អន្តរជាតិ
អាមេរិកដាក់លក្ខខណ្ឌ១២ចំណុចឲ្យអ៊ីរ៉ង់ធ្វើតាម បើមិនចង់រងទណ្ឌកម្មខ្លាំងក្នុងប្រវត្តិសាស្ត្រ រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបភាព Xinhua)
× ជាងមួយសប្ដាហ៍ក្រោយដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានដាក់ចេញលក្ខខណ្ឌទាមទារដ៏ច្រើនសម្រាប់អ៊ីរ៉ង់ ដើម្បីទទួលយកកិច្ចព្រមព្រៀងថ្មី។ លោក Pompeo បានគំរាមដាក់ទណ្ឌកម្មមិនធ្លាប់មានលើអ៊ីរ៉ង់ ប្រសិនបើមិនបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង និងឈប់អន្តរាគមន៍ចូលកិច្ចការប្រទេសផ្សេងទេនោះ។ អ៊ីរ៉ង់បានទាត់ចោលការទាមទាររបស់អាមេរិក និងបន្តការងារជាមួយអឺរ៉ុប ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត។
ក្នុងសុន្ទរកថា៣០នាទីស្ដីពីយុទ្ធសាស្ត្រថ្មីនៅអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានទាមទារឲ្យអ៊ីរ៉ង់ផ្លាស់ប្ដូរផ្លូវដើរសព្វថ្ងៃរបស់ខ្លួនជាបន្ទាន់ បើមិនចង់ឲ្យអាមេរិកដាក់ទណ្ឌកម្មដ៏ខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទេនោះ។ លោក Pompeo ព្រមានថា ក្នុងករណីអាមេរិកមើលឃើញពីការផ្លាស់ប្ដូរជាក់លាក់នៅក្នុងនយោបាយរបស់អ៊ីរ៉ង់ អាមេរិកក៏ត្រៀមខ្លួនដើម្បីលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់ដូចគ្នាដែរ។
ថ្លែងនៅកម្មវិធីមួយរៀបចំដោយស្ថាប័ន Heritage Foundation នៅថ្ងៃទី២១ ខែឧសភា លោក Pompeo បានដាក់លក្ខខណ្ឌទាមទារដែលត្រូវមើលឃើញថាហួសហេតុលើអ៊ីរ៉ង់។ ការទាមទារទាំង១២ចំណុចរបស់ប្រមុខការទូត ពិតជាបានបញ្ឆេះទំនាស់របស់អាមេរិក និងអ៊ីរ៉ង់ដែលកើនកម្ដៅស្រាប់ ក្រោយលោក ដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ទោះជារងការរិះគន់ខ្លាំងក៏ដោយចុះ។
១. អាមេរិកដាក់លក្ខខណ្ឌ១២ចំណុចឲ្យអ៊ីរ៉ង់អនុវត្ត
លោក Pompeo បានដាក់លក្ខខណ្ឌចំនួន១២ចំណុចឲ្យរដ្ឋាភិបាលក្រុងតេហេរ៉ង់អនុវត្ត ក្នុងករណីត្រឡប់ទៅចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងថ្មីជំនួសកិច្ចព្រមព្រៀងចាស់ឆ្នាំ២០១៥ ។ ការណ៍ដែលអ៊ីរ៉ង់គោរពតាមលក្ខខណ្ឌនេះក៏អាចបញ្ចៀសទណ្ឌកម្មរបស់អាមេរិកផង។ ទាំងលោក ត្រាំ ទាំងលោក Pompeo សុទ្ធតែប្រកាសហើយថា អាមេរិកនឹងទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងមិនដែលមានពីមុនមកលើរបបដឹកនាំអ៊ីរ៉ង់។
ក្នុងការទាមទាររបស់ខ្លួន អាមេរិកបានប្រាប់ឲ្យអ៊ីរ៉ង់អនុញ្ញាតឲ្យអ្នកជំនាញទីភ្នាក់ថាមពលអាតូមិកអន្តរជាតិ (IAEA) ចូលត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់យោធា និងបញ្ឈប់សកម្មភាពនេះជាអចិន្ត្រៃយ៍ បញ្ឈប់សកម្មភាពចម្រាញ់សារធាតុភ្លុយតូញ៉ូម ហើយត្រូវបិទរ៉េអាក់ទ័រធុនធ្ងន់របស់ខ្លួនផង។ កាន់តែសំខាន់នោះ អ៊ីរ៉ង់ក៏ត្រូវផ្អាកការសាយភាយមីស៊ីលបាលីស្ទិក និងត្រូវបញ្ឈប់រាល់ការបាញ់ ឬអភិវឌ្ឍមីស៊ីលដែលអាចបំពាក់នុយក្លេអ៊ែរ។
លើសពីនោះ អាមេរិកបានទាមទារឲ្យអ៊ីរ៉ង់ដោះលែងជនជាតិខ្លួន និងជនជាតិនៃសម្ព័ន្ធមិត្តរបស់អាមេរិក។ ក្រុងតេហេរ៉ង់ក៏ត្រូវឈប់គាំទ្រក្រុមភេរវជននៅមជ្ឈិមបូព៌ាដូចជា ហេស្បូឡា ហាម៉ាស់ អាល់កៃដា និងតាលីបង់ជាដើម គោរពអធិបតេយ្យអ៊ីរ៉ាក់ ឈប់គាំទ្រក្រុមឧទ្ទាមហ៊ូធី និងធ្វើការរួមគ្នាដើម្បីសន្តិភាព បង្កើតដំណោះស្រាយនយោបាយនៅយេម៉ែនផងដែរ។ ឯនៅស៊ីរីវិញ អាមេរិកប្រាប់ឲ្យអ៊ីរ៉ង់ដកកម្លាំងទ័ពចេញជាបន្ទាន់ដែរ។
លើសពីនោះ លោក Pompeo ក៏ទាមទារឲ្យអ៊ីរ៉ង់ផ្ដាច់ទំនាក់ទំនងរវាងកងឆ្មាំបដិវត្តន៍និងក្រុមសកម្មប្រយុទ្ធនៅជុំវិញពិភពលោក មិនត្រូវធ្វើសកម្មភាពគំរាមកំហែងប្រទេសជិតខាងរបស់ខ្លួន ដែលភាគច្រើនជាសម្ព័ន្ធមិត្តអាមេរិក ជាពិសេសការគំរាមកម្ទេចអ៊ីស្រាអែល និងគំរាមបាញ់មីស៊ីលដាក់អារ៉ាប៊ីសាអូឌីត ក៏ដូចជាអារ៉ាប់រួមអេមីរ៉ាត។
២. អ៊ីរ៉ង់ទាត់ចោលលក្ខខណ្ឌអាមេរិកដែលអាមេរិកដាក់ឲ្យ
ភ្លាមៗក្រោយការប្រកាសដាក់លក្ខខណ្ឌរបស់អាមេរិក អ៊ីរ៉ង់ក៏បានចេញមុខភ្លែតទាត់ចោលការទាមទារទាំង១២ចំណុចភ្លាមដែរ។ ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី និយាយថា ពិភពលោកនឹងមិនទទួលយកនយោបាយឯកតោភាគីរបស់អាមេរិកឡើយ ហើយសករាជដែលអាមេរិកដឹកនាំពិភពលោកក៏បានមកដល់ទីបញ្ចប់ដែរ។ លោក រូហានី បានចោទសួរអាមេរិកវិញថា៖ «តើអ្នកឯងជានរណាបានសម្រេចចិត្តជំនួសអ៊ីរ៉ង់ និងពិភពលោក?»
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammed Javad Zarif ក៏បានឆ្លើយតបនឹងលោក Pompeo ដែរ ដោយចោទអាមេរិកថា បានវិលទៅរកទម្លាប់ចាស់។ ទន្ទឹមនឹងការរិះគន់អាមេរិក ប្រមុខការទូតអ៊ីរ៉ង់ក៏ប្រកាសលើ Twitter ថា អ៊ីរ៉ង់កំពុងធ្វើការជាមួយដៃគូរបស់ខ្លួនជុំវិញកិច្ចព្រមព្រៀងឆ្នាំ២០១៥ បន្ទាប់ពីអាមេរិកចាកចេញបាត់ទៅ។ សព្វថ្ងៃ អឺរ៉ុបដែលជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងនេះ ព្យាយាមខ្លាំងដើម្បីបញ្ចុះបញ្ចូលឲ្យអ៊ីរ៉ង់បន្តគោរពតាមកិច្ចព្រមព្រៀងនេះ។
ងាកទៅមើលលក្ខខណ្ឌរបស់អាមេរិកវិញ គេមិនរំពឹងថា អ៊ីរ៉ង់នឹងធ្វើតាមអាមេរិកឡើយ ហើយថ្នាក់ដឹកនាំអ៊ីរ៉ង់ទំនងជាធ្វើគធ្វើថ្លង់ទៅនឹងសម្ដីរបស់លោក Pompeo ទៀតផង។ តាមពិតទៅ ក្រោយមានកិច្ចព្រមពៀងដែលអ៊ីរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែរជាថ្នូរការលើកលែងទណ្ឌកម្ម អង្គការសហប្រជាជាតិផ្ទាល់ជាអ្នកអះអាងថា អ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ពេញលេញ។ ប៉ុន្តែរដ្ឋបាលលោក ត្រាំ មិនជឿ និងចោទអ៊ីរ៉ង់ថា លួចអភិវឌ្ឍនុយក្លេអ៊ែរសម្ងាត់ រួចក៏ដើរចេញដោយគំរាមដាក់ទណ្ឌកម្មឡើងវិញ៕
Tag:
អាមេរិក
អ៊ីរ៉ង់
Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com