ជាតិ
បោះឆ្នោត
នយោបាយជាតិ
មេបក្ស៥ ក្នុងចំណោម២០ មិនឈរជាតំណាងរាស្ត្រ ពីឆ្វេងទៅស្តាំ៖ លោក ខឹម វាសនា, លោក ក្រវ៉ាញ ដារ៉ន, លោក លន់ រិទ្ធ, លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និងលោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា
× ប្រធានគណបក្ស៥ ក្នុងចំណោមគណបក្ស២០ មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត ក្នុងការបោះឆ្នោតនីតិកាលទី៦នេះឡើយ។ អ្នកទាំង៥នោះ គឺលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ លោក លន់ រិទ្ធ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងលោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការសម្រេចចិត្តមិនឈរឈ្មោះនេះ គឺជាសិទ្ធិរបស់ប្រធានគណបក្សទាំងនោះ។ លោក និយាយដូច្នេះថា៖«ការសម្រេចចិត្តរបស់ពួកគាត់ ជារឿងធម្មតាទេ មិនមានអ្វីគួរឲ្យប្លែកទេ។ គណបក្សរបស់ពួកគាត់ ចង់ដាក់ឬមិនដាក់អ្នកណាឲ្យឈរឈ្មោះ ជាសិទ្ធិរបស់ពួកគាត់។ ច្បាប់ អត់មានចែង ឬអត់មានហាមឃាត់ទេ»។
ក្រៅពីប្រធានគណបក្សទាំង៤ខាងលើ ប្រធានគណបក្ស១៥ទៀត សុទ្ធតែបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។ គណបក្ស១៥ រួមមាន គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ គណបក្សសញ្ជាតិកម្ពុជារបស់លោក សេង សុខេង គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ គណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វីរៈ គណបក្សពន្លឺថ្មីរបស់លោក នួន សុខាវី គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ គណបក្សធម្មាធិបតេយ្យរបស់លោកស្រី ពោធិតី សាវត្ថី គណបក្សមាតុភូមិយើងរបស់លោកលោក ច័ន្ទ ប៊ុនហន គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់លោក ហួន រាជចំរើន គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជារបស់លោក ប្លាង ស៊ីន និងគណបក្សរស្មីខេមរារបស់លោកស៊ិន សុភាព។
គួររម្លឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ប្រមុខរដ្ឋាភិបាល ប្រកាសថា កាលបរិច្ឆេទនៃការបោះឆ្នោត នឹងមិនប្រែប្រួលឡើយ៕
Tag:
បោះឆ្នោត
បក្ស
គជប
ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com