ពីនេះ ពីនោះ
របៀប​ប្រើពាក្យ «​បរិភោគ​» ទៅតាម​ឋានៈ​ខុសៗ​គ្នា​!
25, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រើ​ពាក្យ «​បរិ​ភាគ​» ត្រូវបាន​ពលរដ្ឋ​ខ្មែរ​កំណត់ និង​ប្រើ​ទៅតាម ឋានៈ និង​ទៅតាម​វ័យ​មនុស្ស​ខុសៗ​គ្នា​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​លក្ខណៈខុស​គ្នា​រវាង​ពាក្យ «​បរិភោគ » នេះ​ដូចតទៅ​៖



«​សោយ​» ជា​ពាក្យ​សម្រាប់​ក្សត្រ​។ សូម​ព្រះ​កុរ​ណា​សោយ​ផល្លានុផល​គ្រប់មុខ​។ តែ​ពាក្យ «​សេពសោយ​» គឺ​បញ្ជាក់ថា ជាការ​សែនព្រេន ទៅ​ឲ្យ​ខ្មោច ឬ​និយាយ​ទៅកាន់​រូបអារក្ស​ផងដែរ​។ 

«​ឆាន់​» ជា​ពាក្យ​សម្រាប់​និយាយ​ទៅកាន់​ព្រះសង្ឃ​។ ព្រះសង្ឃ តែងតែ​ឆាន់​មិន​ឲ្យ​ហួស​ម៉ោង​១២​ថ្ងៃត្រង់​ឡើយ​។

«​ហូប​» សម្រាប់​និយាយ​ទៅកាន់​មនុស្ស​ដែលមាន​វ័យ​ស្របាល​គ្នា ឬ​តូច​ជាង​ខ្លួន ដោយ​សេចក្តី​គោរព​។ អ្នក​ទាំងអស់គ្នា​ឆាប់​ហូបបាយ​ទៅ នឹង​អាល​ប្រ​យាប់​បន្តដំណើរ​ទៀត​។

«​ពិសា​» ជា​ពាក្យសមរម្យ​មួយ ដើម្បី​និយាយ​ទៅកាន់​មនុស្ស​ដែលមាន​វ័យចាស់​ជាង​យើង ដូចជា ឪពុកម្តាយ​, ពូ​មីង​,​តា​យាយ​, បងស្រី​,​បងប្រុស​, អ៊ុំ​ស្រី​, អ៊ុំ​ប្រុស​, ចាស់ព្រឹទ្ធាចារ្យ ជាដើម​។ ចំណែក ពាក្យ «​ពិសា​ក្រយា​» សម្រាប់តែ​មន្ត្រី​ធំៗ​តែប៉ុណ្ណោះ​។

​ចំពោះ​ពាក្យ «​ស៊ី​» ជា​ពាក្យ​សំដៅលើ​សេចក្តី​ប្រៀប​បានជា​អនេក ដូចជា ស៊ីការប្រាក់ (​យកការប្រាក់​), ស៊ីកម្រៃ (​យក​កម្រៃ​), ស៊ីកម្លាំង​ពលកម្ម (​ពឹង​កម្លាំង​គេ​), ស៊ីគ្នា (​ត្រូវ​គ្នា​, ដូចគ្នា​,​សម​គ្នា​)​។​ល​។​

​រីឯ​ពាក្យ «​ញុំ​ា​» វិញ សម្រាប់​ហៅ​បានតែ​ក្មេងៗ​តែប៉ុណ្ណោះ​។ ដោយឡែក​ចាស់ៗ​គេ​លែង​ហៅ ថា​ញុំ​ាំ​ទៀតហើយ​។ កូន​ញុំ​ា​បន្លែ​ឲ្យ​បាន​ច្រើន  ព្រោះ​វា​ជួយ​ការពារ​រាងកាយ​កូន​ឲ្យ​មាន​សុខភាព​ល្អ​។

​នៅក្នុង​ភាសា​បរិភោគ ក៏មាន​ពាក្យ​មួយចំនួនទៀត​ដែលមាន​ន័យ​ដូចគ្នា​នឹង​ពាក្យ​ខាងលើនេះ​។ ពាក្យ​ទាំងនោះ​មានដូចជា ច្រាស​, ច្រាសច្រំ​, បុះ​, បុះ​ច្រាស​, សុល​, អំពះ​។ តែ​ពាក្យ​ទាំងនេះ​គេ​មិនគួរ​ប្រើ​ទេ ព្រោះ​វា​ជា​ពាក្យ​ទ្រគោះ​មើលងាយ ហើយ​អសុរោះ​ផងដែរ​៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com