កីឡាអន្តរជាតិ
អន្តរជាតិ
Ancelotti ទៅ​ដឹកនាំ Napoli ជំនួស Sarri ដែល​ត្រៀម​ជំនួស Conte នៅ Chelsea​ ​
24, May 2018 , 1:40 pm        
រូបភាព
​លោក Carlo Ancelotti ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ថ្មី​របស់ Napoli ក្នុង​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ ដើម្បី​ជំនួស​កៅអី​លោក Maurizio Sarri ដែល​រំពឹងថា​នឹង​ទៅ​ដឹកនាំ Chelsea ជំនួស Antonio Conte វិញ​។​


 
BBC បាន​ផ្សាយ​ថា អតីត​គ្រូ​តោ​ខៀវ Chelsea និង Real Madrid លោក Ancelotti នឹងត្រូវ​ជំនួស​តំណែង​លោក Maurizio Sarri ដែល​បាន​ដឹកនាំ Napoli បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​លេខ ២ នៃ​ក្របខណ្ឌ Serie A មាន​៩១​ពិន្ទុ តាម​ពីក្រោយ​ក្រុម​ជើងឯក Juventus ចំនួន ៤​ពិន្ទុ​។​

Ancelotti អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី វ័យ​៥៨​ឆ្នាំ​ដែល​ទំនេរ​ពី​ការងារ​ក្រោយពេល Bayern Munich បញ្ចប់​តំណែង បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ជាមួយនឹង​តម្លៃ​ពលកម្ម ៧.៦​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។ 

 ​


ទន្ទឹមនឹង​នេះដែរ​លោក Sarri វ័យ ៥៩​ឆ្នាំ​ដែល​ចាក​ចេញពី​ក្លិប​នៅ​អ៊ីតាលី​នេះ ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្លាស់ប្តូរ​ជំនួស​លោក Conte នៅ Chelsea វិញ​។ ប៉ុន្តែ​យ៉ាងណា នៅ​មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ​ណាមួយ​ជុំវិញ​ការផ្លាស់​ទៅ​ក្លិប​នៅ​អង់គ្លេស​នៅឡើយ​ទេ​។​

​លោក Aurelio de Laurentiis ប្រធាន​ក្លិប Napoli បាន​សរសើរ​លោក Sarri ចំពោះ​ការចូលរួមចំណែក​រប​ស់លោក​ក្នុង​ក្លិប​នេះ ក៏ដូចជា​ការប្តេជ្ញាចិត្ត​ដើម្បី​ជួយ​ក្រុម​រយៈពេល​៣​ឆ្នាំកន្លងមក​៕
 

Tag:
 បាល់ទាត់​
  Carlo Ancelotti
  Maurizio Sarri
  Napoli
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com