អន្តរជាតិ
ជំនួប​ស្លាប់​មុន​កើត​របស់លោក ត្រាំ និង​លោក គីម ធ្វើ​ឲ្យ​សណ្ឋាគារ​នៅ​សិង្ហ​បុរី​ខកចិត្ត​មិន​ស្ទើរ​
25, May 2018 , 8:19 pm        
រូបភាព
រូបភាព AP
រូបភាព AP
​ចុងក្រោយ ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រូវ​លុបចោល​ទាំង​មិនទាន់​លេច​ជា​រូបរាង​។ នៅ​សិង្ហ​បុរី​ឯណោះ ការរៀបចំ​ទទួលភ្ញៀវ​ពិសេស​ទាំងពីរ និង​ប្រតិភូ ក៏ដូចជា​អ្នកសារព័ត៌មាន​អន្តរជាតិ ដែល​បានធ្វើ​ឡើងជា​បណ្ដើរៗ​ទៅហើយនោះ បាន​ផ្អាក​សកម្មភាព​ទៅវិញ​។ បណ្ដា​សណ្ឋាគារ​នានា​ក៏បាន​បញ្ចេញ​បន្ទប់​ដែល​ត្រៀម​សម្រាប់​អ្នកចូលរួម​ជំនួប​ពិសេស​នេះដែរ​។



​ជំនួប​ស្លាប់​មុន​កើត​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ហាក់​ធ្វើ​ឲ្យ​ខកចិត្ត​មិន​ស្ទើរ​ឡើយ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​លោក ត្រាំ ប្រកាស​លុបចោល​ជំនួប​នេះ មន្ត្រីប៉ូលិស​សិង្ហ​បុរី​ដែល​ទទួលបញ្ជា​ឲ្យ​បំពេញភារកិច្ច​ការពារ​ក្នុងជំនួប​នេះ ត្រូវបាន​ប្រាប់ថា ពួកគេ​មាន​សិទ្ធិ​សុំច្បាប់​សម្រាក​វិញ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Straits Times ដែល​បន្តថា ការណែនាំ​ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែឧសភា​។​

​ជាមួយគ្នានេះ សណ្ឋាគារ​ធំៗ​ដែល​បាន​រក្សាទុក​បន្ទប់​ដើម្បី​ទទួលភ្ញៀវ​ដែល​ចូលរួម​ជំនួប​លើកដំបូង​នេះ ក៏បាន​បង្វិល​បន្ទប់​ទាំងនោះ​សម្រាប់​ការទទួល​ភ្ញៀវ​ធម្មតា​វិញ​ដែរ​។ នេះ​ក៏​ព្រោះតែ​សណ្ឋាគារ​ទាំងនោះ​រំពឹងថា ចំនួន​ភ្ញៀវ​នឹង​កើនឡើង​ខ្លាំង​ក្នុងពេល​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ សណ្ឋាគារ​ធំ​ពីរ​របស់​សិង្ហ​បុរី Marina Bay Sands និង The Shangri-La Hotel ដែល​អាច​ជាទី​តាំងធ្វើ​ម្ចាស់ផ្ទះ​នោះ ក៏បាន​ចាត់វិធានការ​មុនពេល​ការប្រកាស​លុបចោល​ជំនួប​នេះ​ទៅទៀត​។​

​យ៉ាងណាមិញ បណ្ដា​សណ្ឋាគារ​ទាំងនោះ​មិន​ទទួលផល​ប៉ះពាល់​ខ្លាំង​ពី​ការលុបចោល​ជំនួប​នេះឡើយ​។ បើតាម​ប្រភពព័ត៌មាន​ខាងលើ អ្នកជំនាញ​ខ្លះ​និយាយថា ភាពមិនច្បាស់លាស់​ក្នុង​វិស័យនេះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ជាធម្មតា ដរាបណា​មិនទាន់​ការ​កក់​បន្ទប់​ទុក​នោះ គេ​មិនអាច​ដឹង​ច្បាស់​ពី​ពី​តម្រូវការ​ជាក់ស្ដែង​ឡើយ ដូច្នេះ​ការរក្សា​ទុក​បន្ទប់​ទុក ត្រូវ​ពឹង​ផ្អែកលើ​និ​ន្ន​ការ​ពីមុនៗ​មក​ដើម្បី​វាស់​ស្ទង់​តម្រូវការ​ទាំងនេះ​។​

​តាមពិតទៅ បន្ទាប់ពី​ការប្រកាស​ជ្រើស​រើសយក​សិង្ហ​បុរី​ជា​ម្ចាស់ផ្ទះ​មក ការរៀបចំ​ការចរចា​ដ៏​ធំ​នេះ​ត្រូវបាន​ធ្វើឡើង​ភ្លាម​តែម្ដង​។ អាមេរិក និង​សិង្ហ​បុរី​ក៏បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ទទួល​ចុះឈ្មោះ​អ្នកសារព័ត៌មាន​ដែល​ចង់​រាយការណ៍​ពី​ជំនួប​ចរចា​លើកដំបូង​នេះ​ទៀតផង​។​

​សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែឧសភា បាន​សរសេរ​សំបុត្រ​មួយច្បាប់​ផ្ញើ​ទៅកាន់​លោក គីម ជុង​អ៊ុន ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​នៃ​កូរ៉េខាងជើង ដើម្បី​ជូនដំណឹង​ពី​ការលុបចោល​ជំនួប​នៅ​សិង្ហ​បុរី​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​និយាយថា​៖ «​ដោយ​ផ្អែកលើ​កំហឹង​ដ៏​សម្បើម និង​អាកប្បកិរិយា​អរិ​ភាពជា​ចំហ​ដែល​ស្ដែង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថ្មីៗ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា មិន​សមស្រប​ដើម្បី​មាន​ជំនួប​ដែល​រៀបចំ​ជា​យូរ​ឡើយ​»៕


Tag:
 សិង្ហ​បុរី​
  កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com