FIFA
កីឡាជាតិ
ជាតិ
World Cup៖ ក្រុម​ទាំង​៥​តំណាង​ឲ្យ​អាស៊ី​ទៅ​រុស្ស៊ី សុទ្ធ​តែមាន​ប្រវត្តិ​ជួប​កម្ពុជា​
24, May 2018 , 2:42 pm        
រូបភាព
អ្នកចាំទី អ៊ុំ សេរីរ័ត្នន៍ របស់កម្ពុជា លោតចាប់បាល់ដែលស៊ុត​ដោយ Keisuke Honda របស់ជប៉ុននាវគ្គជម្រុះ World Cup។ រូបថត AFP
អ្នកចាំទី អ៊ុំ សេរីរ័ត្នន៍ របស់កម្ពុជា លោតចាប់បាល់ដែលស៊ុត​ដោយ Keisuke Honda របស់ជប៉ុននាវគ្គជម្រុះ World Cup។ រូបថត AFP
​តើ​ពេលណា​ក្រុម​ជម្រើសជាតិ​កម្ពុជា​មា​នវ​ត្ត​មាន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក (FIFA World Cup)? សំណួរ​ល្អ តែ​ពិបាក​ឆ្លើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ចម្លើយ​ដែល​ងាយស្រួល​នោះ​គឺថា ក្រុម​ជម្រើសជាតិ​ទាំង​៥ (​អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​) ដែល​តំណាង​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) នា​ព្រឹត្តិការណ៍​នៅ​រុស្ស៊ី ចាប់ពី​ពាក់កណ្តាល​ខែមិថុនា ខាងមុខនេះ សុទ្ធ​តែមាន​ប្រវត្តិ​ជួប​ជាមួយ​កម្ពុជា​។​

 
អត្ថបទទាក់ទង
 
បើ​យោងតាម​កំណត់ត្រា​ប្រកួត​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) កម្ពុជា​ធ្លាប់មាន​ប្រវត្តិ​ជួប​ជាមួយ​ជម្រើសជាតិ​អូស្ត្រាលី​ម្តង​ដែល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា ជួប​កូរ៉េខាងត្បូង​៨​លើក (​ឈ្នះ​១ ចាញ់​៧) ជួប​ជប៉ុន​៤​លើក (​ចាញ់​ទាំង​៤​លើក​) ជួប​អ៊ីរ៉ង់​២​លើក (​ចាញ់​ទាំង​ពីរលើក​) និង​ចាញ់​អា​រ៉ា​ប៊ី​សា​អូឌីត ១​លើក​ក្នុងជំនួប​មិត្តភាព​។​
 
​ជំនួប​ជាមួយ​អូស្ត្រាលី​៖
​កាលពី​ឆ្នាំ​១៩៦៥ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​របស់លោក គឹម អ៊ី​ល​ស៊ុ​ង ដែលមាន​បញ្ហា​ការទូត​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​នោះ មិនអាច​រៀបចំ​ការប្រកួត​ជម្រុះ World Cup នៅ​ទឹកដី​របស់ខ្លួន​បានឡើយ​។ ដោយសារតែ​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​កម្ពុជា​ដែលមាន​ព្រះករុណា​សម្តេចឪ ព្រះបាទ នរោត្តម សីហនុ ជា​ព្រះប្រមុខរដ្ឋ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​បានក្លាយ​ជា​ទឹកដី​កណ្តាល​នៃ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង និង​ក្រុម​អូស្ត្រាលី​សម្រាប់​វគ្គ​ជម្រុះ​ឆ្ពោះទៅកាន់ World Cup ឆ្នាំ​១៩៦៦ ។ 
 


​នាពេលនោះ ការ​ក្រុម​កូរ៉េខាងជើង​បាន​ប្រកួត​ឈ្នះ​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៦-១ និង​៣-១ ដោយមាន​អ្នកទស្សនា​ប្រមាណ​៤​ម៉ឺន​នាក់ ខណៈ​អង្គ​សម្តេចឪ បានរៀបចំ​ឲ្យ​ក្រុម​អ្នកទស្សនា​ពាក់កណ្តាល​គាំទ្រ​អូស្ត្រាលី និង​ពាក់កណ្តាល​ទៀត​គាំទ្រ​កូរ៉េខាងជើង​។ ឆ្លៀត​ក្នុងឱកាស​នោះ សម្តេចឪ បានរៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​ជាមួយ​អូស្ត្រាលី ពោលគឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​ពួកគេ​បញ្ចប់​យុទ្ធនាការ​ប្រកួត​ជាមួយ​កូរ៉េខាងជើង​។  



​ចន្លោះ​ពី​ឆ្នាំ​១៩៦៦​ដល់​ឆ្នាំ​២០០៦ អូស្ត្រាលី​ជា​សមាជិក​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអូសេអានី (OFC) ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវបាន​បញ្ចូល​ជា​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) វិញ​។ នា​ការប្រកួត​មិត្តភាព​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​១៩៦៥​នោះ កម្ពុជា និង​អូស្ត្រាលី​បានបញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​
 
​ជំនួប​ជាមួយ​កូរ៉េខាងត្បូង​
​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​១៩៧១ កូរ៉េខាងត្បូង​បាន​យកឈ្នះ​កម្ពុជា ២-០ ក្នុងការ​ប្រកួត​ជម្រុះ​ពូ​ល A នៃ​ព្រឹត្តិការណ៍ President’s Cup នៅ​ទីក្រុង​សេ​អ៊ូ​ល​។ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៧២ ក្រុម​ទាំង​ពីរបាន​ជួបគ្នា​សម្រាប់​ការប្រកួត​ពូ​ល B នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ទ្វីបអាស៊ី​នៅ​ទីក្រុង​បាងកក ដោយ​កូរ៉េខាងត្បូង​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៤-១ ។ ឈានដល់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​១៩៧២ ពួកគេ​បាន​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប​ទីក្រុង​ហ្សា​ការ​តា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​កូរ៉េខាងត្បូង​បន្ត​យកឈ្នះ​ក្នុង​លទ្ធផល ២-០ បន្ថែមទៀត​។​
 

(ប្រធានក្រុម សុខ រុន លើកពាន President's Cup នៅកូរ៉េខាងត្បូង​កាលពីឆ្នាំ១៩៧៣នៅកូរ៉េខាងត្បូងជាមួយកីឡាភូមា។ រូបថត Lee Jae Hyung)

​នៅ​ឆ្នាំ​១៩៧២​ដដែល កម្ពុជា​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ជុំទីមួយ President’s Cup នា​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៧២ ដោយ​ម្ចាស់ផ្ទះ​យកឈ្នះ​ក្នុង​លទ្ធផល ៣-១ ។ នៅ​ឆ្នាំ​១៩៧៣ នា​ថ្ងៃខែ​ឆ្នាំ​ដដែល និង​ព្រឹត្តិការណ៍​ដដែល ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​បាន​បន្ត​បំបាក់​កម្ពុជា​ក្នុង​លទ្ធផល ៦-០ ។​
 
​ជំនួប​លើក​ទី​៦​រវាង​ក្រុម​ទាំងពីរ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​បាងកក នា​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​១៩៧៣ ក្នុង​ព្រឹត្តិការណ៍ King’s Cup របស់​ថៃ ខណៈ​កូរ៉េខាងត្បូង​បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​ក្នុង​លទ្ធផល ៥-០ ។ ទោះបីជា​យ៉ាងណាក៏ដោយ មោទកភាព ក៏បាន​កើតឡើង​ផងដែរ​សម្រាប់​ក្រុម​កម្ពុជា នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៧៤ ដោយ​នៅពេលនោះ កម្ពុជា​មានលទ្ធភាព​យ​ក​ឈ្នះ​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន​ក្រុង​សេ​អ៊ូ​ល សម្រាប់​ការប្រកួត​ជម្រុះ President’s Cup​។ ជំនួប​ចុងក្រោយ​រវាង​ក្រុម​ជម្រើសជាតិ​ទាំងពីរ គឺ​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​១៩៧៤ នៅ​ទីក្រុង​បាងកក ក្នុង​ព្រឹត្តិការណ៍ King’s Cup ដោយ​កូរ៉េខាងត្បូង​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-១ ។​
 
​ជំនួប​ជាមួយ​ជប៉ុន​
​ងាក​ទៅ​មើល​ជំនួប​ជាមួយ​ក្រុម​ជម្រើសជាតិ​សា​មួ​រ៉ៃ​ជប៉ុន​វិញ​ម្តង កម្ពុជា​ធ្លាប់​ប៉ះ​ជាមួយ​ចំនួន​៤​លើក ហើយ​បរាជ័យ​ទាំង​៤​លើក​។ ជំនួប​ពីរលើក​ចុងក្រោយ កើតឡើង​នា​ការប្រកួត​ជម្រុះ World Cup 2018 នេះ​តែម្តង​។​
 

(ឈិនឈឿន ប្រជែងយកបាល់ជាមួយកីឡាករជប៉ុន Shinji Kagawa នាវគ្គជម្រុះ World Cup។ រូបថត AFP)

​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​១៩៧០ ក្រុម​ទាំង​បាន​ជួបគ្នា​នៃ​ការប្រកួត​ជម្រុះ​ពូ​ល B ក្នុង​ព្រឹត្តិការណ៍ Asian Games ក្នុង​ទីក្រុង​បាងកក ដោយ​ជប៉ុន​បាន​យកឈ្នះ​ក្នុង​លទ្ធផល ១-០ ។ ពីរ​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៧២ ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍ Merdeka Cup នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដោយ​ជប៉ុន​បន្ត​យកឈ្នះ​ក្នុង​លទ្ធផល ៤-១ ។​
 
 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី ក្នុង​ដំណើរ​ឆ្ពោះទៅ​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៥ កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល E ជាមួយ​ជប៉ុន រីឯ​ក្រុម​ផ្សេងទៀត​រួមមាន​ស៊ី​រី សិង្ហ​បុរី និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ក្នុងជំនួប​តទល់​កីឡដ្ឋាន Saitama ម្ចាស់ផ្ទះ​ជប៉ុន បាន​យកឈ្នះ ៣-០ ហើយ​បន្ត​យកឈ្នះ​កម្ពុជា​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​កូរ៉េខាងត្បូង Lee Tae Hoon ២-០ បន្ថែមទៀត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
 
​ជំនួប​ជាមួយ​អ៊ីរ៉ង់​
​សម្រាប់​ជំនួប​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ កម្ពុជា​ធ្លាប់មាន​ប្រវត្តិ​ចាញ់​ទាំង​ពីរលើក​ផងដែរ​។ ពួកគេ​បាន​ជួបគ្នា​នៅក្នុង​ព្រឹត្តិការណ៍​ជម្រើស​ជើងឯក​ទ្វីបអាស៊ី​នា​ឆ្នាំ​១៩៧២ ។ នា​ការប្រកួត​ជម្រុះ​តាម​ពូ​ល​នា​ថ្ងៃទី​៧ ខែឧសភា នៅ​កីឡដ្ឋាន Suphachalasai ក្នុង​បាងកក អ៊ីរ៉ង់​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-០ ។ 
 


(កីឡាករ Parviz Ghelichkhani របស់អ៊ីរ៉ង់ បានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ ២-១ លើ​កម្ពុជានៅឆ្នាំ១៩៧២)

​នៅ​ថ្ងៃទី​១៦ ខែឧសភា ក្រុម​ទាំង​ពីរបាន​ប៉ះគ្នា​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​អ៊ីរ៉ង់​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-១ ។ មួយ​គ្រាប់​ដែល​កម្ពុជា​វាយបក​បាន​នោះ គឺជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ ស្លៃ​ម៉ាន សា​លីម​។​
 
​ជំនួប​ជាមួយ​អារ៉ាប់​ប៊ី សា​អូឌីត 
​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ កម្ពុជា បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉ា​ត នៅមុន​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFC Asian Cup​។ នៅ​កាលណោះ កម្ពុជា ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino បាន​ចាញ់​ក្នុង​លទ្ធផល ៧-២ ។​
 
Mohammad Al-Sahlawi ដែលជា​សមាសភាព​ដ៏​សំខាន់​នាំ​អា​រ៉ា​ប៊ី​សា​អូឌីត​ទទួលបាន​កៅអី​ទៅរ​ស្ស៊ី បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ រីឯ Nasser Al-Sahamrani រកបាន​៣​គ្រាប់  Hussain Al Mogahwi និង Abdulmajeed Al Ruwaili បន្ថែម​បាន​ម្នាក់​១​គ្រាប់​។ ពីរ​គ្រាប់​របស់​កម្ពុជា​សម្រេច​បាន​ដោយ ឃួន ឡា​បូ​រ៉ាវី និង​កែវ សុខ​ផេង​។​
 

(កែវ សុខផេង ប្រជែងយកបាល់ជាមួយកីឡាករអារ៉ាប៊ីសាអូឌីតក្នុងជំនួបមិត្តភាពអន្តរជាតិ)

ក្នុង​ទ្រឹស្តី​កីឡា អតីត​កីឡាករ​បាល់ទាត់ NFL អាមេរិក លោក Vince Lombardi បាន​និយាយ​ឃ្លា​ដ៏​ពេញនិយម​មួយ​ដែលថា «​អ្នកឈ្នះ​មិនដែល​បោះបង់ អ្នក​បោះបង់​មិនដែល​ឈ្នះ​» (Winners never quit and quitters never win)​។ ងាក​ទៅ​សំណួរ​ដែល​សួរថា «​តើ​ពេលណា​កម្ពុជា​នឹង​បង្ហាញ​វត្ត​មាននៅ World Cup?» នោះ យើង​អាចនិយាយបាន​ត្រឹម​ថា «​សង្ឃឹម​ថ្ងៃមួយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com