កីឡាជាតិ
ជាតិ
គ្រូ​ណាហ្គា​វាយតម្លៃថា U18 បាទី​អាចមាន​ប្រៀប​ក្នុង​ការឈ្នះ​ពាន Hun Sen Cup ថ្នាក់​ខេត្ត​
23, May 2018 , 4:18 pm        
រូបភាព
ជំនួបក្រុមយុវជន U18 បាទីយកឈ្នះក្រុមកោះកុង ២-១ នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ជំនួបក្រុមយុវជន U18 បាទីយកឈ្នះក្រុមកោះកុង ២-១ នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ដោយ:
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​សន្និដ្ឋានថា ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​អាចមាន​ប្រៀបខ្ពស់​ក្នុងការ​គ្រង​ជើងឯក​ពានរង្វាន់​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ ការសន្និដ្ឋាន​បែបនេះ ដោយសារ​កីឡាករ​របស់ U18 បាទី​ស្នាក់នៅ​ជាមួយគ្នា និង​មានការ​ហ្វឹកហាត់​ខ្ជាប់ខ្ជួន​និង​ត្រឹមត្រូវ​តាម​ពេលវេលា​កំណត់​។​



​ការ​ស្នាក់​នៅក្រោម​ដំបូល​តែមួយ និង​ការហ្វឹកហាត់​ជាក់លាក់​របស់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ ធ្វើ​ឲ្យ​លោក មាស ចាន់ណា មាន​ជំនឿ​ចិត្ត​ថា ក្រុម​នេះ​អាចមាន​ប្រៀប​ជាង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ក្នុងការ​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ មិន​ហ៊ាន​សន្និដ្ឋាន​លើ​ក្រុម​ណាមួយ​ឈ្នះ​១០០​ភាគរយ​នោះទេ​។

«​តាមរយៈ​ការប្រកួត​លី​គ​កំពូល​កន្លងមក គីរីវង់​សុខ​សែន​ជ័យ​មាន​កីឡាករ​ល្អ​ច្រើន តែ​ចំពោះ​ខ្ញុំ​ខាង U18 ទន្លេបាទី​មាន​ភាគរយ​ខ្ពស់ជាង​។ ខ្ពស់ជាង​ដោយសារ​ពួកគាត់​នៅ​ជាមួយគ្នា​ជាប់​រហូត មានការ​ហ្វឹកហាត់​ទៀងទាត់ មាន​គ្រូបង្វឹក​ច្បាស់លាស់ មានការ​រៀបចំ​ល្អ ហើយ​ទាក់ទង​នឹង​ទម្រង់​លេង​គាត់​មាន​របៀប​លេង​ល្អ​ជាង​ដែរ​។ តែ​ខ្ញុំ​មិន​ហ៊ាន​ថា ក្រុម​ណា​ឈ្នះ​១០០​ភាគរយ​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​។

​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវ​ប្រជែង​គ្នា​ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត នៅ​ម៉ោង​៥:៣០​នាទី​រសៀល​ថ្ងៃទី​២៣ ឧសភា ឆ្នាំ​២០១៨ នា​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។ មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ ក្រុម​ទាំង​ពីរបាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងនោះ យុវជន U18 បាទី​យកឈ្នះ​កោះកុង ២-១ ខណៈ​គីរីវង់​សុខ​សែន​ជ័យ​យកឈ្នះ​កំពត ៣-១៕   


Tag:
 Hun Sen Cup 2018
  មាស ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com