អន្តរជាតិ
អាជ្ញាធរថៃចាប់ខ្លួនសង្ឃជាន់ខ្ពស់ជាច្រើនអង្គពាក់ព័ន្ធសំណុំរឿងកេងប្រវ័ញ្ចបច្ច័យ និងលួច រូបភាព AFP
× ប៉ូលិសថៃ នៅព្រឹកថ្ងៃទី២៤ ខែឧសភា បានឆ្មក់ចូលវត្តចំនួន៥ក្នុងរាជធានីបាងកក និងនៅខេត្តនគរបឋម និងបានចាប់ខ្លួនមន្ត្រីសង្ឃជាន់ខ្ពស់ជាច្រើនអង្គដែលពាក់ព័ន្ធសំណុំរឿងកេងបន្លំបច្ច័យ និងលួច។ នេះជាប្រតិបត្តិការដ៏ធំបំផុតមួយរបស់ប៉ូលិសថៃ ក្នុងគោលដៅបោសសម្អាតរឿងអាស្រូវក្នុងពុទ្ធសាសនាដែលត្រូវបានគោរពដោយប្រជាជនថៃភាគច្រើន។ មន្ត្រីសង្ឃជាន់ខ្ពស់ខ្លះបានរត់ភៀសព្រះកាយមុនប៉ូលិសទៅដល់។
ក្នុងយុទ្ធនាការស្ដារមុខមាត់ពុទ្ធសាសនាឡើងវិញ ប៉ូលិសថៃច្រើនជាង២០០នាក់បានឃាត់ព្រះកាយមន្ត្រីសង្ឃជាន់ខ្ពស់ក្នុងទីក្រុងបាងកក និងខេត្តនគរបឋម ក្នុងប្រតិបត្តិការវាយឆ្មក់នៅថ្ងៃទី២៤ ខែឧសភា។ កម្លាំងពិសេសថៃនៃនាយកដ្ឋានប្រឆាំងបទល្មើស ដែលមានដីកាចាប់ខ្លួនក្នុងដៃ បានចូលឆែកឆេរក្នុងវត្តចំនួន៥។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ក្នុងចំណោមព្រះសង្ឃដែលឃាត់ព្រះកាយមាន ព្រះ Buddha Isara ដែលគាំទ្រចលនាបិទទីក្រុងបាងកកកាលពីឆ្នាំ២០១៣-២០១៤ ត្រូវបានប៉ូលិសឃាត់ក្រោមបទចោទថា បានលួចកាំភ្លើងប៉ូលិសក្នុងពេលបាតុកម្ម។ មេគណក្រុងបាងកក ព្រះ Phrom Dilok ជាសមាជិកគណៈសង្ឃជាន់ខ្ពស់ ដែលជាស្ថាប័នគ្រប់គ្រងព្រះសង្ឃរបស់ថៃ ត្រូវបានចាប់ព្រះកាយដោយជាប់ពាក់ព័ន្ធក្នុងករណីកេងប្រវញ្ចបច្ច័យកសាងវត្ត។ ជំនួយការរបស់សង្ឃអង្គនេះ ក៏ត្រូវបានឃាត់ខ្លួនដែរ។
មន្ត្រីសង្ឃជាន់ខ្ពស់ពីរអង្គទៀត ព្រះ Sri Khunaporn និងព្រះ Wichit Thammaporn ដែលជាចៅអធិការរងវត្ត Saket ក្នុងទីក្រុងបាងកកត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនេះដូចគ្នា ក្រោមបទចោទថា បានបន្លំបច្ច័យសាលារៀនសម្រាប់ព្រះសង្ឃ និងលាយលុយកខ្វក់។ ប៉ូលិសថៃកំពុងស្វែងរកសមាជិកពីរអង្គទៀតនៃគណៈសង្ឃថៃ គឺ ព្រះ Phrom Sitthi និងព្រះ Phrom Methee ដែលបានរត់ភៀសព្រះកាយ។
ជុំវិញការឃាត់ព្រះកាយនេះ ប៉ូលិសថៃនិយាយថា វាស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ ហើយវាក៏នឹងនាំដល់ការស្វែងរកការពិត និងភស្តុតាងផង។ ចំណែកឯឧបនាយករដ្ឋមន្ត្រីថៃ ប្រាវីត វង្សសុវណ្ណ និយាយដែរថា ការឃាត់ព្រះកាយសង្ឃជាន់ខ្ពស់ទាំងនេះ នឹងគាស់កកាយរឿងរ៉ាវនៃការចោទប្រកាន់ទាំងអស់។
រូបភាពនៃព្រះពុទ្ធសាសនានៅថៃ ត្រូវបានបំផ្លាញដោយរឿងអាស្រូវលាងលុយ ថ្នាំញៀន និងផ្លូវភេទដែលជាប់ទាក់ទិននិងព្រះសង្ឃ ខណៈដែលវត្តអារាមអាចរកចំណូលរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗតាមរយៈការដាក់ទាន។ របបយោធា ដែលកាន់អំណាចតាំងពីឆ្នាំ២០១៤ មកនោះ បានលូកដៃចូលកិច្ចការសាសនាក្រោមហេតុផលថា ស្ថាប័នដែលគ្រប់គ្រងព្រះសង្ឃជាងបីសែនអង្គ ត្រូវការការកែទម្រង់ជាបន្ទាន់ ដើម្បីលើកមុខមាត់ពុទ្ធសាសនាឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com