ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថ្វាយ​សុំ​ព្រះមហាក្សត្រ ផ្សះផ្សារ​ជាតិ ដែល​កំពុង​ប្រេះស្រាំ​ព្រោះ​រឿង​បោះឆ្នោត​
25, May 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សម រង្ស៊ី សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ ជុំវិញ​ភាពចម្រូងចម្រាស់​នៃ​ការបោះឆ្នោត ដែល​លោក យល់ថា កំពុង​ធ្វើ​ឲ្យ​ជាតិ​បែកបាក់​។ ប៉ុន្តែ​លោក សុខ ឥសាន មើលឃើញថា អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ចង់​បំបែកបំបាក់​ស្ថាប័ន​ព្រះមហាក្សត្រ និង​ស្ថា​ប័​ន​រដ្ឋាភិបាល​។



​ក្រោយ​លះបង់​កម្លាំង​និង​ពេលវេលា​មួយរយៈ​ធំ ក្នុងការ​ខ្នះខ្នែង​រក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​រួចមក ឥឡូវ លោក សម រង្ស៊ី អតីត​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ងាក​មករក​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​វិញ​ម្តង ដើម្បី​ឲ្យ​ព្រះអង្គ​ជួយ​កែប្រែ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ដែល​កំពុង​និរទេស បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា លោក បាន​ថ្វាយ​លិខិត​ជា​ភាសា​បារាំង​មួយច្បាប់ ដែល​ផ្តោតលើ​ភាពចម្រូងចម្រាស់​នៃ​ការបោះឆ្នោត មកកាន់​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨​។ លិខិត​នោះ ក៏ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដែរ​។

​លោក សម រង្ស៊ី ទូលថ្វាយ​ព្រះមហាក្សត្រ​ថា ការបោះឆ្នោត​នាពេលខាងមុខ មិនមែនជា​ការបោះឆ្នោត​ពិតប្រាកដ​នោះទេ ហើយក៏​កំពុង​ធ្វើ​ឲ្យ​សង្គម​ប្រេះឆា​។ បន្ទាប់មក​លោក ក៏​ស្នើ​ឲ្យ​ព្រះមហាក្សត្រ បង្រួបបង្រួម​សង្គម​ឡើងវិញ ដែល​កំពុង​ប្រទាំង​ប្រទើស​គ្នា​ដោយសារ​បញ្ហា​បោះឆ្នោត​នេះ​។ 

​ខ្លឹមសារ​ក្នុង​លិខិត​ជា​ភាសា​បារាំង ដែល​ថ្វាយ​មក​ព្រះមហាក្សត្រ ត្រូវបាន​លោក សម រង្ស៊ី សម្រាយ​មកជា​ភាសា​ខ្មែរ ហើយ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ប្រកបដោយ​ភាពចម្រូងចម្រាស់ និង​ភាពគ្រោះថ្នាក់ ពីព្រោះ​វា​ជាការ​រៀបចំ​មួយ ដែល​សហគមន៍​អន្តរជាតិ ថ្កោលទោស​ជាទូទៅ ហើយ​វា ក៏​កំពុងតែ​ធ្វើ​ឲ្យ​សង្គមជាតិ​ប្រេះស្រាំ គួរ​ឲ្យ​បារម្ភ​។ ក្នុង​កាលៈទេសៈ​បែបនេះ [​សូម​] ព្រះមហាក្សត្រ ប្រមូលផ្តុំ និង​បង្រួបបង្រួម​កូនចៅ​របស់​ព្រះអង្គ​ឡើងវិញ ដោយ​ឈរលើ​គុណ​តម្លៃ និង​គោលការណ៍​ប្រកបដោយ​គតិយុត្តិ​ធម៌ ដែល​កូនចៅ​របស់​ព្រះអង្គ​ទាំងអស់​គោរព ស្រឡាញ់ និង ចង់បាន​»​។​

​ការសុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ ធ្វើ​ឲ្យ​លោក សម រង្ស៊ី រង​ប្រតិកម្ម​ខ្លាំងៗ​ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សុខ ឥសាន ចាត់ទុក​ខ្លឹមសារ​ក្នុង​លិខិត​របស់លោក សម រង្ស៊ី ថា​ជាការ​ញុះញង់ និង​ជាការ​បំបែកបំបាក់​រវាង​ស្ថាប័ន​ព្រះមហាក្សត្រ និង​រដ្ឋាភិបាល​កម្ពុជា​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ទៅកាន់​ក្រុមអ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖«​វា ផ្ទុយ​ទាំងស្រុង ដែលមាន​អ្នកខ្លះ​និយាយថា រាជរដ្ឋាភិបាល​កម្ពុជា បំបែកបំបាក់​ប្រជាជន​មិន​ឲ្យ​សាមគ្គី​គ្នា​។ រាជរដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​គោលនយោបាយ​សុខដុម​នីយកម្ម ដើម្បី​កសាង​សង្គម​កម្ពុជា ឲ្យ​រឹងមាំ មាន​សាមគ្គី ឯកភាព​ប្រជាជន​ទូទាំងប្រទេស និង​រួមគ្នា​អភិ​វ​ឌ្ឈ​ប្រទេស​ឲ្យ​រីកចម្រើន​»​។​

​លោក សម រង្ស៊ី រួមទាំង​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ប្រឹងប្រែង​សម្បើម​ណាស់ ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​មកលើ​រដ្ឋា​ភិ​បាល​កម្ពុជា​។ បំណង​របស់​ពួកគេ គឺ​ចង់​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ទាមទារ​ឲ្យ​គណបក្ស​នេះ រស់​ឡើងវិញ​ដើម្បី​បាន​ចូលរួម​បោះឆ្នោត​ជាមួយ​គេឯង​។

​ប៉ុន្តែ នៅ​ទីបំផុត អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​មានឱកាស​បានដាក់​ពាក្យ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ចូលរួម​ប្រកួតប្រជែង​យក​អាសនៈ​រដ្ឋសភា នៅ​នីតិកាល​ទី​៦​នេះឡើយ​។ មានតែ​គណបក្សកាន់អំណាច រួមទាំង​គណបក្ស​១៩​ទៀត​ប៉ុណ្ណោះ ដែល​បាន​យកពាក្យ​ទៅ​ដាក់​នៅ​គ​.​ជ​.​ប​.​។

​លោក សម រង្ស៊ី បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​។ លោក បាន​ហៅ​ការបោះឆ្នោត ដែល​គ្មាន​គណបក្សប្រឆាំង ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ ហើយ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់​។ 

​បញ្ច្រាស់​ពី​លោក សម រង្ស៊ី និង​ក្រុមប្រឆាំង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ ប្រធាន​គណបក្សកាន់អំណាច ចាត់ទុក​ការអំពាវនាវ​របស់លោក សម រង្ស៊ី និង​ក្រុម​អ្នកប្រឆាំង ថា​ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់ និង​ជាការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ចំណែក​គ​.​ជ​.​ប​.​បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ចំពោះ​ក្រុម​ណា​ដែល​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ ក្រោយ​មាន​សំណើ​ពី​គ​.​ជ​.​ប​. ក្រសួងមហាផ្ទៃ ក៏​ព្រមាន​ប្តឹងទៅ​តុលាការ ដើម្បី​សុំ​ឲ្យ​បិទ​សិទ្ធិ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​រយៈពេល​៥​ឆ្នាំ​បន្ថែមទៀត និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដែល​មាននៅ​កម្ពុជា​៕


Tag:
 បោះឆ្នោត​
  សម រង្ស៊ី​
  ព្រះមហាក្សត្រ​
  សុខ ឥសាន​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com