កីឡាជាតិ
ជាតិ
ក្លិប​ណាហ្គា​វើ​ល យក​ខេត្តកំពង់ស្ពឺ​ធ្វើជា​ទីតាំង​ចម្រាញ់​ធនធាន​ថ្នាល​របស់ខ្លួន
23, May 2018 , 7:39 pm        
រូបភាព
ដោយ:
​ណាហ្គា​វើ​ល​បានជ្រើសរើស​យក​ខេត្តកំពង់ស្ពឺ ដែល​នៅ​ជិត​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​កម្មវិធី​«​ការអភិវឌ្ឍ​កីឡាបាល់ទាត់​ខេត្តកំពង់ស្ពឺ​»​។ កម្មវិធី​នេះ ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​គ្រូបង្វឹក យុវជន​ថ្នាល និង​ការសាងសង់​ទីលាន​ប្រកួត​។ តាមរយៈ​គម្រោង​នេះ​លោក មាស ចាន់ណា គ្រូបង្វឹក​ណាហ្គា​វើ​ល​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​ជឿជាក់ថា ណាហ្គា​វើ​ល​នឹង​ចម្រាញ់​បាន​ធនធាន​មាន​ទេពកោសល្យ​កាន់តែច្រើន ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ទៅ​ថ្ងៃ​អនាគត​។



​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​បានជ្រើសរើស​យក​ខេត្តកំពង់ស្ពឺ ដែល​ខ្លួន​គិតថា​ជា​ខេត្ត​សក្តានុពល ដើម្បី​រៀបចំ​កម្មវិធី​កីឡាបាល់ទាត់​មួយ​មាន​ឈ្មោះថា «​ការអភិវឌ្ឍ​កីឡាបាល់ទាត់​ខេត្តកំពង់ស្ពឺ​» ដែលជា​គម្រោង​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​។ កម្មវិធី​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នេះ មាន​រយៈពេល​ពីរ​ឆ្នាំ ហើយ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធាន​គ្រូបង្វឹក និង​កីឡាករ​យុវជន​។

​បើ​យោងតាម​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល ការជ្រើសរើស​យក​ខេត្តកំពង់ស្ពឺ ដោយសារ​ជា​ខេត្ត​សក្តានុពល​ផ្នែក​បាល់ទាត់​មួយ ដែល​សម្បូរ​ធនធាន​យុវជន​មិន​ចាញ់​ខេត្ត​ដទៃ​។ ម្យ៉ាងទៀត​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ណាហ្គា​វើ​ល​ក្រោម​ការសហការ​របស់រ​ដ្ឋ​បាល​ខេត្តកំពង់ស្ពឺ នឹង​សាងសង់​ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ​មួយ​នៅ​ទីនោះ​ថែម​ទៀតផង​។



«​សម្រាប់​ខ្ញុំ​ខេត្តកំពង់ស្ពឺ​ជា​ខេត្ត​ដែលមាន​ធនធាន​គ្រប់គ្រាន់​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ខេត្ត​ដទៃទៀត​បាន​។ បើសិន​មានការ​រៀបចំ​ត្រឹមត្រូវ​ខេត្ត​នេះ​នឹង​ក្លាយជា​ខេត្ត​សក្តានុពល​ក្នុងការ​ផលិត​ធនធាន​កីឡាករ​ជម្រើសជាតិ ព្រោះ​ខេត្ត​នេះ​សម្បូរ​ធនធាន សូម្បីតែ​ខ្ញុំ​ផ្ទាល់​ក៏​ជា​អ្នក​ខេត្ត​នេះដែរ ហើយ​កន្លងមក​កីឡាករ កុក វី​សា ក៏​ជា​អ្នក​កំពង់ស្ពឺ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា​។

​គ្រូបង្វឹក​កម្រិត A license រូបនេះ​រំពឹងថា តាមរយៈ​គម្រោង​«​ការអភិវឌ្ឍ​កីឡាបាល់ទាត់​» នឹង​ជួយ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​នៅ​ខេត្តកំពង់ស្ពឺ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​។ លោក​សង្ឃឹមថា ណាហ្គា​វើ​ល​នឹង​ចម្រាញ់​បាន​ធនធាន​ថ្នាល​កាន់តែច្រើន​ផងដែរ​តាមរយៈ​គម្រោង​នេះ​។ «​តាមរយៈ​ការយកចិត្តទុកដាក់រ​បស់​ខេត្តកំពង់ស្ពឺ ខ្ញុំ​ជឿជាក់ថា ក្នុង​ខេត្តកំពង់ស្ពឺ​នឹងមាន​ការអភិវឌ្ឍ​លឿន​ខាង​ផ្នែក​បាល់ទាត់ ព្រោះ​កាលពីពេល​កន្លងទៅ យើង​ធ្លាប់​រៀបចំ​កម្មវិធី​បាល់ទាត់ គឺ​ទទួលបាន​ការចូលរួម​យ៉ាងច្រើន​ពី​យុវជន​»​។ នេះ​ជាការ​បង្ហាញ​ជំនឿ​ចិត្ត​របស់លោក មាស ចាន់ណា​។​

​លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​គិតថា​កម្មវិធី​នេះ​ជាស​ញ្ញាណ​ល្អ​មួយ​សម្រាប់​ក្លិប ព្រោះ​ជាធម្មតា​យើង​ត្រូវការ​យុវជន ដោយសារ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​តែងតែមាន​យុវជន​ល្អ​ទៅៗ បើសិន​យើង​មិនមាន​យុវជន​ទេ យើង​អត់​មាន​កីឡាករ​ល្អ ដើម្បី​ស្នង​កីឡាករ​ចាស់​នោះទេ​។ លើសពីនេះ វា​ជា​ឱកាស​សម្រាប់​ក្លិប​ណាហ្គា​វើ​ល​ក្នុងការ​ជ្រើសរើស​កីឡាករ​ល្អៗ ដើម្បី​ពង្រឹងសមត្ថភាព​ក្លិប​»​។​



​មុន​ឈានដល់​ការអភិវឌ្ឍ​យុវជន​គម្រោង​«​ការអភិវឌ្ឍ​កីឡាបាល់ទាត់​ខេត្តកំពង់ស្ពឺ​»​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត D license ដែល​កម្រិត​មូលដ្ឋាន​ចាប់ពី​ថ្ងៃទី​២-៥ ខែតុលា ដែលមាន​គ្រូបង្វឹក​មកពី​តាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំង​ខេត្តកំពង់ស្ពឺ​ចំនួន​១២០​នាក់​ចូលរួម​។

​ក្នុងនាម​ជា​គ្រូឧទ្ទេស​ក្នុង​វគ្គ​នេះ លោក មាស ចាន់ណា ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ចែករំលែក​បទពិសោធ ក៏ដូចជា​បច្ចេកទេស ដើម្បី​ឲ្យ​សិក្ខាកាម​ទាំងនោះ​ក្លាយជា​គ្រូបង្វឹក​ដ៏​ល្អ​មួយរូប ដូច​ពាក្យ​ថា មាន​គ្រូបង្វឹក​ល្អ​ទើ​ម​មាន​កីឡាករ​ល្អ​។ លោក​សង្ឃឹមថា ក្រោយ​ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម​ទាំងនោះ​នឹង​យក​បទពិសោធ​ទៅ​ចែករំលែក​ដល់​កីឡាករ​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ប្រកបដោយ​គុណភាព​៕     


Tag:
 បាល់ទាត់​
  ណាហ្គា​វើ​ល​
  មាស ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com