កីឡាអន្តរជាតិ
អន្តរជាតិ
Emery អះអាងខ្លួនឯងថាជាគ្រូ Arsenal មុនការប្រកាសផ្លូវការរបស់ក្លិប
× លោក Unai Emery ដែលកំពុងស្ថិតនៅក្នុងការពិចារណាសម្រាប់តំណែងជាអ្នកចាត់ការទូទៅក្លិប Arsenal នៅឡើយ បានបង្ហាញរូបភាពមួយនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនដែលមានពាក្យស្លោកថា៖ «មានមោទនភាពដែលបានចូលរួមជាក្រុមគ្រួសារ Arsenal»។ នេះមានន័យថាគ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ បានប្រកាសដោយខ្លួនឯងជាអ្នកចាត់ការក្រុមក្នុងក្របខណ្ឌ Premier League មុនការប្រកាសរបស់ក្លិប។
អតីតអ្នកចាត់ការទូទៅ Paris St-Germain រំពឹងថានឹងត្រូវបង្ហាញខ្លួនជាអ្នកស្នងតំណែងលោក Arsene Wenger នៅសប្តាហ៍នេះ ខណៈក្លិបដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៏នេះ នៅមិនទាន់បញ្ជាក់ច្បាស់ដែរថា Emery គឺជាគ្រូបង្វឹកថ្មីនោះទេ។
BBC បានចុះផ្សាយដូច្នេះថា រូបភាពមួយដែលមានភ្ជាប់រូបលោក Emery ជាមួយស្លាកសញ្ញា Arsenal ដោយសរសេថា «មានមោទនភាពក្នុងការក្លាយជាផ្នែកមួយនៃក្រុម Arsenal» បានបង្ហាញនៅថ្ងៃទី២២ ខែឧសភា។ ប៉ុន្តែយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេ ថាតើរូបភាពនោះបានបង្ហាញដោយកំហុស ឬក៏ជាចេតនារបស់ក្រុម Hacker។ រូបភាពនោះក៏ត្រូវបានដកចេញវិញពីវេបសាយផ្ទាល់របស់ Emery ហើយដែរ។
អតីតអ្នកចាត់ការ Sevilla វ័យ៤៦ឆ្នាំ បានទៅចូលរួមជាមួយ PSG កាលពីខែមិថុនា ឆ្នាំ២០១៦ ដោយជួយក្រុមយក្សបារាំងឈ្នះពានក្នុងស្រុក៣ ក្នុងរដូវកាលតែមួយ។
Emery បានប្រកាសចាកចេញពីក្រុមមានមូលដ្ឋានក្នុងក្រុងប៉ារីសនៅពេលបញ្ចប់រដូវកាលកន្លងទៅ ហើយកំពុងស្ថិតនៅជួរមុខគេដើម្បីជំនួសតំណែងលោក Wenger ដែលបានចាកចេញពីក្រុមរហស្សនាមកាំភ្លើងធំដែលលោកធ្លាប់កាន់កាប់ជិត២២ឆ្នាំមកហើយ៕
Tag:
បាល់ទាត់
Unai Emery
Arsenal
Paris St-Germain
© រក្សាសិទ្ធិដោយ thmeythmey.com