អន្តរជាតិ
ឥណ្ឌូណេស៊ី ចាត់​ទាំងវិធានការ​ក្តៅ និង​ត្រជាក់​ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ការ​សាយភាយ​ភេរវកម្ម
24, May 2018 , 9:19 am        
រូបភាព
រូបភាព៖ ABC
រូបភាព៖ ABC
ដោយ:
​បន្ថែម​លើ​ចំណាត់ការ​ក្តៅ​ប្រឆាំង​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ក៏បាន​ចាត់វិធានការ​ត្រជាក់​ផងដែរ​។ នោះ​គឺ ក្រុង​ហ្សា​ការ​តា​បាន​ទប់ស្កាត់​ការ​សាយ​ភាព​នៃ​មនោគមន៍វិជ្ជា​របស់​ក្រុម​ភេរវជន តាមរយៈ​ការបិទ​គេហទំព័រ​រាប់ពាន់ ដែលមាន​ជាប់​ពាក់ព័ន្ធ​ពី​ការផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​ជ្រុលនិយម​។



​រដ្ឋមន្ត្រី​ព័ត៌មាន​ឥណ្ឌូណេស៊ី លោក Rudi Antara នៅ​ថ្ងៃ​២១ ខែឧសភា បញ្ជាក់ថា​គេហទំព័រ​ជិត ៣០០០ ត្រូវបាន​បិទ និង​ជាង ៩៥០០ ផ្សេងទៀត​ស្ថិតក្រោម​ការពិនិត្យ ដោយសារ​ពាក់ព័ន្ធ​ចលនា​សាបព្រោះ​មនោគមន៍វិជ្ជា​ជ្រុលនិយម​។ វា​ក៏​ជា​ផ្នែក​មួយ​ជំរុញ​ចលនារ​ភេរវកម្ម​ដែល​គំរាមកំហែង​សន្តិសុខ​របស់​ឥណ្ឌូណេស៊ី​ផង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Xinhua ។

​លោក​រដ្ឋមន្ត្រី Rudi Antara បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ក្រៅពី​គេហទំព័រ​ដែលមាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​ក្រុម​ផ្តាច់ខ្លួន​ជាច្រើន​នោះ វា​ក៏មាន​ការរីកដុះដាល​គួរ​បារម្ភ​នៅតាម​បណ្តាញ​សង្គម រួមមាន​ទាំង Facebook, Instagram និង YouTube ជាដើម​ដែរ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌូណេស៊ី​គឺ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង ក្រោយ ក្រុម​ភេរវ​ករ​ដែល​អាច​ជាប​ណ្តា​ញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​បាន​បែកខ្ញែក​ពី​អ៊ីរ៉ាក់ និង​ស៊ី​រី រៀបចំ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ជា​បន្តបន្ទាប់​គ្នា ដែល​ឆក់យក​ជីវិត​មនុស្ស​ច្រើន​នាក់​ផង​នោះ​។

​ជុំវិញ​ចំណាត់​ការប្រឆាំង​អំពើ​ភេរវកម្ម​នេះដែរ ថ្មីៗ​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ទទូច​ឲ្យ​សភា​ឥណ្ឌូណេស៊ី​ព​ន្លឿ​ន​ការពិនិត្យ និង​កែប្រែ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ភេរវកម្ម​ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​កងកម្លាំង​ប្រដាប់​ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់​រាល់​ចលនា​ដែល​គេ​សង្ស័យថា​ជា​អំពើ​ភេរវកម្ម​ផង​។ កន្លងមក​កម្លាំងប្រដាប់អាវុធ​ឥណ្ឌូណេស៊ី មិន​អាចធ្វើ​សកម្មភាព​ប្រឆាំង​ជនសង្ស័យ​បានឡើយ ប្រសិន​បទល្មើស​ភេរវកម្ម​នោះ​មិនទាន់បាន​កើតឡើង​៕


Tag:
 ឥណ្ឌូណេស៊ី
  អាស៊ាន​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com