អន្តរជាតិ
ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​សន្យា​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​យកឈ្នះ​ទណ្ឌកម្ម​អាមេរិក​
25, May 2018 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​ស្បថ​ចូលកាន់​តំណែង​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ខែឧសភា​ម្សិលមិញ​។ ក្នុងពេល​ស្បថ​នោះ​លោក បាន​សន្យា​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ដោះលែង​អ្នកទោសនយោបាយ និង បង្កើន​ការ​បូម​យក​ប្រេង​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​វិញ​។ អ្វីដែល​សំខាន់​លោក​សន្យាថា នឹង​យកឈ្នះ​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា​ឲ្យ​បាន​​ក្រោយ​ជាប់ឆ្នោត​ជាថ្មី​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​ចូលកាន់​តំណែង​ជាថ្មីទៀត​ជា​ប្រធានាធិបតី វេ​ណេ​ស៊ុយ​អេ​ឡា ស្រប​ពេលដែល​វិបត្តិ​សេដ្ឋកិច្ច​ចេះតែ​ដុនដាប​ទៅ​។



​ក្នុងពេល​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ លោក ម៉ា​ឌូ​រ៉ូ បាន​ផ្តោត​សំខាន់​លើ​បញ្ហា​ជាច្រើន​ជាពិសេស​ប្តេជ្ញា​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​លំបាក​វេទនា​ផង​នោះ​។ លោក​ក៏បាន​បង្ហាញ​សារ​នយោបាយ​មួយចំនួន​ដែល​ហាក់​មាន​គោលដៅ​ផ្សះផ្សា​ជាតិ​ផងដែរ ខណៈដែល​បក្សប្រឆាំង​បន្ត​ទិតៀន​និង​ចាត់ទុក​ការបោះឆ្នោត​ជា​រឿង​មិន​ស្របច្បាប់​។ វា​នឹង​រួមចំណែក​ធានា​សន្តិភាព ស្ថិរភាព វិបុលភាព និង​សុភមង្គល​ប្រជាជន​ផងដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​រដ្ឋ​អាមេរិក​ឡាទីន​រូបនេះ​បាន​អះអាង​ចំពោះមុខ​មន្ត្រី​រដ្ឋាភិបាល និង​យោធា​ថា រដ្ឋាភិបាល​លោក​នឹង​កែតម្រូវ​គោលនយោបាយ​សេដ្ឋកិច្ច​ដើម្បី​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​ដែល​កំពុង​ខ្ទេចខ្ទាំ​។ រដ្ឋាភិបាល​លោក​អាច​ស្វែងរក​ជំនួយ​ពី​ប្រទេស​ជា​មិត្ត និង​ប្លុក​ប្រេង OPEC ផង​ដើម្បី​ធានាថា វេ​ណេ​ស៊ុយ​អេ​ឡា​នឹង​ផលិត​ប្រេង​បាន​ទ្វេដង​។  

«​យើង​ត្រូវការ​កែតម្រូវ​មួយ​ដ៏​ចម្បង​។ យើង​ត្រូវធ្វើ​កិច្ចការ​ច្រើន​ដែល​ថ្មី និង​ប្រសើរ​ជាង​មុន​។ យើង​មិន​បានធ្វើ​ល្អ​គ្រប់គ្រាន់​ឡើយ ហើយ​យើង​ត្រូវ​ផ្លាស់ប្តូរ​ប្រទេស​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ា​ឌូ​រ៉ូ មុន​បន្ត​ទទួលស្គាល់ថា ទណ្ឌកម្ម​អាមេរិក​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា​លំបាក​ជាង​មុន​ជា​ពិស​ស​ការផលិត​និង​នាំចេញ​ប្រេង​។ ប៉ុន្តែ​លោក​ក៏​ឆ្លៀត​ប្តេជ្ញាចិត្ត​ចំពោះ​ជនរួមជាតិ​ដែរ​ថា លោក​នឹង​ប្រឹង​យកឈ្នះ​ទណ្ឌកម្ម​នេះ​ឲ្យ​បាន​។​

​បច្ចុប្បន្ននេះ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ធ្លាប់ជា​ប្រទេស​មាន​ជាងគេ​មួយ​នៅ​អាមេរិក​ឡាទីន កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ អតិផរណា​កើនឡើង​ដល់​លើស ១៣០០០ ភាគរយ​ឯណោះ ហើយ​ប្រជាជន​ប្រឈម​កង្វះខាត​ចំណីអាហារ​បរិភោគ និង​ឱសថ​សម្រាប់​ប្រើប្រាស់​ទៀត​។

​ដោយឡែក ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ ស្រប​ពេលដែល​តម្លៃ​ប្រេង​ឆៅ​កំពុង​ងើបក្បាលឡើង​វិញ​នោះ លោក ម៉ា​ឌូ​រ៉ូ បាន​ឆ្លៀត​ប្រាប់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រេង​ឲ្យ​ជំរុញ​ការ​បូម​ប្រេង​ឲ្យ​បាន​ទ្វេដង​ថែមទៀត​។

​ប្រធានាធិបតី​រូបនេះ​ចង់​បង្កើន​ការផលិត​ឲ្យ​បាន ១​លាន​បារ៉ែល​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នោះ​ហើយ​លោក​បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​លោក​ស្វែងរក​ជំនួយ​ពី OPEC និង​ប្រទេស​មហាអំណាច​ដូចជា​រុស្ស៊ី ចិន និង​រដ្ឋ​សេដ្ឋី​ប្រេង​អារ៉ាប់​ផងដែរ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​បូម​ប្រេង​នេះ​ផង​។

​បើទោះបីជា​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​ប្រទេស​ដែលមាន​ប្រេង​បម្រុង​ច្រើនជាងគេ​នៅលើ​ពិភពលោក​ក៏ដោយ ក៏​ប្រទេស​នេះ​មិនអាច​បូម​ប្រេង​បាន​ច្រើន​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ដែរ ដោយសារ​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​។ វេ​ណេ​ស៊ុយ​អេ​ឡា​អាច​បូម​ប្រេង​បានជា​មធ្យម​ត្រឹម ១,៥​លាន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ហើយ​នៅត្រឹម​ខែមេសា​ប្រេង​ដែល​បូម​បាន​នោះ​ធ្លាក់​មក​ត្រឹម ១,៤ លាន​បារ៉ែល​ប៉ុណ្ណោះ​។​

​ដាច់ដោយឡែក​ពី​សេដ្ឋកិច្ច លោក ម៉ា​ឌូ​រ៉ូ បាន​សន្យា​ធានា​ផ្សះផ្សា​ជាតិ​ដោយ​ដោះលែង​អ្នកទោសនយោបាយ​ណា​ដែល​មិន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ពេក ហើយ​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ចាប់ពី​ពេល​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កើតឡើង​តាំងពី​ឆ្នាំ ២០១៤​មក​នោះ​៕


Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​
  អាមេរិក​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com