សង្គមអន្តរជាតិ
អន្តរជាតិ
អាពាហ៍ពិពាហ៍៖ Harry-Meghan ចាយ៤០លានដុល្លារលើសន្តិសុខ William-Kate ចាយ៧៦ម៉ឺនដុល្លារលើផ្កា
× ពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គ Harry និង Meghan Markle កាលពីថ្ងៃសៅរ៍ ទី១៩ ខែឧសភា កន្លងមក ត្រូវបានចំណាយក្នុងខ្ទង់៤៥លានដុល្លារអាមេរិក។ នេះបើយោងតាមការវាយតម្លៃរបស់សារព័ត៌មាន CBS។ ការចំណាយនេះ មានចំនួនច្រើនជាងពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ William និង Kate Middleton កាលពីឆ្នាំ២០១១ ។
ពិធីដ៏ធំរបស់ព្រះអង្គម្ចាស់ Harry បុត្រាពៅរបស់ព្រះអង្គ Charles និងជាចៅរបស់ព្រះមហាក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាបែតទី២ ជាមួយអតីតតារាភាពយន្តអាមេរិក Meghan Markle ទទួលបាននូវការចាប់អារម្មណ៍ពីបណ្តាមនុស្សនៅទូទាំងពិភពលោក ជាពិសេសទាក់ទងនឹងការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់។
វិមាន Kensington Palace ប្រកាសកន្លងមកថា ដូចជាពិធីរបស់ព្រះអង្គម្ចាស់ William និង Kate ផងដែរ រាជវង្សានុវង្សជាអ្នករ៉ាប់រងនៅរាល់ការចំណាយទាំងអស់ដែលត្រូវបានរៀបចំនៅ St George's Chapel, Windsor Castle កាលពីថ្ងៃទី១៩ ខែឧសភា។
តាមការផ្សាយរបស់ CBS ពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ Harry និង Meghan Markel ដែលបានក្លាយជា Duke និង Duchess of Sussex ត្រូវបានចំណាយក្នុងខ្ទង់៤៥លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៤ភាគរយ ចំណាយទៅលើផ្នែកសន្តិសុខ។
បើទោះបីជាការចំណាយសរុបមិនបានស្មើនឹងពិធីរវាងព្រះអង្គម្ចាស់ Charles និងម្ចាស់ក្សត្រី Diana ដែលជាព្រះបិតា ព្រះមាតា កាលពីឆ្នាំ១៩៨១ ក៏ដោយ ប៉ុន្តែពិធីរវាងព្រះអង្គម្ចាស់ Harry និង Maghan ចំណាយលើសពិធីរបស់ព្រះអង្គម្ចាស់ផ្ទះ William និង Kate កាលពីឆ្នាំ២០១១ ។
បើតាម CNBC ជាមួយនឹងការលៃតម្រូវសម្រាប់អតិផរណា រាជពិធីរវាងព្រះអង្គម្ចាស់ Charles ឬ Prince of Wales ជាមួយម្ចាស់ក្សត្រិយ៍ Diana (ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ១៩៩៧) បានចំណាយក្នុងខ្ទង់១១០លានដុល្លារអាមេរិក ខណៈពិធីរវាងព្រះអង្គម្ចាស់ William (Duke of Cambridge) និង Kate ឬ Catherine Middleton (Duchess of Cambrigde) កាលពីឆ្នាំ២០១១ ចំណាយអស់ប្រហែល៣៤លានដុល្លារអាមេរិក។
ក្នុងពិធីមង្គលការរវាងព្រះអង្គម្ចាស់ Harry និង Maghan ៩៤ភាគរយនៃចំណាយសរុប ពោលគឺក្នុងខ្ទង់៤០លានដុល្លារអាមេរិក ត្រូវប្រើប្រាស់សម្រាប់សេវាកម្មសន្តិសុខ ដើម្បីធានាភាពរលូននៃកម្មវិធី ក៏ភាពស្រស់ស្អាត និងសណ្តាប់ធ្នាប់នៅបរិវេណនៃពិធី។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពិធីអាពាហ៍ពិពាហ៍របស់ William និង Kate កាលពីឆ្នាំ២០១១ បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើការតុបតែងផ្កា ដែលមានរហូតដល់ទៅ៥៦៣ ០០០ផោន (ជាង៧៦០ ០០០ដុល្លារអាមេរិក)។
ពិធីអាពាហ៍ពិពាហ៍ William និង Kate ឆ្នាំ២០១១៖
-សម្លៀកបំពាក់អាពាហ៍ពិពាហ៍៖ ២៥០ ០០០ផោន
-ផ្កា៖ ៥៦៣ ០០០ផោន
-ចិញ្ចៀនអាពាហ៍ពិពាហ៍៖ ១១៥ ០០០ ផោន
-នំអាពាហ៍ពិពាហ៍៖ ៥៦ ០០០ផោន
-សន្តិសុខ៖ ២២លានផោន
ពិធីអាពាហ៍ពិពាហ៍ Harry និង Meghan ឆ្នាំ២០១៨៖
-សម្លៀកបំពាក់អាពាហ៍ពិពាហ៍៖ ៣៨៧ ០០០ផោន
-ផ្កា៖ ១១០ ០០០ផោន
-ចិញ្ចៀនអាពាហ៍ពិពាហ៍៖ ២៥០ ០០០ផោន
-នំអាពាហ៍ពិពាហ៍៖ ៥០ ០០០ផោន
-សន្តិសុខ៖ ៣០លានផោន
ក្រៅពីការចំណាយផ្សេងៗទៀតរួមមាន ទីតាំង ម្ហូបអាហារ រូបថតសន្លឹក និងវីដេអូ តន្ត្រី ព្រះវិហារ និងសេវាកម្មជាច្រើនទៀតសម្រាប់ភ្ញៀវដែលបានចូលរួម៕
© រក្សាសិទ្ធិដោយ thmeythmey.com