អន្តរជាតិ
នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ គាំទ្រ ដូ​ណា​ល់ ត្រាំ ដែល​លុបចោល​ជំនួប​កំពូល​ជាមួយ គីម ជុង​អ៊ុន​
25, May 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​ជប៉ុន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់​ត្រាំ ក្នុងការ​លុបចោល​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។ លោក​បាន​សន្យា​បន្ត​ដាក់​សម្ពាធ​ឲ្យ​ដល់​កម្រិត​អតិបរមា​លើ​កូរ៉េខាងជើង​ដើម្បី​ឲ្យ​របប​នេះ​បោះបង់​កម្មវិធី និង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅពេល​ខាងមុខ​ដែរ​។​



​ស្ថិតក្នុង​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន​នៅ​ថ្ងៃ​សុក្រ​ទី ២៥ ខែឧសភា​នេះ  នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បានប្រកាស​ពេញៗ​មាត់​ថា​លោក​គាំទ្រ​ពេញទំហឹង​ចំពោះ​ការលុបចោល​កិច្ចប្រជុំ​កំ​ពូ​ងរ​វាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​ខែក្រោយ​នោះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ក្រៅពី​គាំទ្រ​ការសម្រេចចិត្ត​របស់លោក ត្រាំ លោក អា​បេ ក៏បាន​បញ្ជាក់​ផងដែរ​ថា​លោក​ចង់​ជជែក​ជាមួយ​លោក ត្រាំ តាម​ទូរ​សព្ទ​ផងដែរ​ជុំវិញ​បញ្ហា​ដែល​កំពុង​កើតឡើង​នោះ​។ ប៉ុន្តែ​លោក​បាន​ធានាថា រដ្ឋាភិបាល​លោក​នឹង​បន្ត​ប្រើប្រាស់​ទណ្ឌកម្ម​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​ប្តូរ​ឥ​រិ​យ​បថ​របស់ខ្លួន​ដូចគ្នា​។

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន Taro Kono ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ម៉ិ​ក​ស៊ិ​ក​ក៏បាន​អះអាង​ផងដែរ​ថា​លោក​គាំទ្រ​ចំពោះ​ការលុបចោល​កិច្ចប្រជុំ​។ នេះ​ក៏ដោយ​សារ វា​ជា​រឿង​គ្មាន​ន័យ​បន្តិច​សោះ បើសិនជា​កិច្ចប្រជុំ​នេះ​រៀបចំ​ទៅហើយ​គ្មាន​សម្រេចបាន​ផ្លែផ្កា​នោះ​។

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការដាក់​សម្ពាធ​នេះ លេខា​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង​នឹង​បន្ត​ប្រើប្រាស់​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ហើយ​ជប៉ុន​នឹង​បន្ត​តាមដាន​ស្ថានការណ៍​យ៉ាង​ប្រុងប្រយ័ត្ន​ជាទីបំផុត​ដែរ​។​

​តាមពិតទៅ ជប៉ុន​ធ្លាប់​បង្ហាញ​ក្តី​សង្ឃឹមថា វា​នឹង​នាំ​ឲ្យ​មានការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​ពេល​កិច្ចប្រជុំ​រវាង​លោក ត្រាំ និង​លោក គីម ជុង​អ៊ុន កើតឡើង​នៅ​ខែក្រោយ​។ ហើយ​កន្លងមក​ជប៉ុន​ក៏​ធ្លាប់​ទទូច​ឲ្យ​អាមេរិក​លើកយក​បញ្ហា​ចាប់​ជម្រិត​ជនជាតិ​ជប៉ុន​ដោយ​កូរ៉េខាងជើង​ចាប់ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៨០ ផងដែរ ពេលដែល​ជួប​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​នោះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Itsunori Onodera ឯណោះ​វិញ​ក៏បាន​បង្ហើប​ដែរ​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក រួមទាំង​ប្រទេសជិតខាង​កូរ៉េខាងត្បូង​ដើម្បី​ដាក់​គំនាប​លើ​កូរ៉េខាងជើង និង​ឃ្លាំមើល​ការដឹកជញ្ជូន​ទំនិញ​ផងដែរ​។ លោក​សង្ឃឹមថា កូរ៉េខាងជើង​នឹងធ្វើ​សកម្មភាព​ច្បាស់លាស់​ក្នុងការ​បោះបង់​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ផងដែរ​៕


Tag:
 ស៊ីន​ហ្សូ អា​បេ​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com