត្បូងជាសកម្មភាពត្រួតពិនិត្យធម្មតាប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រជុំកោះប៉ារ៉ាសែលដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនតាំងពីឆ្នាំ១៩៧៤ មក ដោយចិនបានប្រើកម្លាំងវាយដណ្ដើមពីវៀតណាមខាងត្បូង។ យ៉ាងណាក្ដី វៀតណាមនៅតែអះអាងថា ខ្លួនជាម្ចាស់ប្រជុំកោះមួយនេះ ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងភស្តុតាងប្រវត្តិសាស្ត្រ។ ដើម្បីបញ្ជាក់ពីកម្មសិទ្ធិរបស់ខ្លួន ចិនបានបង្កើតទីក្រុងមួយនៅប៉ារ៉ាសែលដោយឲ្យឈ្មោះថា Sansha ទៀតផង៕
Tag:
វៀតណាម
ចិន
សមុទ្រចិនខាងត្បូង
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com