ជាតិ
ក្រោយករណីពុលនៅក្រចេះ រដ្ឋមន្ត្រីកសិកម្ម បញ្ជាឲ្យផ្អាកចែកចាយថ្នាំកម្ចាត់ស្មៅ
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឲ្យផ្អាកនាំចូល និងចែកចាយថ្នាំកម្ចាត់ស្មៅជាបណ្ដោះអាសន្ន ក្រោយពីករណីពុលនៅខេត្តក្រចេះ ស្រុកចិត្របុរី ឃុំកន្ទួត ដែលមានការសង្ស័យលើការប្រើប្រាស់ថ្នាំកសិកម្មដែលខុសច្បាប់។
យោងតាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក វេង សាងខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី២៥ខែឧសភា ក្រុមហ៊ុនអាជីវកម្មត្រូវផ្អាកនាំចូលថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន។ ក្រសួងបន្ថែមថា ដេប៉ូផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មទាំងអស់ ត្រូវផ្អាកផ្គត់ផ្គង់ចែកចាយថ្នាំកម្ចាត់ស្មៅជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការត្រួតពិនិត្យពីមន្ទីរកសិកម្ម រាជធានីខេត្ត ដែលមានសមត្ថកិច្ចជំនាញ។
លិខិតខាងលើនេះបានឲ្យដឹងទៀតថា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រាជធានីខេត្ត ត្រូវចុះស្រាវជ្រាវ និងត្រួតពិនិត្យក្នុងករណីមានការប្រើប្រាស់ថ្នាំកសិកម្មកម្ចាត់ស្មៅ ត្រូវធ្វើការណែនាំទៅតាមវិធានបច្ចេកទេសដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ។
កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចដែលប្រចាំការនៅតាមមាត់ច្រកព្រំដែនអន្តរជាតិ ច្រករបៀង និងច្រកផ្សេងៗទៀត ត្រូវរួមសហការទប់ស្កាត់ការនាំចូលខុសច្បាប់នូវថ្នាំកសិកម្មគ្រប់ប្រភេទ។ នេះបើតាមលិខិតដដែល។
ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងម្ចាស់កសិកដ្ឋានទាំងអស់ដែលនាំចូលថ្នាំកសិកម្មទៅប្រើប្រាស់នៅលើដីសម្បទានសេដ្ឋកិច្ច និងកសិដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ជូនក្រសួងកសិកម្ម ដើម្បីចុះត្រួតពិនិត្យ និងណែនាំបច្ចេកទេសក្នុងការប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com