អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ដូណាល់ ត្រាំ លុបចោល​ជំនួប​ជាមួយលោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​
24, May 2018 , 9:16 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែឧសភា បាន​និយាយថា ជំនួប​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី នឹងមិន​អាចធ្វើ​បានឡើយ​។ លោក ត្រាំ អះអាងថា អាកប្បកិរិយា​របស់​កូរ៉េខាងជើង​នៅពេល​ថ្មីៗ​នេះ មិន​អនុញ្ញាត​ឲ្យ​ជំ​នួប​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២ ខែមិថុនា កើតឡើង​ទេ​។ តែ​លោក ត្រាំ រំពឹងថា លោក​នឹង​ជួប​លោក គីម មិន​ខាន​។​



លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែឧសភា បាន​សរសេរ​សំបុត្រ​មួយច្បាប់​ផ្ញើ​ទៅកាន់​លោក គីម ជុង​អ៊ុន ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​នៃ​កូរ៉េខាងជើង ដើម្បី​ជូនដំណឹង​ពី​ការលុបចោល​ជំនួប​នៅ​សិង្ហ​បុរី​។ ក្នុង​សំបុត្រ​នេះ លោក ត្រាំ បាន​អរគុណ​លោក គីម ចំពោះ​ពេលវេលា ការអត់ធ្មត់ និង​ការប្រឹងប្រែង​ដែល​នាំ​ឲ្យ​មានការ​កំណត់​កាលបរិច្ឆេទ​ជំនួប​ប្រវត្តិសាស្ត្រ​នៅ​សិង្ហ​បុរី ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២ ខែមិថុនា​។​

ការសម្រេចលុបចោល​ជំនួប​នេះដែរ​ក៏កើតឡើងស្របពេលដែល​កូរ៉េខាងជើង​ប្រកាសថាខ្លួនបាន​បំផ្លាញចោលទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ​ផងដែរ ហើយក្នុង​ការ​បំផ្លាញ​នោះកូរ៉េខាងជើង​ក៏​បានអញ្ជើញអ្នកសារព័ត៌មានបរទេសជាច្រើន​នាក់ឲ្យចូលរួម​ធ្វើជាសាក្សីថែមទៀត។

​ទោះបី​ជាមាន​ជំហរ​ចង់​ជួបគ្នា​ក្ដី លោក ត្រាំ អះអាងថា ពេលវេលា​គឺ​មិន​សក្តិសម​ឡើយ​។ តាមរយៈ​សំបុត្រ​របស់ខ្លួន ប្រធានាធិបតី​អាមេរិក​រូបនេះ​និយាយថា​៖ «​ដោយ​ផ្អែកលើ​កំហឹង​ដ៏​សម្បើម និង​អាកប្បកិរិយា​អរិ​ភាពជា​ចំហ​ដែល​ស្ដែង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថ្មីៗ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា មិន​សមស្រប​ដើម្បី​មាន​ជំនួប​ដែល​រៀបចំ​ជា​យូរ​ឡើយ​។ ដូច្នេះ សំបុត្រ​នេះ​ជា​តំណាង​ថា ជំនួប​នៅ​សិង្ហ​បុរី នឹងមិន​មាន​ឡើយ»​។

ដោយ​លើកឡើង​ពី​អាកប្បកិរិយា​អរិភាព​ក្នុង​សំបុត្រ​នេះ លោក ត្រាំ ទំនងជា​សំដៅ​ដល់​ការ​គំរាម​របស់​កូរ៉េខាងជើង​ដែល​ចង់​ពិចារណា​ជំនួប​នៅ​សិង្ហ​បុរី​ឡើងវិញ​។ កូរ៉េខាងជើង​គំរាម​បែបនេះ ក៏​ព្រោះតែ​ខ្លួន​មិន​សប្បាយ​ចិត្តនឹង​សមយុទ្ធ​ដែនអាកាស​របស់​អាមេរិក និង​កូរ៉េខាងត្បូង ក៏ដូចជា​ការទាមទារ​ឯកតោភាគី​របស់​អាមេរិក​ដែល​ចង់​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​។ នៅ​ថ្ងៃទី​២៤ ខែឧសភា អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​ក៏បាន​ហៅ​លោក​អនុ​ប្រធានាធិបតី Mike Pence ជា​មនុស្ស​ឆ្កួត​ផង​។​

​ក្នុង​សំបុត្រ​ខាងលើ មេដឹកនាំ​អាមេរិក​ក៏បាន​អរគុណ​លោក គីម ដែល​បាន​ដោះលែង​ជនជាតិ​អាមេរិក​បីនាក់ ដែល​កំពុង​រស់នៅ​ជាមួយ​គ្រួសារ​ពួកគេ​សព្វថ្ងៃ​។ លោក ត្រាំ ចាត់ទុក​ការដោះលែង​នេះ​ជា​កាយវិការ​ប្រកបដោយ​ឆន្ទៈ​ល្អ ហើយ​លោក​ពិតជា​សរសើរ​កាយ​វិការ​នេះ​មែនទែន​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក ត្រាំ ក៏បាន​រំឭក​លោក គីម ដែរ​ថា​៖ «​លោក​និយាយ​ពី​សមត្ថភាព​នុយក្លេអ៊ែរ ប៉ុន្តែ​សមត្ថភាព​អាមេរិក​គឺ​ខ្លាំង​ជាង ដែល​ខ្ញុំ​ត្រូវ​បន់ព្រះ​ថា នឹងមិន​ប្រើប្រាស់​វា​ឡើយ​»​។​

​នៅ​ចុងបញ្ចប់ លោក ត្រាំ ក៏បាន​ទុក​ទ្វារ​ចំហ​សម្រាប់​ការចរចា​នៅ​ថ្ងៃ​អនាគត​ដែរ​។ លោក ត្រាំ បាន​ប្រាប់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ថា បើ​ប្ដូរ​គំនិត​ពាក់ព័ន្ធ​ជំនួប​នេះ អាចទាក់ទង​តាម​ទូរ​សព្ទ ឬ​សរសេរ​សំបុត្រ​ទៅ​ឲ្យ​លោក​បាន​។ លោក ត្រាំ អះអាងថា ពិភពលោក ជាពិសេស​កូរ៉េខាងជើង បាន​បាត់បង់​ឱកាសល្អ​សម្រាប់​សន្តិភាព​យូរអង្វែង វិបុលភាព​ដ៏​អស្ចារ្យ និង​ទ្រព្យសម្បត្តិ​ស្តុកស្ដម្ភ​ផង​។ ការបាត់បង់​ឱកាស​នេះ ជា​ព្រឹត្តិការណ៍​សោកស្ដាយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com