FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​ប្រធាន​ក្រុម​បារាំង អូស្ត្រាលី និង​ដា​ណឺ​ម៉ាក សរសេរ​ទៅ FIFA សុំ​ឲ្យ Guerrero បាន​លេង World Cup
22, May 2018 , 5:13 pm        
រូបភាព
​ប្រធាន​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​៣​រូប​ដែលមាន​ឈ្មោះ​ទៅ World Cup នៅ​រុស្ស៊ី​គាំទ្រ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បញ្ចប់​ការហាមឃាត់​លើ​កីឡាករ Paolo Guerrero ខ្សែប្រយុទ្ធ​របស់​ប៉េ​រូ ដែល​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​។



Guerrero ត្រូវបាន​ហាមឃាត់​ក្នុង​សកម្មភាព​កីឡាបាល់ទាត់​រយៈពេល ១៤ ខែ កាលពី​ថ្ងៃទី​១៤ ខែឧសភា​ពី​សំណាក់​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ក្រោយ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក​សារធាតុ​កូកាអ៊ីន ដែល​នឹងធ្វើ​ឲ្យ​រូបគេ​ខក​ខានទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​ក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ខែក្រោយ​នេះ​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Rertuers ប្រធាន​ក្រុម​របស់​ក្រុម​ជម្រើសជាតិ​បារាំង​អ្នកចាំទី Hugo Lloris និង​ខ្សែបម្រើ Mile Jedinak ប្រធាន​ក្រុម​អូស្ដ្រាលី រួមទាំង​ប្រធាន​ក្រុម​ដា​ណឺ​ម៉ាក Simon Kjaer បាន​ផ្ញើលិខិត​រួមគ្នា​ទៅកាន់ FIFA ថា​ការហាមឃាត់​នេះ​គឺ​មិន​សម​ហេតុផល​ឡើយ និង​ទាមទារ​ឲ្យ​បញ្ឈប់​ការដាក់​បម្រាម​នេះ​វិញ​ដើម្បី​ឲ្យ Guerrero បាន​លេង​នៅ World Cup​។​

«​តាម​ទស្សនៈ​របស់​យើង​វា​ពិតជា​ខុសឆ្គង​ណាស់​ក្នុង​ការដក​គាត់​ចេញពី​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ជា​លើកដំបូង​ក្នុង​អាជីព​របស់គាត់​»​។ Jedinak, Kjaer និង Lloris បាន​និយាយ​ដូច្នេះ​នៅក្នុង​លិខិត​មួយ​ដែល​ចេញផ្សាយ​ដោយ FIFPro​។​

​ប្រធាន​ក្រុម​ទាំងបី​នាក់​នេះ​បាន​បន្ថែមទៀតថា ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុម​របស់​ប៉េ​រូ​រូបនេះ គួរតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​លេង​ក្នុងការ​ប្រកួត​នៅ​រុស្ស៊ី​សិន រួច​សឹម​បន្ត​ការហាម​ប្រាម​បន្តទៀត ហើយ​នេះ​ជា​ដំណោះស្រាយ​ល្អ​បំផុត​។​

​ខ្សែប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​របស់​ក្រុម Flamengo នៃ​ក្របខណ្ឌ​កំពូល​ប្រេ​ស៊ី​ល ស្ថិតក្នុង​បញ្ជី​សមាសភាព​កីឡាករ ២៥​នាក់​របស់​គ្រូបង្វឹក​ប៉េ​រូ​លោក Ricardo Gareca ទៅកាន់ World Cup លើក​ទី​២២​។​

​ក្រុម​ជម្រើសជាតិ​ប៉េ​រូ ស្ថិតក្នុង​ពូ​ល C ដែល​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​បារាំង អូស្ត្រាលី និង​ដា​ណឺ​ម៉ាក​។ ការប្រកួត​ដំបូង​របស់​ពួកគេ​នឹងត្រូវ​ជួប​ដា​ណឺ​ម៉ាក​នៅ​ថ្ងៃទី​១៦ ខែមិថុនា វេលា​ម៉ោង ១១​យប់ (​ម៉ោង​នៅ​កម្ពុជា​)៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  FIFA World Cup
  ប៉េ​រូ​
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com