ជាតិ
សម្ដេច ហ៊ុន សែន ស្នើឲ្យម្ចាស់ផ្ទះ យកចិត្តទុកដាក់លើអ្នកបម្រើតាមផ្ទះ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យម្ចាស់ផ្ទះ ដែលមានលទ្ធភាពជួលអ្នកបម្រើជួយមើលថែរក្សាផ្ទះ ត្រូវយកចិត្តទុកដាក់លើបញ្ហាលំបាករបស់ពួកគេ ចៀសវាងគិតតែពីអារម្មណ៍ខ្លួនឯង ដែលជាម្ចាស់ផ្ទះ។
សម្ដេច ហ៊ុន សែន ចាត់ទុកការងារបម្រើតាមផ្ទះ គឺជាការងារលំបាក ដែលតម្រូវម្ចាស់ផ្ទះ ផ្ដល់ការគោរពនិងឲ្យតម្លៃចំពោះពួកគេផងដែរ។ ថ្លែងចំពោះមុខកម្មករ នៅខេត្តកំពង់ស្ពឺ នាព្រឹកនេះ ប្រមុខរដ្ឋាភិបាល បានស្នើម្ចាស់ផ្ទះទាំងអស់ដូច្នេះថា៖«ខ្ញុំសូមផ្ដាំផ្ញើទៅចំពោះអ្នកដែលមានលទ្ធភាពទាំងឡាយ ធ្វើចិត្តធម៌ចំពោះអ្នកដែលយើងនាំមកដាំបាយឬនាំមកបម្រើនៅក្នុងផ្ទះរបស់យើង ។ កម្មករនៅក្នុងផ្ទះ ធ្វើការហត់នឿយជាងកម្មករនៅតាមរោងចក្រទៅទៀត អត់មានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អត់មានថ្ងៃបុណ្យទេ។ សូមអំពាវនាវអ្នកដែលមានលទ្ធភាព យកអ្នកពីខាងក្រៅ ចូលរួមដើម្បីធ្វើជាមេផ្ទះ ជាអ្នកថែទាំផ្ទះនៅជាមួយយើង ត្រូវយកចិត្តទុកដាក់ចំពោះអ្នកទាំងនេះ»។
បន្ថែមពីនេះរដ្ឋាភិបាល ស្នើឲ្យម្ចាស់ផ្ទះទាំងនោះ ផ្ដល់ប្រាក់បៀវត្សឲ្យបានខ្ពស់ ដល់អ្នកបម្រើខ្លួន ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។ ប្រមុខរដ្ឋាភិបាល កំពុងរកដំណោះស្រាយលើបញ្ហាកម្មករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនេះ៕
Tag:
ហ៊ុន សែន
អ្នកបម្រើតាមផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com